មេដឹកនាំបក្សកាន់អំណាចដែលកងទ័ពវៀតណាមលើកបន្តុបលោក ហ៊ុន សែន ព្រមានថា ការចុះខ្សោយ ឬការបាត់បង់ឯករាជ្យ និងអធិបតេយ្យភាពជាតិ នឹងនាំមកនូវការបែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយពីជាតិសាសន៍ដទៃ។
លោក ហ៊ុន សែន លើកឡើងក្នុងមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព គឺអង្គការចាត់តាំងដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្ដូរផ្ដាច់ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្សចំពោះការរំលោភបំពានណាមួយពីបរទេសខាងក្រៅ។
លោក ហ៊ុន សែន លើកឡើងថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខាង និងបណ្តាប្រទេសលើពិភពលោកលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី គឺជាកត្តាចាំបាច់បំផុត ដើម្បីធានាដល់ការអភិវឌ្ឍ និងសន្តិភាពរបស់ជាតិ ដូច្នេះនៅគ្រប់កាលៈទេសៈ គឺត្រូវយកចិត្តទុកដាក់កសាង ថែរក្សា ពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែរឹងមាំបន្តទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា រយៈពេល ៤៥ឆ្នាំមកនេះ អង្គការចាត់តាំងរបស់បក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយមាគ៌ាដ៏ត្រឹមត្រូវ និងមានលក្ខណៈប្រាកដនិយម ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ពលរដ្ឋ។ ក្នុងន័យនេះ លោកថាការប្រកាន់យកគោលការណ៍នីតិរដ្ឋ ជាពិសេសការប្រើប្រាស់វិធានការច្បាប់ដ៏ម៉ឺងម៉ាត់ដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់ និងការទប់ស្កាត់រាល់សកម្មភាពអុជអាល ញុះញង់ បំបែកបំបាក់ បង្កើតទំនាស់ បង្កអនាធិបតេយ្យ គឺជារឿងចាំបាច់បំផុត។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៥ វិច្ឆិកា នេះថា ក្រោមការគ្រប់គ្រងរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កម្ពុជាមិនមានឯករាជភាព និងអធិបតេយ្យភាពជាតិបានទេ ពីព្រោះមេដឹកនាំខ្មែររូបនេះបានយកប្រទេសរបស់ខ្លួនទៅដាក់ជាថ្នូរជាមួយនឹងការជួយជ្រោមជ្រែងអំណាចពីវៀតណាម និងថ្នូរក្នុងការខ្ចីបុលពីប្រទេសចិន ទៅហើយនោះ ដូច្នេះកម្ពុជានៅពេលនេះ គឺប្រៀបបានកំពុងស្ថិតក្នុងមាត់ខ្លា និងមាត់ក្រពើ ដែលប្រុងនឹងលេបត្របាក់ដូច្នោះដែរ។
មន្ត្រីដដែលអះអាងថា ប្រសិនបើលោក ហ៊ុន សែន ជំទាស់នឹងផែនការរបស់វៀតណាម ដែលមានមហិច្ឆតាឈ្លានពានកម្ពុជា រដ្ឋាភិបាលវៀតណាមអាចរុះរើប្រព័ន្ធគ្រប់គ្រងប្រទេសខ្មែរដែលគេបានរៀបចំក្នុងគណបក្សប្រជាជនកម្ពុជាបានគ្រប់ពេលទាំងអស់។ នៅពេលនោះ អំណាចក្រុមគ្រួសាររបស់គាត់ ក៏មិនធានាថានឹងនៅឋិតឋេរដែរ ដូច្នេះហើយការលើកឡើងរបស់លោក ហ៊ុន សែន គឺជាអ្វីដែលគេហៅថា ប្រជាភិថុតិតែប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ចំណែកទំនាក់ទំនងជាមួយចិន ក៏មិនខុសពីវៀតណាម ប៉ុន្មានដែរ ត្បិតលោក ហ៊ុន សែន ដឹងថាក្រៅពីចិន គ្មានប្រទេសណាឱ្យកម្ពុជាខ្ចីលុយដើម្បីចិញ្ចឹមរដ្ឋាភិបាលដែលគាត់ក្តោបក្តាប់នោះទេ ស្របពេលដែលចិន ក៏ដឹងយ៉ាងច្បាស់ដែរថា កម្ពុជាមិនអាចងាកចេញពីខ្លួនបានទេចំពោះបំណុលនេះ ស្របពេលដែលប្រទេសមហាអំណាចមួយនេះក៏បានទាញយកកម្ពុជាចូលទៅក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ ដូច្នេះ ចិនក៏មានបំណងចាប់កម្ពុជាមិនលែងដែរ។
កម្ពុជានៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា អធិបតេយ្យជាតិរបស់ប្រទេសមួយនេះបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានជិតខាងយ៉ាងធ្ងន់ធ្ងរ តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនដែលលោក ហ៊ុន សែន បានចុះហត្ថលេខាកាត់ទឹកដីឱ្យរដ្ឋាភិបាលវៀតណាម នាពេលកន្លងមក ខណៈចិន ក៏កំពុងព្យាយាមច្របាច់កកម្ពុជាតាមរយៈបំណុលនៅពេលនេះដែរ។ បញ្ហានេះ ជាហេតុអាចទាញទម្លាក់កម្ពុជាទៅក្នុងស្ថានភាពខ្លួនមួយបម្រើចៅហ្វាយពីរក្នុងពេលតែមួយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ កំពុងប្រឈមនឹងចារកម្មយោធារបស់វៀតណាម ផង និងឥទ្ធិពលពង្រីកភូមិសាស្ត្រនយោបាយក្នុងតំបន់របស់ចិន យ៉ាងធ្ងន់ធ្ងរផងដែរ ក្រោមការកាច់ចង្កូតនយោបាយរបស់លោក ហ៊ុន សែន ដែលបានយកទឹកដីខ្មែរធ្វើជាវត្ថុបញ្ចាំជាមួយប្រទេសជិតខាងដើម្បីអំណាច និងបំណុល។
លោក គឹម សុខ អះអាងថា ទាំងវៀតណាម និងចិន សុទ្ធតែកំពុងសង្ស័យអំពីភាពស្មោះត្រង់របស់រដ្ឋាភិបាលកម្ពុជាចំពោះពួកគេដូចគ្នា ហើយបើកម្ពុជានៅតែបន្តដឹកនាំនយោបាយបម្រើចៅហ្វាយកុម្មុយនីស្តដែលមានមហិច្ឆតាកេងចំណេញផលប្រយោជន៍ពីកម្ពុជាដូចសព្វថ្ងៃនេះ រដ្ឋាភិបាលថ្មីដែលបន្តពូជពីឪពុកទៅកូនរបស់គណបក្សប្រជាជនកម្ពុជា ច្បាស់ជាដួលរលំមិនខានឡើយ ហើយកម្ពុជានឹងធ្លាក់ទៅក្នុងភាពអន្តរាយខ្លោចផ្សាយ៉ាងពិតប្រាកដ៕