30 C
Phnom Penh

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​កំពុង​បន្ត​ទង្វើ​ក្បត់​ជាតិ​ដូច​អាយ៉ង​វៀតណាម​លោក សឺង ង៉ុក មិញ ស្ថាបនិក​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ក្រើន​រំលឹក​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប ឱ្យ​ចងចាំ​នូវ​ប្រវត្តិ​ឫសគល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​យួន​កុម្មុយនីស្ត​បង្កើត​ឡើង​ក្នុង​បំណង​ឈ្លានពាន​យក​ទឹកដី​ខ្មែរ ព្រោះ​ថា​មក​ដល់​ពេលនេះ លោក ហ៊ុន សែន កំពុង​បន្ត​ទង្វើ​ក្បត់​ជាតិ​ខ្មែរ​ដូច​អាយ៉ង​វៀតណាម​លោក សឺង ង៉ុក មិញ ដែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​៧០ នៃ​ថ្ងៃ​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ និង​អ្នក​ស្នេហា​ជាតិ​មួយ​ចំនួន​ទៀត​បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ប្រកប​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​នៅ​ក្រៅ​ស្រុក​លោក សម រង្ស៊ី លើកឡើង​ថា ទោះបី​កម្ពុជា​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​នោះ​ហើយ​ក៏ដោយ ក៏​កងទ័ព​យួន​កុម្មុយនីស្ត​របស់​វៀតណាម ដែល​គេ​ហៅថា​កងទ័ព​វៀតមិញ ដែល​បាន​មក​វាយ​លុកលុយ​ប្រទេស​កម្ពុជា​តាំងពី​ចុង​ទសវត្សរ៍​១៩៤០ មក ក្រោម​លេស​ថា ជួយ​ដេញ​អាណានិគម​និយម​បារាំង​នោះ នៅតែ​មិន​ព្រម​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ។

ជាង​នេះ​ទៀត កងទ័ព​យួន​កុម្មុយនីស្ត​វៀតមិញ ទាំងនោះ បាន​យក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ពេល​នោះ​គណបក្ស​នេះ​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ធ្វើ​ជា​ខែល​ដើម្បី​លួច​វាយប្រហារ​លើ​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ នា​សម័យ​នោះ ពីក្រោយ​ខ្នង​ថែម​ទៀត។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ទាល់តែ​ក្រោយ​សន្និសីទ​អន្តរជាតិ​ទីក្រុង​ហ្សឺណែវ អំឡុង​ខែ​កក្កដា ឆ្នាំ​១៩៥៤ ទើប​កងទ័ព​យួន​កុម្មុយនីស្ត​វៀតមិញ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បង្ខំ​ឲ្យ​ដក​ខ្លួន​ចេញពី​ទឹកដី​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ខាងជើង​វិញ ដោយ​យក​ទៅ​ជាមួយ​នូវ​ថ្នាក់​ដឹកនាំ​អាយ៉ង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក សឺង ង៉ុក មិញ ហៅ អាចារ្យ មៀន ដែល​ជា​បិតា​ស្ថាបនិក​គណបក្ស​ប្រជាជន​កម្ពុជា​អាយ៉ង និង​ជា​ជន​ក្បត់​ជាតិ​ប្រឆាំង​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រវត្តិ​ឫសគល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​ដឹង​ឮ​គ្រប់​គ្នា​ថា​ជា​គណបក្ស​ដែល​បាន​បង្កើត​ឡើង​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម តាំងពី​អំឡុង​ទសវត្សរ៍​១៩៥០ មក។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ អាចារ្យ មៀន កាលពី​អំឡុង​ទសវត្សរ៍​១៩៥១។ លោក សឺន ង៉ុក មិញ មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក។ ចំណែក​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​កាលពី​អំឡុង​ទសវត្សរ៍​១៩៨០ ដែរ។

ជុំវិញ​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវ​គេ​ដឹង​ថា ដោយសារតែ​គណបក្ស​នេះ​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម ហើយ​លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប ដូច្នេះ​ហើយ​បាន​ជា​មេដឹកនាំ​ខ្មែរ​រូប​នេះ​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កាត់​ទឹកដី​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ជា​បន្តបន្ទាប់​រហូត​មក។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក ហ៊ុន សែន យល់ព្រម​នឹង​សំណើ​រដ្ឋាភិបាល​វៀតណាម ថា​នឹង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​ការ​ផ្តល់​សន្ធិសញ្ញា​មួយ​ចំនួន​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្នុង​នោះ សន្ធិសញ្ញា​ដែល​លោក ហ៊ុន សែន បាន​ផ្តល់​សច្ចាប័ន​ជាមួយ​រដ្ឋាភិបាល​វៀតណាម មាន​ដូចជា សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ជាមួយ​វៀតណាម ឆ្នាំ​១៩៨២ សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ សារាចរ​ខុស​ច្បាប់​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា ឆ្នាំ​១៩៨៦ ដែល​សុទ្ធសឹងតែ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងអស់ ព្រមទាំង​សន្ធិសញ្ញា​ខុស​ច្បាប់​ជាច្រើន​ទៀត។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន់ វ៉ាន់ខាយ ក៏​បាន​សហការ​ជាមួយ​លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​ខុស​ច្បាប់​ផង​ដែរ។

បន្ថែម​លើ​នេះ នៅ​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន ស៊ួនហ្វុក ដែល​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​នៅ​ពេល​នោះ បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុស​ច្បាប់​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ មួយ​ទៀត ដើម្បី​បញ្ជាក់​ពី​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម កន្លង​មក ដែល​ត្រូវ​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ថា​នៅតែ​មាន​សុភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​តទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​អំឡុង​ទសវត្សរ៍​១៩៨០ ក្រោយ​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​ខ្មែរ ត្រូវ​គេ​រក​ឃើញ​ថា កម្លាំង​ការពារ​ជាតិ​ដែល​ជា​បុរស​ខ្មែរ​ពេញ​វ័យ​ជាង ២​សែន​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ផែនការ ក​៥ របស់​វៀតណាម គួរ​ឱ្យ​តក់ស្លុត ដែល​លោក ហ៊ុន សែន ទទួល​យក​ទៅ​អនុវត្ត​ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច​ពី​កងទ័ព​វៀតណាម ឱ្យ​គាត់​ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ និង​បន្ត​ឱ្យ​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស