29 C
Phnom Penh

សកម្មជន​និង​សាធារណជន​រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​ឱ្យ​ពិភពលោក​បាន​ឃើញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​មាតា​ធម្មជាតិ និង​សាធារណជន រិះគន់​ក្រសួង​ទេសចរណ៍​ដែល​មិន​ផុស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ដើម្បី​ឲ្យ​ពិភពលោក​បាន​ឃើញ បាន​ចាត់ទុក​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម​ទំព័រ​ហ្វេសប៊ុក​ទាំង ២៨​ក្រសួង​ស្ថាប័ន​នៅ​កម្ពុជា។

ការ​រិះគន់​នេះ បន្ទាប់ពី​ពួកគេ​សង្កេត​ឃើញ​ថា​ទំព័រ​ហ្វេស៊បុក​របស់​ក្រសួង​ទេសចរណ៍​ផ្សព្វផ្សាយ​តែ​រឿង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ប្រជុំ​ផ្ទៃក្នុង និង​ទៅ​ទស្សនកិច្ច ឬ​ជួប​ជាមួយ​តំណាង​បណ្ដា​ប្រទេស​ផ្សេងៗ។ ក្រៅពី​រឿង​ប្រជុំ​ហើយ ផេក​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ គឺ​បង្ហោះ​រឿង​សារ​ជូនពរ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Srey Roth បាន​ចាត់ទុក Facebook Page របស់​ក្រសួង​ទេសចរណ៍ ថា​ជា​ផេក​ដែល​អត់​ប្រយោជន៍​ជាងគេ​នៅ​ក្នុង​ចំណោម Facebook Page ទាំង ២៨ ក្រសួង​ស្ថាប័ន​នៅ​កម្ពុជា។

ប្រភព​ដដែល​ថា ក្នុង​មួយ​ថ្ងៃៗ Facebook Page ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​មិន​ដែល​ឃើញ​ផុស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​នានា​របស់​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ឃើញ​នោះ​ទេ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រូប​នេះ​ថា​ការ​ដែល​ខ្លួន​រិះគន់​ក្រសួង​ទេសចរណ៍ ដើម្បី​ផលប្រយោជន៍​រួម​ប៉ុណ្ណោះ បើ​ទោះបីជា​ការ​រិះគន់​នេះ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​អ្នក​ពូកែ​ទើស និង​ចាំ​តែ​រិះគន់​ក៏ដោយ។

ចំណែក​ឈ្មោះ មករា ង៉ែត បាន​លើកឡើង​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្រសួង​មាន​ផេក ប៉ុន្តែ​បែរ​ជា​មិន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ដេក​តែ​ស៊ី​ប្រាក់ខែ ខណៈ​ព្រះតេព្រះជគុណ San Mengly មាន​ថេរ​ដីកា​ដែរ​ថា ផេក​ក្រសួង​ទេសចរណ៍​ស្រុក​ខ្មែរ មួយ​ថ្ងៃៗ​បង្ហោះ​តែ​សកម្មភាព​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​ទើប​ឡើង​ថ្មី​តែប៉ុណ្ណោះ ផ្ទុយ​ពី​ក្រសួង​ទេសចរណ៍​នៅ​ប្រទេស​ថៃ និង​វៀតណាម។

ព្រះអង្គ​មាន​ដីកា​ថា ក្រសួង​ទេសចរណ៍​ប្រទេស​ថៃ ក្រសួង​ទេសចរណ៍​ប្រទេស​វៀតណាម មួយ​ថ្ងៃៗ​ឃើញ​គេ​បង្ហោះ​តែ​កន្លែង​ទេសចរណ៍​ថ្មីៗ ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

សកម្មជន​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ក្រសួង​ទេសចរណ៍​គួរ​ធ្វើការ​ពិនិត្យ​ឡើងវិញ​ចំពោះ​ចំណុច​ខ្វះ​ចន្លោះ​របស់​ក្រសួង ទាក់ទិន​នឹង​ការ​មិន​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​នៅ​លើ Facebook Page របស់​ក្រសួង។ កញ្ញា​ថា ការ​ផ្សព្វផ្សាយ​នេះ មិន​ត្រឹមតែ​ជួយ​ដល់​សហគមន៍​ក្នុង​ការ​ទទួល​បាន​ចំណូល​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​បាន​ស្គាល់​ផង​ដែរ។

កញ្ញា​សង្កេត​ឃើញ​ថា ការ​បែងចែក​ការងារ​រវាង​ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​ដាច់ ដោយ​ពេល​ខ្លះ ក្រសួង​បរិស្ថាន​ធ្វើការ​ជំនួស​ក្រសួង​ទេសចរណ៍​រហូត​ដល់​ក្រសួង​ទេសចរណ៍​លែង​ធ្វើការ​ក៏​មាន​ដែរ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​តំបន់​អេកូ​ទេសចរណ៍។

ជា​ធម្មតា ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ទាំង​ខ្មែរ និង​បរទេស នៅ​ពេល​ចង់​ទៅ​លេង​តំបន់​ណា​មួយ ពួកគាត់​តែងតែ​ឆែក​មើល Facebook Page ក្រសួង ប៉ុន្តែ​បើ​ក្រសួង​បង្ហាញ​តែ​សកម្មភាព និង​មុខ​ថ្នាក់​ដឹកនាំ​បែប​នេះ តើ​ចង់​ឲ្យ​ពួកគាត់​ទៅ​លេង​ផ្ទះ​ថ្នាក់​ដឹកនាំ ឬ​ប្រាសាទ​អង្គរវត្ត តំបន់​អេកូ​ទេសចរណ៍ និង​កោះកុង​ក្រៅ ជាដើម?

កញ្ញា​ចាត់ទុក​ការ​មិន​ផ្សព្វផ្សាយ​នេះ ថា​ជា​ចំណុច​អសកម្ម​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ដូច្នេះ​កញ្ញា​សង្ឃឹម​ថា ក្រសួង​ទេសចរណ៍​នឹង​ពិនិត្យ​ចំពោះ​រឿង​នេះ​ឡើងវិញ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​នានា​នៅ​លើ Facebook Page និង​គេហទំព័រ​របស់​ក្រសួង ដោយ​មិន​ត្រូវ​បង្ហោះ​តែ​មុខ និង​សកម្មភាព​កិច្ចប្រជុំ​ដើម្បី​តែ​លើក​មុខមាត់​ថ្នាក់​ដឹកនាំ​ឡើយ។

កញ្ញា ភួន កែវរស្មី ថា​បើសិនជា​វិស័យ​ទេសចរណ៍​ធ្លាក់​ចុះ វា​បង្ហាញ​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ថ្មី និង​ប៉ះពាល់​ដល់​ចំណូល​ជាតិ​ផង​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន ៥​សែន​នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប​ប្រមាណ​ជាង ១២​លាន​នាក់។

របាយការណ៍​ដដែល​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង ២​លាន ៥​សែន​នាក់​នោះ ដែល​ចំនួន​នេះ ក្រសួង​ថា​បាន​កើនឡើង ១២០% ធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ចេញ​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​ទៅ​ប្រទេស​ថៃ ចាប់ពី​ខែ​មករា មក​ដល់​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ បាន​កើន​ឡើង​ដល់ ១៥​លាន​នាក់ ដែល​មាន​កំណើន ៣៨៤% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ កន្លង​ទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស