28.4 C
Phnom Penh

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ក្តាប់​អំណាច​បញ្ជា​ពី​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បដិសេធ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិត​មែន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ជួយ​រំលត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត នោះ​ទេ។

លោក ហ៊ុន សែន ដែល​កំពុង​ក្តោប​ក្តាប់​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​នៅ​ក្នុង​ដៃ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា សង្គ្រាម​រ៉ាំរ៉ៃ​របស់​កម្ពុជា​ដែល​បាន​ឆេះ​ឡើង​រាប់​រយ​ឆ្នាំ មិន​មែន​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ដោយ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ប៉ុណ្ណោះ​នៅ​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ស្គាល់​នូវ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រហូត​ដល់​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ចំ​ពេល​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ កន្លង​ទៅ​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៣ ថា រយៈពេល ៣២​ឆ្នាំ​កន្លង​មក​នេះ គោលការណ៍​គ្រឹះ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ជាដើម មិន​ត្រឹមតែ​មិន​ត្រូវ​បាន​គោរព និង​អនុវត្ត​ទេ តែ​បែរ​ជា​ត្រូវ​បាន​ជាន់​ឈ្លី​ដោយ​រដ្ឋាភិបាល​ក្រោម​បង្គាប់​របស់​លោក ហ៊ុន សែន ទៅ​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ ត្អូញត្អែរ​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ និង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​រំលោភ​បំពាន​ជា​បន្តបន្ទាប់ និង​រំលាយ​ចោល​ទាំងស្រុង​ដោយ​មេដឹកនាំ​ក្រាញ​អំណាច​លោក ហ៊ុន សែន ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី ៦​ឆ្នាំ​មុន​នោះ។

គណបក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​នៅ​ក្រៅ​ស្រុក បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​មួយ ដោយ​លុបបំបាត់​ចោល​សំឡេង​ប្រឆាំង​ជិត ២​លាន​នាក់​មិន​ឲ្យ​មាន​ជម្រើស​តាមរយៈ​ការ​បំបិទ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ពិតប្រាកដ​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​នោះ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​រំលាយ​ទាំង​អយុត្តិធម៌​កាលពី​ឆ្នាំ​២០១៧ អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​សហគមន៍​អន្តរជាតិ​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​អន្តរជាតិ​នេះ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ធានា​អព្យាក្រឹតភាព និង​ឯករាជភាព​របស់​ប្រទេស​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន តែង​អះអាង​ដដែលៗ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ បាន​ស្លាប់​ជា​ខ្មោច​បាត់​ទៅ​ហើយ ព្រោះ​ថា​ភាគី​ខ្មែរក្រហម និង​សហភាព​សូវៀត​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ បាន​រលំ​រលាយ​អស់​ហើយ ដូច្នេះ​បើ​ចង់​ឱ្យ​កិច្ចព្រមព្រៀង​នេះ​រស់​ឡើង​វិញ ទាល់តែ​ឱ្យ​ភាគី​ខ្មែរក្រហម​រស់​ឡើង​វិញ​ដែរ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៣ តំណាង​សមាគម សហគមន៍ សហព័ន្ធ​សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៣២ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា ក្រោម​ប្រធានបទ«លើក​កម្ពស់​ស្មារតី និង​កាតព្វកិច្ច​របស់​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស» នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ១០០០​នាក់ ដើម្បី​បង្ហាញ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​មាន​ជីវិត និង​នៅ​តែ​ធរមាន​នៅឡើយ។

ចំណែក​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅតែ​មាន​សុពលភាព​រស់​រវើក​មក​ដល់​បច្ចុប្បន្ន​នេះ ដូច្នេះ​សមាជិក​ហត្ថលេខី​ទាំងអស់​មាន​កាតព្វកិច្ច​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជា​រៀង​រហូត។

លោក សម រង្ស៊ី បញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ គឺជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ ហើយ​ក៏​ជា​មូលដ្ឋាន​ច្បាប់​ដើម្បី​ធានា​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ដែរ ក្នុង​បំណង​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​បាន​ស្គាល់​សេរីភាព និង​យុត្តិធម៌ ក្រោម​របប​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និង​ពិតប្រាកដ។

ដោយឡែក​គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​លើក​ទី​៣២​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា គណបក្ស​កម្លាំង​ជាតិ មើល​ឃើញ​ថា ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​ថា​សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ និង​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ​នៅឡើយ ដែល​កំពុង​កើត​មាន​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ភាព​អយុត្តិធម៌​សង្គម​សព្វថ្ងៃ​នេះ។

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ទូលំ​ទូលាយ ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​សន្ទនា​សម្របសម្រួល​ដោះលែង​មេដឹកនាំ និង​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សហជីព សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន ដើម្បី​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​ពិតប្រាកដ ឈាន​ទៅ​រក​ការ​រួបរួម​គ្នា​បម្រើ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ទៅ​ថ្ងៃ​មុខ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅតែ​មាន​សុពលភាព ហើយ​ប្រទេស​ហត្ថលេខី​មិន​អាច​បដិសេធ​នឹង​កាតព្វកិច្ច​នានា​របស់​ខ្លួន​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស