40 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ សម្រេច​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ពុធ ទី​២៩ វិច្ឆិកា នេះ ក្នុង​ការ​តែងតាំង​ប្រធាន​បក្ស អនុប្រធាន គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក លក្ខន្តិកៈ និង​ទិសដៅ​ការងារ​របស់​គណបក្ស​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ឆ្នាំ​២០២៨ ខាង​មុខ។

ក្រសួង​មហាផ្ទៃ ចេញ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា ក្រសួង​បាន​ពិនិត្យ និង​សម្រេច​ទទួលស្គាល់​នូវ​លទ្ធផល​សមាជ​របស់​គណបក្ស​នេះ ដែល​បាន​អនុម័ត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ជា​ផ្លូវការ​ហើយ​ចំពោះ​ការ​ជ្រើសរើស​លោក ស៊ុន ចន្ធី ជា​ប្រធាន លោក ជា មុនី ជា​អនុប្រធាន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន ៥០​នាក់​ផ្សេង​ទៀត។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គណបក្ស​កម្លាំង​ជាតិ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណបក្ស ដោយ​ជ្រើសរើស​ប្រធាន​បក្ស ១​រូប គឺ​លោក ស៊ុន ចន្ធី អនុប្រធាន​បក្ស ១​រូប​ទៀត គឺ​លោក ជា មុនី និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ៩​រូប គណៈកម្មាធិការ​ប្រតិបត្តិ ៩​រូប គណៈកម្មាធិការ​វិន័យ​ចំនួន ៥​រូប ព្រមទាំង​គណៈកម្មាធិការ​នាយក​ចំនួន ២៧​រូប និង​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ផង​ដែរ។

ក្រោយពី​បញ្ចប់​ពិធី​សមាជ គណបក្ស​កម្លាំង​ជាតិ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ពី​ការ​អនុម័ត​ជ្រើសរើស​មន្ត្រី​ជាន់ខ្ពស់ និង​លក្ខន្តិកៈ​របស់​គណបក្ស។ ជាង​នេះ​ទៀត គណបក្ស​នេះ​ក៏​បាន​ប្រកាស​តែងតាំង​អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ប្រកាស​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ទាំង ៨​ភូមិភាគ និង​ប្រកាស​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ឆ្នាំ​២០២៤ ផង​ដែរ។

បន្ទាប់ពី​សមាជ​ត្រូវ​បាន​បញ្ចប់​បាន​ប៉ុន្មាន​ថ្ងៃ គណបក្ស​កម្លាំង​ជាតិ​បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​សមាសភាព​ក្រុម​ការងារ​តាម​បណ្តា​ខេត្ត​ជា​បន្តបន្ទាប់ ដូចជា ខេត្ត​ព្រៃវែង ខេត្ត​កំពង់ធំ ខេត្ត​កំពង់ស្ពឺ និង​ក្រុម​ការងារ​នៅ​ក្រៅ​ប្រទេស ជាដើម ក្នុង​នោះ​ក៏​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ពី​សំណាក់​ប្រធាន​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​នឹង​បង្កើត​នេះ​ផង​ដែរ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី គឺជា​អតីត​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​លាឈប់​ពី​គណបក្ស​ចាស់ មក​បង្កើត​បក្ស​ថ្មី​ដោយ​ខ្លួនឯង បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ និង​ត្រូវ​ប្រឈម​នូវ​ការ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​មុខ​ថែម​ទៀត។

គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រធាន​គណបក្ស​នេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​នយោបាយ​កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ និង​ក្រោយពី​ប្រធាន​បក្ស​នេះ​បាន​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ស្នើសុំ​ស្ដារ​នីតិសម្បទា​នយោបាយ​របស់​ខ្លួន​ឡើងវិញ​មុន​ពេល​កំណត់ កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​ស្ថានភាព​ដែល​គណបក្ស​ភ្លើង​ទៀន ជាប់​គាំង​មិន​បាន​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ទៀត​បាន គណបក្ស​កម្លាំង​ជាតិ ពិត​ជា​ត្រូវការ​យ៉ាង​ចាំបាច់​បំផុត​នូវ​វត្តមាន​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​រួម​កម្លាំង​គ្នា​តស៊ូ​ក្នុង​បុព្វហេតុ​ជាតិ សង្គ្រោះ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​ចាប់ពី​ឆ្នាំ​២០២៤ តទៅ។

លោក ស៊ុន ចន្ធី បញ្ជាក់​ថា គណបក្ស​កម្លាំង​ជាតិ គឺជា​គណបក្ស​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​លះបង់​ដោយ​ស្មោះត្រង់​បរិសុទ្ធ​របស់​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន​ចំណេះដឹង និង​បទពិសោធន៍​នយោបាយ​យូរ​ឆ្នាំ ហើយ​បាន​កំណត់​គោលដៅ​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​ច្បាស់លាស់​ជាក់លាក់ ដើម្បី​ស្ដារ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​មាន​ចំនួន​ជាង ៤០​គណបក្ស ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន កំពុង​រង​នូវ​បណ្តឹង​ផង​ដែរ ដែល​មិន​អាច​ឱ្យ​គណបក្ស​ទាំងនោះ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស