29 C
Phnom Penh

លោក អ៊ុំ សំអាន ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​ធ្វើ​ឱ្យ​អធិបតេយ្យ​ជាតិ​ស្ថិត​ក្រោម​កណ្ដាប់ដៃ​ចិន​និង​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​លោក ហ៊ុន សែន ថា​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ធ្លាក់​ទៅ​ក្រោម​អាណានិគម​របស់​ចិន និង​វៀតណាម ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប។

លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ថា លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី និង​ឯករាជភាព​របស់​កម្ពុជា​ដោយ​ផ្ទាល់​ដៃ​របស់​គាត់ តាមរយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ស្របតាម​ខ្លឹមសារ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ក្នុង​សម័យ​ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា ហើយ​ដែល​ពេល​នោះ វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​ថា​ការ​បាត់បង់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ នឹង​នាំ​មក​នូវ​សង្គ្រាម គ្រាន់តែ​ពាក្យ​ប្រជាភិថុតិ​ប៉ុណ្ណោះ ព្រោះ​ថា​មាន​តែ​លោក ហ៊ុន សែន ម្នាក់​គត់​ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ឯករាជភាព​កម្ពុជា ហើយ​បាន​ដាក់​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​របស់​ចិន និង​វៀតណាម សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ព្រមាន​ក្នុង​មហាសន្និបាត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ ថា ការ​ចុះ​ខ្សោយ ឬ​បាត់បង់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ នឹង​នាំមក​នូវ​ការ​បែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខ​វេទនា ភាព​ឱនថយ និង​ការ​ប្រមាថ​មើលងាយ​ពី​ជាតិ​សាសន៍​ដទៃ។

លោក ហ៊ុន សែន អះអាង​ថា គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព អង្គការ​ចាត់តាំង​ដឹកនាំ​ប្រទេស​របស់​បក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​លើក​កម្ពស់​មនសិការ​ភ្ញាក់​រឭក ប្ដូរផ្ដាច់​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ឱ្យ​បាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​ពី​បរទេស​ខាង​ក្រៅ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ ត្រូវ​គេ​ដឹង​ថា ធ្លាប់​យល់ព្រម​ទទួលយក​ផែនការ «ក​៥» របស់​វៀតណាម ជា​ផែនការ​ប្រល័យ​ពូជសាសន៍​ទី​២ ដែល​បាន​បញ្ជូន​បុរស​ខ្មែរ​ភាគច្រើន​ឲ្យ​ទៅ​ជាន់​មីន​ស្លាប់​ប្រហែល ១​សែន​នាក់ ហើយ​រាប់​ពាន់​នាក់​ធ្លាក់​ខ្លួន​ពិការ​ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៨ និង​ការ​ទទួល​យក​ផែនការ​បញ្ជូន​និគមជន​វៀតណាម​ខុស​ច្បាប់​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ ជាដើម។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក ហ៊ុន សែន យល់ព្រម​នឹង​សំណើ​រដ្ឋាភិបាល​វៀតណាម ថា​នឹង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​ការ​ផ្តល់​សន្ធិសញ្ញា​បំពេញ​បន្ថែម និង​ពិធីសារ​ឆ្នាំ​២០១៩ ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លើស​ពី​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ជា​កិច្ចការ​ចាំបាច់​បំផុត និង​ត្រូវ​ធ្វើ​ជាបន្ទាន់​ថែម​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ពិតប្រាកដ គឺ​វៀតណាម​ទៅវិញ​ទេ ខណៈ​នាយករដ្ឋមន្ត្រី​ស្រមោល​របស់​ខ្មែរ គឺជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​នេះ ត្បិត​រាល់​ពេល​ផ្លាស់ប្ដូរ​មេដឹកនាំ​ធំៗ​វៀតណាម​ម្តងៗ លោក ហ៊ុន សែន តែង​សម្បទាន​ទៅ​តាម​ការ​ចង់​បាន​របស់​វៀតណាម​ជា​បន្តបន្ទាប់​រហូត​មក។

ជាក់ស្តែង កាលពី​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ដោយ​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា​នា​ពេល​នោះ។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន់ វ៉ាន់ខាយ បាន​សហការ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​ខុស​ច្បាប់ ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទាំងស្រុង។

បន្ថែម​លើ​នេះ កាលពី​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន ស៊ួនហ្វុក ជា​នាយករដ្ឋមន្ត្រី​វៀតណាម​នៅ​ពេល​នោះ បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុស​ច្បាប់​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ មួយ​ទៀត ដើម្បី​បញ្ជាក់​ពី​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម​កន្លង​មក ដែល​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ថា​នៅតែ​មាន​សុពលភាព​សម្រាប់​ប្រទេស​ទាំង​ពីរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មួយ​រូប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ក្រោម​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រទេស​កម្ពុជា​មិន​មាន​ឯករាជភាព និង​អធិបតេយ្យ​ជាតិ​នោះ​ទេ ដោយសារតែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​យក​ប្រទេស​របស់​ខ្លួន​ទៅ​ដាក់​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ពី​វៀតណាម និង​ជា​ថ្នូរ​ក្នុង​ការ​ខ្ចី​បុល​ពី​ប្រទេស​ចិន ទៅ​ហើយ ដូច្នេះ​កម្ពុជា​នៅ​ពេលនេះ គឺ​ប្រៀប​បាន​កំពុង​ស្ថិត​ក្នុង​មាត់​ខ្លា និង​មាត់​ក្រពើ ដែល​គេ​លេប​ត្របាក់​ពេល​ណា​ក៏​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស