32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​ថ្មី​របស់​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​លុយ​បរទេស​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ត​ពូជ​ថ្មី​ដែល​មាន​អាយុ ៩០​ថ្ងៃ លោក ហ៊ុន ម៉ាណែត បដិសេធ​ថា រដ្ឋាភិបាល​លោក​មិន​មែន​ជា​រដ្ឋាភិបាល​ដេក​អេះ​ពោះ ហើយ​ដើរ​ខ្ចី​តែ​លុយ​បរទេស​ទេ ប៉ុន្តែ​ជា​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​ជាច្រើន​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែកក្តាម ដល់​បាត់ដំបង នៅ​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​សរសៃ​ឈាម​ដ៏​សំខាន់​របស់​ប្រទេស​ផង​ដែរ ដូច្នេះ បញ្ហា​នេះ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ខ្ចី​លុយ​ពី​បរទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​របស់​ខ្លួន។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ចី​ពី​បរទេស​ត្រូវ​រដ្ឋាភិបាល​គ្រប់គ្រង​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ផែនការ​ច្បាស់លាស់ មិន​ឱ្យ​បាត់​ម្ចាស់ការ​ឡើយ ហើយ​បំណុល​ទៀតសោត គឺ​រដ្ឋាភិបាល​យក​មក​អភិវឌ្ឍ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ក្នុង​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​គោលដៅ​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដែរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា មិន​ថា​កម្ចី​ពី​ប្រទេស​ជប៉ុន ពី​ប្រទេស​ចិន ឬ​ពី​ធនាគារ​ពិភពលោក និង​បណ្តា​ប្រទេស​ផ្សេងៗ គឺ​ដើម្បី​ធ្វើការ​វិនិយោគ​បង្កើន​លទ្ធភាព​សម្រាប់​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​លឿន និង​ដើម្បី​បង្កើត​ចរន្ត​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ទាំងមូល។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ចាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣​ខែ​មក​នេះ លោក​មិន​ទាន់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​នេះ​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​នៅឡើយ​ទេ ក្រៅតែ​ពី​ប្រើ​នយោបាយ​ប្រជាភិថុតិ​ដែល​បន្សល់​ពី​ឪពុក​របស់​គាត់​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បញ្ហា​ចំពោះ​មុខ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​ដោះស្រាយ គឺ​គ្មាន​អ្វី​ក្រៅពី​ស្ដារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​ទេ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជំពាក់​បំណុល​ធនាគារ ឱ្យ​ពួកគាត់​អាច​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ ព្រោះ​ថា​មាន​ពលរដ្ឋ​ខ្លះ​ដោយសារតែ​ការ​ជំពាក់​បំណុល​នេះ បាន​ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់ និង​ខាតបង់​នូវ​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន ដូចជា​ការ​ដែល​គ្មាន​លទ្ធភាព​បង់​រំលស់​ផ្ទះ​បន្ត​នៅ​តាម​បុរី​នានា ជា​ហេតុ​ធ្វើ​ឱ្យ​ម្ចាស់​បុរី​រឹបអូស​យក​ផ្ទះ​វិញ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​គ្មាន​លុយ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ ពួកគេ​ក៏​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​ជា​បញ្ហា​បន្ទាន់​ដែរ ដោយ​ការ​ធ្វើ​កំណែ​ទម្រង់​តាម​ក្រសួង​ស្ថាប័ន​នានា​ទៅ​លើ​បញ្ហា​អាទិភាព​មួយ​ចំនួន ដូចជា អំពើពុករលួយ ប្រព័ន្ធ​យុត្តិធម៌​សង្គម ការ​ត្រួតពិនិត្យ​លើ​ភារកិច្ច និង​តួនាទី​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​អនុវត្ត​ការងារ និង​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​មុខមាត់​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន ជាដើម។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល ៣​ខែ​បន្ទាប់ពី​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី គេ​មិន​ទាន់​ឃើញ​លោក ហ៊ុន ម៉ាណែត ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ណា​មួយ​នៅឡើយ​ទេ ទាំង​សេដ្ឋកិច្ច​ជាតិ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ជាដើម ប៉ុន្តែ​គេ​គ្រាន់តែ​ឃើញ​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​រូប​នេះ​ចេះ​ត្រឹមតែ​ដើរ​សម្ពោធ​សមិទ្ធផល​នានា​ដែល​ឪពុក​របស់​គាត់​បាន​ខ្ចី​បុល​ពី​បរទេស ជាពិសេស​កម្ចី​ពី​ប្រទេស​ចិន យក​មក​សាងសង់​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា មិន​មែន​លោក ហ៊ុន ម៉ាណែត មិន​ចង់​ប្រកាស​ផែនការ ឬ​ប្រកាស​គោលនយោបាយ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​តំណែង​ថ្មី​របស់​គាត់​ទេ ប៉ុន្តែ​ទំនង​ជា​ដោយសារតែ​មិត្ត​ដែកថែប​ចិន មិន​ទាន់​ប្រកាស​ផ្តល់​កម្ចី​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​គាត់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​មិន​ដែល​ប្រកាស​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បន្ត​ពី​រដ្ឋាភិបាល​ចាស់​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​គាត់​បែប​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា ឆ្នាំ​២០២៤ គឺ​ជា​ឆ្នាំ​ដែល​ចាប់​ហ្វ្រាំង​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ដែល​មាន​ន័យ​ថា មន្ត្រី​រដ្ឋាភិបាល​ត្រូវតែ​ពិនិត្យ​ពី​ដំណើរការ​របស់​ខ្លួន​ឡើងវិញ មុន​នឹង​ដំណើរការ​បន្ត​ទៅ​មុខ​ទៀត។

ទោះជា​បែប​នេះ​ក្តី អតីត​មន្ត្រី​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះខាត​លុយ​ធ្ងន់ធ្ងរ ដោយសារតែ​លុយ​បម្រុង​ក្នុង​ធនាគារ​ជាតិ​ត្រូវ​បាន​ប្រើប្រាស់​អស់​ហើយ ខណៈ​រដ្ឋាភិបាល​ចិន ក៏​មិន​ទាន់​ប្រកាស​ផ្តល់​កម្ចី​ឱ្យ​រដ្ឋាភិបាល​របស់​គាត់​ដែរ​ចាប់តាំងពី​គាត់​ឡើង​កាន់​អំណាច​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស