នាយករដ្ឋមន្ត្រីខ្មែរបន្តអំណាចពីឪពុកលោក ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ដោយធានាឱ្យបានទាំងតម្លាភាព សមត្ថភាព និងគុណភាព។
លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីក្រោមអំណាចឪពុក លើកឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្របនឹងសមត្ថភាពបំពេញការងារនៅមូលដ្ឋាន ដើម្បីធានាបាននូវភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយចក្ខុវិស័យកសិកម្មរបស់កម្ពុជា។
នាយករដ្ឋមន្ត្រីខ្មែរដែលកំពុងដឹកនាំប្រទេសក្រោមផែនការឪពុកលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យយុវជនដែលដាក់ពាក្យប្រឡងធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករនៅមូលដ្ឋាន ត្រូវធ្វើការងារដោយបេះដូង ក្នុងនោះ មន្ត្រីបច្ចេកទេសដែលជ្រើសរើសទៅជួយកសិករ ត្រូវរើសអ្នកដែលចុះជួយជាក់ស្តែង មិនមែនប្រឡងយកតែក្របខ័ណ្ឌនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដាក់ផែនការជ្រើសរើសមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជាតាមរយៈនៃការពង្រឹងចំណេះដឹងកសិកម្មដល់ប្រជាពលរដ្ឋសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជាមានឃុំ-សង្កាត់ជាង ១ពាន់ឃុំ-សង្កាត់ (១៥៥០ឃុំ-សង្កាត់) ដែលធ្វើសកម្មភាពកសិកម្ម ក្នុងនោះឃុំ-សង្កាត់ប្រមាណជា ១ពាន់ឃុំ-សង្កាត់ ជាឃុំ-សង្កាត់ដែលធ្វើដំណាំស្រូវសុទ្ធ ដែលមានគ្រួសារជាកសិករប្រមាណជា ២លានគ្រួសារ។
ក្រសួងបញ្ជាក់ថា ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ទទួលបានសេវាកម្មកសិកម្ម ក្រសួងគ្រោងនឹងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១៦០០នាក់នៅទូទាំងប្រទេស ក្នុងនោះក្រសួងគ្រោងនឹងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ឱ្យបាន ២៥០នាក់នៅឆ្នាំ២០២៣ ចំនួន ៨០០នាក់នៅឆ្នាំ២០២៤ និងចំនួន ៥៥០នាក់នៅឆ្នាំ២០២៥ ផងដែរ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយរូបប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ វិច្ឆិកា នេះថា ផែនការអភិវឌ្ឍវិស័យកសិកម្មរបស់រដ្ឋាភិបាលនៅពេលនេះ គឺច្របូកច្របល់មិនត្រូវតាមលំដាប់លំដោយទេ ព្រោះថាសព្វថ្ងៃនេះ មិនមែនប្រជាពលរដ្ឋមិនចេះធ្វើកសិកម្មទេ ប៉ុន្តែមកពីរដ្ឋាភិបាលមិនធានាឱ្យបាននូវការផ្គត់ផ្គង់ទឹក ជី ដែលមានគុណភាព ថ្នាំសម្លាប់សត្វល្អិត និងសម្ភារៈដែលបម្រើឱ្យការធ្វើកសិកម្មផ្សេងទៀតឱ្យបានត្រឹមត្រូវសម្រាប់ពួកគាត់ប៉ុណ្ណោះ។
ប្រភពមន្ត្រីខាងលើលើកឡើងថា ប្រជាពលរដ្ឋដែលមានដីត្រឹម ១ហិកតារ នឹងក្លាយជាអ្នកដែលមានដី ៣ហិកតារភ្លាមៗ បើរដ្ឋាភិបាលអាចធានាការផ្គត់ផ្គង់ទឹកឱ្យពួកគាត់ធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ។ ជាងនេះទៀត បើរដ្ឋាភិបាលអាចផ្គត់ផ្គង់សម្ភារៈដែលបម្រើឱ្យវិស័យនេះក្នុងតម្លៃទាប ដូចជា ជី ថ្នាំសម្លាប់សត្វល្អិត ថ្នាំប៉ូវ និងឧបករណ៍ផ្សេងទៀត ប្រជាពលរដ្ឋក៏អាចទទួលបានប្រាក់ចំណេញខ្ពស់ដែរ។ ចំណែកបច្ចេកទេស និងបទពិសោធន៍របស់គាត់ គឺមានភាពជាក់ស្តែងជាងមន្ត្រីដែលរដ្ឋាភិបាលគ្រោងនឹងដាក់ពង្រាយទៅទៀត ដូច្នេះមានមន្ត្រីកសិកម្មឃុំ-សង្កាត់ ឬអត់ មិនមែនជាបញ្ហាចោទទេ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មខាងលើបញ្ជាក់ថា បើវិស័យកសិកម្មនៅតែរងគ្រោះដោយទឹកជំនន់នៅរដូវវស្សា និងរងគ្រោះរាំងស្ងួតនៅរដូវប្រាំង ខណៈតម្លៃជី ថ្នាំ និងសម្ភារៈកសិកម្មផ្សេងទៀតនៅតែមានតម្លៃខ្ពស់ដូចពេលកន្លងមក ទោះដាក់មន្ត្រីកសិកម្មឃុំ-សង្កាត់ក្នុងមួយឃុំ ១០នាក់ ក៏នៅតែមិនអាចជួយកសិករបានដែរ ផ្ទុយទៅវិញមានតែបំផ្លាញថវិកាជាតិប៉ុណ្ណោះ។
វិស័យកសិកម្មនៅកម្ពុជាបច្ចុប្បន្ននេះគ្មានការគ្រប់គ្រងច្បាស់លាស់ទេ គឺតែងតែជួបគ្រោះធម្មជាតិជារៀងរាល់ឆ្នាំ។ ជាក់ស្តែង កាលពីដើមខែតុលា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍របស់ខ្លួនថា ដំណាំកសិកម្មដែលបានរងការខូចខាតដោយសារគ្រោះទឹកជំនន់មានចំនួនជាង ១ពាន់ហិកតារ (១៦៨៩ហិកតារ) ខណៈលំនៅឋានរបស់ប្រជាពលរដ្ឋក៏បានរងនូវការខូចខាតដល់ទៅជិត ៣ពាន់ខ្នងផ្ទះ (២៧៨៥ខ្នងផ្ទះ) ដែលស្មើនឹងជាង ៣ពាន់គ្រួសារ (៣៤១០គ្រួសារ) ផងដែរ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម រៀបចំកិច្ចព្រមព្រៀងជាមួយកម្ពុជាលើវិស័យកសិកម្មឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ ដូចជា ការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃ ជាដើម៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

