អតីតទាហានជាន់ខ្ពស់ក្នុងជួរកងទ័ពខ្មែរក្រហមលោក ហ៊ុន សែន ត្អូញត្អែរថា ក្នុងនាមជាឪពុក លោកមិនអាចសុំមេបញ្ជាការរបស់ខ្លួនយកសាកសពកូនប្រុសទៅបញ្ចុះឱ្យបានត្រឹមត្រូវតាមប្រពៃណីឡើយ ដែលសោកនាដកម្មនេះបានធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃ ខណៈប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មា។
អតីតមេកម្មាភិបាលខ្មែរក្រហមលោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១០ វិច្ឆិកា នេះថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត ដែលសត្វទាំងនោះមានសិទ្ធិការពារកូនខ្លួនឯងច្រើនជាងមនុស្ស ប៉ុន្តែលោកត្រូវតែទ្រាំអត់ធ្មត់ដើម្បីរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅមួយនេះ។
មេដឹកនាំដែលដឹកនាំប្រទេសតាមរបបខ្មែរក្រហមលោក ហ៊ុន សែន អះអាងថា ដើម្បីទឹកដី និងពលរដ្ឋខ្មែររាប់លាននាក់មានជីវិតរស់ លោកត្រូវតែអត់ធ្មត់ធ្វើតាមបញ្ជារបស់ពួកឃាតករ ហើយការអត់ធ្មត់នេះបានជួយឱ្យលោកអាចរួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាអតីតអ្នកទោសនយោបាយក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន គឺលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ វិច្ឆិកា នេះថា ភាពសោកសៅរបស់លោក ហ៊ុន សែន និងការធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដល់កូនប្រុសរបស់គាត់ គឺជាគុណធម៌ក្នុងនាមជាឪពុក ដែលត្រូវតែធ្វើចំពោះកូនរបស់ខ្លួន ខណៈប្រជាពលរដ្ឋខ្មែរទូទៅដែលឆ្លងកាត់របបខ្មៅងងឹតមួយនេះ ក៏មានអ្នកជួបសោកនាដកម្មឈឺផ្សាមិនខុសគ្នាប៉ុន្មានដែរ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការរំឭកពីការឈឺចាប់របស់លោក ហ៊ុន សែន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គួរតែជាមេរៀនដ៏សំខាន់សម្រាប់មេដឹកនាំកម្ពុជាគ្រប់រូបនៅពេលនេះ ព្រោះថា ប្រជាពលរដ្ឋខ្មែរសុទ្ធតែរងការឈឺចាប់ខ្លោចផ្សាដោយសារការបាត់បង់សមាជិកគ្រួសាររបស់ខ្លួនក្នុងសម័យនោះ ហើយការដឹកនាំដែលជាន់ឈ្លីជាតិសាសន៍ឯងបែបនេះ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមិនចង់ឱ្យកើតមានទៀតទេ។
អតីតអ្នកទោសនយោបាយរូបនេះបញ្ជាក់ថា ការជិះជាន់គាបសង្កត់ដើម្បីបំបិទសំឡេងរិះគន់លើរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺមិនខុសពីការដឹកនាំនាពេលអតីតកាល ដែលមេដឹកនាំគណបក្សកាន់អំណាចគ្រប់គ្នាបានឆ្លងកាត់នោះដែរ ហើយបទពិសោធន៍នៃការឈឺចាប់របស់មេដឹកនាំទាំងនោះក្នុងអតីតកាល គួរណាស់តែពួកគេយល់ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរងការគាបសង្កត់ក្រោមការដឹកនាំរបស់ខ្លួនសព្វថ្ងៃនេះ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ទោះការដឹកនាំបច្ចុប្បន្នមិនដូចរបប ប៉ុល ពត ក៏ដោយ ប៉ុន្តែការគំរាមកំហែង និងការចោទប្រកាន់ចាប់ដាក់គុកយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ បានគំរាមកំហែងដល់អ្នករិះគន់ពីការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលយ៉ាងខ្លាំង ដែលបង្ហាញឱ្យឃើញនូវការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរ ដែលការពារដោយរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អតីតមេកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ធ្លាប់គំរាមថា លោកស្តាយណាស់ដែលមិនបានសម្លាប់មេដឹកនាំបក្សប្រឆាំងដែលបានរៀបផែនការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកកាលពីពេលកន្លងទៅ។
កម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា បានបង្កើតឱ្យមានអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់រាប់មិនអស់លើសកម្មជនសង្គមល្បីៗជាច្រើននាក់ ដូចជា លោក ឈុត វុទ្ធី លោក ជា វិជ្ជា និងបណ្ឌិត កែម ឡី ជាដើម ដែលត្រូវបានបាញ់សម្លាប់យ៉ាងអយុត្តិធម៌ បន្ទាប់ពីអ្នកទាំងនោះរិះគន់ពីការដឹកនាំរដ្ឋាភិបាលឯកបក្សរបស់លោក។
ការគំរាមសម្លាប់ និងឃាតកម្មលើបណ្ឌិតបញ្ញវន្តខ្មែរដែលជាប់ពាក់ព័ន្ធនឹងមេដឹកនាំរបស់កម្ពុជារូបនេះ មិនមែនជាលើកទីមួយទេចាប់តាំងពីរដ្ឋាភិបាលវៀតណាម លើកបន្តុបរូបលោកឱ្យដឹកនាំកម្ពុជាកាលពីអំឡុងទសវត្សឆ្នាំ១៩៨០ មក ក្នុងនោះ លោក ហ៊ុន សែន ក៏បានជាប់ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមក្នុងព្រឹត្តិការណ៍បង្ហូរឈាមឆ្នាំ១៩៩៧ ដែលបានសម្លាប់កម្លាំងទ័ពរាជានិយមរាប់រយនាក់ដែលបានសារភាពចុះចាញ់នៅពេលនោះផងដែរ៕