អង្គការសមាគមធាងត្នោត អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួន តាមរយៈសន្និបាតទិវាទីក្រុងពិភពលោក ដើម្បីអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ក្នុងគោលបំណងលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុង និងស្វែងរកវិធីកែលំអទីក្រុងឱ្យកាន់តែប្រសើរឡើងនាថ្ងៃអនាគត។
អង្គការសមាគមធាងត្នោត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមទិវាទីក្រុងពិភពលោក កាលពីថ្ងៃអង្គារ ទី៣១ តុលា ថា ប្រទេសកម្ពុជាបានទទួលយកនូវរបៀបវារៈចំនួន ១៧ ក្នុងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
ប្រភពដដែលបន្ថែមថា ការអភិវឌ្ឍទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព គឺជាគោលការណ៍មួយដ៏សំខាន់ក្នុងចំណោមគោលការណ៍ផ្សេងទៀតដែលប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តនោះ។
អង្គការសមាគមខាងលើលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងរបៀបវារៈដែលប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តសម្រាប់ទិវាទីក្រុងពិភពលោក ឆ្នាំ២០២៣ នេះ រដ្ឋាភិបាលត្រូវតែលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជន ជាពិសេសសហគមន៍ក្រីក្រដែលងាយរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា ឱ្យពួកគេអាចចូលរួមដំណើរការនៃការអភិវឌ្ឍទីក្រុងដោយមិនទុកពួកគេចោល។
អង្គការសមាគមធាងត្នោត ទាមទារឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកធ្វើផែនការអភិវឌ្ឍន៍ទីក្រុង ចាំបាច់ត្រូវតែឱ្យមានការចូលរួមពីសហគមន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធសាស្ត្រ ព្រមទាំងមានយន្តការតាមដានដើម្បីបង្កើតទីក្រុងប្រកបដោយភាពល្អត្រឹមត្រូវ ដែលនឹងទទួលបានផលប្រយោជន៍ទាំងសងខាង ទាំងពលរដ្ឋ និងរាជរដ្ឋាភិបាលសម្រាប់ថ្ងៃអនាគត។
ថ្ងៃទី៣១ ខែតុលា គឺជាទិវាទីក្រុងពិភពលោក ដែលត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ២០១៣ ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងគោលបំណងលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុង ហើយក៏ជាថ្ងៃដែលបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងទីក្រុងនានានៅលើសកលលោកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
ទាក់ទិននឹងបញ្ហានេះ ទិន្នន័យសង្គមស៊ីវិលបានលាតត្រដាងថា កម្ពុជាដែលក្រោមការដឹកនាំរបស់រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យមានកំណើនសំណង់អគារខ្ពស់ៗ ដូចជា អគារខុនដូ បុរី និងទីក្រុងរណបនានាក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ។
ប៉ុន្តែ បើទោះបីជាការអភិវឌ្ឍរំលេចចេញនូវអគារច្រើនស្អេកស្កះក៏ដោយ ក៏រាជធានីភ្នំពេញនៅតែមានសហគមន៍ក្រីក្រងាយរងគ្រោះប្រមាណជិត ២០០ទីតាំងនៅឡើយ (១៩១ទីតាំង) ក្នុងឆ្នាំ២០២៣ នេះ ដែលពួកគេមិនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ។ ជាក់ស្តែង សហគមន៍ក្រីក្រទាំងនេះមិនមានលំនៅឋានសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា ទឹកស្អាតសម្រាប់ប្រើប្រាស់ បង្គន់អនាម័យ និងសុវត្ថិភាពដីធ្លី ជាដើម។
កាលពីឆ្នាំ២០១៥ អង្គការ យូនីសេហ្វ (UNICEF CAMBODIA) បានរកឃើញសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញមានចំនួនជាង ៥០០កន្លែង (៥១៦កន្លែង) ប៉ុន្តែនៅអំឡុងឆ្នាំ២០១៧ អង្គការសមាគមធាងត្នោត បានរកឃើញថា សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញបានថយចុះមកនៅត្រឹម ២៧៧កន្លែង ខណៈឆ្នាំ២០២៣ នេះ គឺបានថយចុះមកនៅត្រឹម ១៩១កន្លែងប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ វិច្ឆិកា នេះថា ការថយចុះនូវសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ មិនមែនដោយសារការអភិវឌ្ឍក្រុងរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ក្រីក្រទាំងនោះប្រែទៅជារីកចម្រើនទេ ប៉ុន្តែគឺដោយសារតែពួកគេត្រូវបានបណ្តេញចេញពីលំនៅឋាន ហើយទីតាំងដែលពួកគេធ្លាប់រស់នៅទាំងនោះ ត្រូវរដ្ឋាភិបាលចាក់ដីលុបដើម្បីយកទៅជួលឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគប៉ុណ្ណោះ។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នៅពេលនោះបានរំលោភយកដីបឹងកក់ទៅជួលឱ្យក្រុមហ៊ុនឯកជនរយៈពេល ៩៩ឆ្នាំ និងបានបណ្តេញប្រជាសហគមន៍ក្រីក្រដែលរស់នៅជាប់បឹងនោះទាំងបង្ខំដោយគ្មានសំណង ដូចជាសហគមន៍បុរីកីឡា សហគមន៍សំបុកចាប សហគមន៍បឹងកក់ និងសហគមន៍ជាច្រើនផ្សេងៗទៀត ដែលធ្វើឱ្យពួកគេចាកចេញពីទីតាំងដែលខ្លួនធ្លាប់រស់នៅដោយរប៉ាត់រប៉ាយ ទៅតាំងទីលំនៅក្នុងទីតាំងផ្សេងរៀងៗខ្លួន ដោយគ្មានជម្រកសមរម្យ ហើយសហគមន៍ទាំងនោះក៏ត្រូវលុបបាត់លែងរាប់បញ្ចូលរហូតដល់ពេលនេះ ដូច្នេះហើយបានជាសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញត្រូវបានកាត់បន្ថយបែបនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ ដោយបណ្តេញសហគមន៍ក្រីក្រចេញពីលំនៅឋានដូចសហគមន៍ក្រីក្រក្នុងតំបន់បឹងកក់ដែរ ក្រោមលេសអភិវឌ្ឍ ដូចជាប្រជាសហគមន៍ក្រីក្រដែលរស់នៅជុំវិញបឹងកប់ស្រូវ ឬបឹងតាមោក កាលពីថ្មីៗនេះ ជាដើម។ ជាងនេះទៀត ប្រជាសហគមន៍ក្រីក្រដែលកំពុងរស់នៅជុំវិញបឹងនានាក្នុងរាជធានីភ្នំពេញផ្សេងទៀត ក៏កំពុងរងនូវការគំរាមកំហែងពីការបណ្តេញដូចគ្នាដែរសព្វថ្ងៃនេះ៕