38 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បង្ហោះ​និក្ខេបបទ​ជា​សាធារណៈ​តាម​ការ​ស្នើសុំ​របស់​អ្នក​កាសែត​បារាំង​ធ្វើការ​ឱ្យ the Diplomat

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្ហោះ​និក្ខេបបទ​សិក្សា​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​ដែល​បាន​សិក្សា​នៅ​ចក្រភព​អង់គ្លេស នៅ​តាម​បណ្ដាញ​សង្គម​ជា​សាធារណៈ​តាម​ការ​ស្នើសុំ​របស់​លោក David Whitehouse អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង ធ្វើការ​ឲ្យ​ទស្សនាវដ្ដី the Diplomat បើ​ទោះជា​មិន​ដឹង​ថា​ការ​ស្នើសុំ​នោះ​ធ្វើ​ឡើង​ដោយ​គោលបំណង​អ្វី​ឲ្យ​ច្បាស់លាស់​ក៏ដោយ។

នៅ​យប់​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្ហោះ​និក្ខេបបទ​សិក្សា​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​របស់​លោក ក្រោយ​ពេល​ដែល​លោក David Whitehouse អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង បាន​សរសេរ​លិខិត​ចំហ​មួយ​ច្បាប់​ដាក់​ជូន​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ស្នើសុំ​ចម្លង​និក្ខេបបទ​របស់​លោក។

លោក David Whitehouse អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង បាន​អះអាង​នៅ​ក្នុង​លិខិត​ចំហ​ផ្ញើ​ជូន​អង្គភាព​ព័ត៌មាន​នាយករដ្ឋមន្ត្រី​កម្ពុជា ថា លោក​មាន​ការ​ពិបាក​ទទួល​បាន​ការ​ចម្លង​និក្ខេបបទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​សាកលវិទ្យាល័យ Bristol បាន​បដិសេធ​មិន​បញ្ចេញ​និក្ខេបបទ​នោះ​ជាច្រើន​ដង។

តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ប្រាប់​លោក David Whitehouse ថា លោក​សូម​អរគុណ​ចំពោះ​ការ​ព្យាយាម​ស្វែងរក​និក្ខេបបទ​បញ្ចប់​ការ​សិក្សា​របស់​លោក បើ​ទោះជា​លោក ហ៊ុន ម៉ាណែត មិន​ដឹង​ថា​ការ​ស្នើសុំ​នោះ​ធ្វើឡើង​ដោយ​គោលបំណង​អ្វី​ឲ្យ​ច្បាស់លាស់។

លោក ហ៊ុន ម៉ាណែត បាន​អះអាង​បន្ត​ទៀត​ថា លោក​ពិត​ជា​សោកស្តាយ​នៅ​ពេល​ដែល​បាន​ដឹង​ថា លោក David Whitehouse មាន​ការ​លំបាក​ក្នុង​ការ​ស្នើសុំ​សេចក្តី​ចម្លង​និក្ខេបបទ​ថ្នាក់​បណ្ឌិត​នេះ​ពី​សាកលវិទ្យាល័យ Bristol។ លោក​មិន​ដឹង​អំពី​គោលការណ៍ ឬ​បទប្បញ្ញត្តិ​របស់​សាកលវិទ្យាល័យ ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង ឬ​ចែកចាយ​ឯកសារ​ស្រាវជ្រាវ​របស់​និស្សិត ដូចជា​និក្ខេបបទ​របស់​លោក​នេះ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា លោក​ក៏​មិន​ដែល​បាន​ស្នើសុំ​ឱ្យ​សាកលវិទ្យាល័យ Bristol រក្សា​និក្ខេបបទ​នេះ​ជា​ការណ៍​សម្ងាត់​នោះ​ឡើយ។ លោក​ថា គ្មាន​ហេតុផល​ណា​មួយ​ក្នុង​ការ​រក្សា​និក្ខេបបទ​របស់​លោក​ជា​ការណ៍​សម្ងាត់​ដែរ ព្រោះ​និក្ខេបបទ​នេះ​ជា​លទ្ធផល​ដែល​កើត​ចេញពី​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​វិភាគ​ជាច្រើន​ឆ្នាំ រួម​ទាំង​ការ​ពិគ្រោះ​យោបល់​ជា​ប្រចាំ​ជាមួយ​លោក​សាស្ត្រាចារ្យ Jonathan Temple។

នៅ​ក្នុង​និក្ខេបបទ​របស់​លោក ហ៊ុន ម៉ាណែត ដែល​បង្ហោះ​ជា​សាធារណៈ​នោះ បាន​សរសេរ​សម្រាប់​ថ្នាក់​អនុបណ្ឌិត​ថា «IS MARKET- ASSISTED LAND REFORM AN APPROPRIATE CHOICE FOR CAMBODIA AT THE PRESENT TIME?» ដែល​ប្រែ​ជា​ខេមរភាសា​ថា «តើ​ការ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី គឺជា​ជម្រើស​ដ៏​ល្អ​ដែល​ជំរុញ​ឱ្យ​មាន​ទីផ្សារ​សមរម្យ​សម្រាប់​កម្ពុជា​បច្ចុប្បន្ន​ដែរ​ឬ​ទេ?»។

រីឯ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​របស់​លោក​ពី​សាកលវិទ្យាល័យ Bristol បាន​សរសេរ​អំពី «What Determines the Firm Size Distribution and Structural Integration? A Cross-Country Study» ដែល​ប្រែ​ជា​ខេមរភាសា​ថា «ករណី​សិក្សា​ឆ្លង​ប្រទេស៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​កំណត់​សម្គាល់​ទំហំ​សហគ្រិន និង​ការ​រៀបចំ​រចនាសម្ព័ន្ធ?»។

ទាក់ទង​នឹង​បញ្ហា​និក្ខេបបទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា កន្លង​ទៅ លោក សម រង្ស៊ី បាន​ដាក់​ការ​មន្ទិល​សង្ស័យ​អំពី​សញ្ញាបត្រ​បណ្ឌិត​ដែល​លោក ហ៊ុន ម៉ាណែត ទទួល​បាន​កាលពី​ឆ្នាំ​២០០៩ ពី​សាកលវិទ្យាល័យ Pristol ចក្រភព​អង់គ្លេស ថា​ប្រហែល​ជា​លោក ហ៊ុន ម៉ាណែត បាន​ជួល​ជនបរទេស​ឲ្យ​សរសេរ​និក្ខេបបទ (Thesis) មួយ​ដែល​មិន​ពាក់ព័ន្ធ​អ្វី​នឹង​ប្រទេស​កម្ពុជា។

ការ​បន្ត​រិះគន់​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត ពី​សំណាក់​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ គឺ​យោង​លើ​អត្ថបទ​សារព័ត៌មាន​មួយ​របស់​អង់គ្លេស (The Diplomat) ចុះ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ ក៏ប៉ុន្តែ​ទើប​តែ​ពេលនេះ​ទេ​ដែល​មាន​ការ​ឆ្លើយតប​ជាក់លាក់​ពី​លោក ហ៊ុន ម៉ាណែត ខណៈ​លោក​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី និង​បាន​ដាក់​គោលនយោបាយ​ស្រប​តាម​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​និក្ខេបបទ​បណ្ឌិត​សេដ្ឋកិច្ច​នៅ​អង់គ្លេស។

លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយតប​ទៅ​វិញ​ថា និក្ខេបបទ​បណ្ឌិត​របស់​លោក​មិន​អាច​ជា​ការ​បន្លំ​បាន​ទេ និង​ថា លោក សម រង្ស៊ី ប្រហែល​រៀន​មិន​ដល់​ថ្នាក់​បណ្ឌិត ទើប​មិន​យល់​ពី​ការ​ធ្វើ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ដូច្នេះ។

លោក ហ៊ុន ម៉ាណែត ពន្យល់​ថា គេ​មិន​អាច​បន្លំ​បាន​ទេ ដោយ​លោក​ឆ្លង​ជាមួយ​ទីប្រឹក្សា​ជាប់​រហូត​ក្នុង​រយៈពេល ៥​ឆ្នាំ ហើយ​លោក​បាន​ឆ្លងកាត់​ការ​ការពារ​និក្ខេបបទ​ជាមួយ​សាស្ត្រាចារ្យ​ជិត ១០​នាក់ ដោយ​មិន​មាន​វត្តមាន​ទីប្រឹក្សា​របស់​លោក​ទេ។

ដោយ​លើកឡើង​ពី​ប្រធានបទ​ស្ដីពី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ដែល​ជា​កត្តា​កំណើន​សេដ្ឋកិច្ច លោក​នាយករដ្ឋមន្ត្រី​ថា​លោក​ធ្វើ​និក្ខេបបទ​នេះ​មិន​ខុស​ទេ ដោយ​និក្ខេបបទ​នេះ​វា​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស