សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បើកសវនាការសំណុំរឿង «ញុះញង់ និងបរិហារកេរ្តិ៍» លើសកម្មជនដីធ្លីនៅខេត្តកោះកុង ចំនួន ៩នាក់ ពាក់ព័ន្ធនឹងករណីទាមទារដំណោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយឧកញ៉ា ហេង ហ៊ុយ នៅថ្ងៃទី២៦ តុលា នេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរលើហ្វេសប៊ុកនាថ្ងៃទី២៥ ខែតុលា នេះថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នឹងបើកសវនាការសំណុំរឿងតំណាងសហគមន៍ដីធ្លី ១៩៧គ្រួសារនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២៦ ខែតុលា នេះ។
តំណាងសហគមន៍ដីធ្លី ១៩៧គ្រួសារ ដែលនឹងត្រូវចូលរួមសវនាការ ក្នុងនោះមានអ្នកស្រី ដេត ហួរ អ្នកស្រី កើត នៅ អ្នកស្រី អិប តឹង អ្នកស្រី អិន ធូ លោក គង់ ម៉ែន លោក ឆាន់ ឈឿន លោក ពួ ហួន លោក សុខ ជៃ និងលោក ហេង ជៃ។
អ្នកទាំង ៩នាក់ត្រូវបានសាលាដំបូងខេត្តកោះកុង កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានចេញសាលក្រមផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៣១១, ៣១២, ៤៩៤ និង ៤៩៥។
ក្រៅពីកាត់ទោសហើយ តុលាការខេត្តកោះកុង បានបង្គាប់ឲ្យតំណាងសហគមន៍ដីធ្លីទាំង ៩នាក់សងសំណងរដ្ឋប្បវេណីចំនួន ៤០លានរៀលទៅដើមបណ្ដឹងរដ្ឋប្បវេណីផងដែរ ខណៈជនជាប់ចោទមួយរូបផ្សេងទៀត អ្នកស្រី អើប វី ដែលត្រូវបានសាលាដំបូងផ្ដន្ទាទោសដូចគ្នាដែរនោះ ត្រូវបានទទួលការព្យួរទោស។
ការផ្ដន្ទាទោសលើតំណាង ៩នាក់នៃពលរដ្ឋ ១៩៧គ្រួសារមកពីឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បន្ទាប់ពីពួកគេបន្តចេញតវ៉ា និងស្វែងរកការអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នរដ្ឋផ្សេងទៀតឲ្យជួយដោះស្រាយបញ្ហារឿងវិវាទដីធ្លីរបស់ពួកគេ ដែលពួកគេថាត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ២០០៧៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

