អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីបុណ្យរំលឹកគុណអង្គរ នៅរមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប នៅសប្តាហ៍ក្រោយដែលមានរយៈពេល ១០ថ្ងៃ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣១ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្ដីពីការប្រារព្ធពិធីរំលឹកគុណអង្គររយៈពេល ១០ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពដដែលបញ្ជាក់ថា ពិធីបើកបុណ្យរំលឹកគុណអង្គរ នឹងប្រព្រឹត្តទៅនៅពេលព្រឹកថ្ងៃទី៧ ខែធ្នូ ខាងមុខនេះតែម្តង ក្នុងនោះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក៏នឹងត្រូវបិទបណ្ដោះអាសន្នរយៈពេល ២ថ្ងៃផងដែរ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ធ្នូ ដោយប្រើស្ពានបណ្តែតទឹកជំនួសវិញ។
ការប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរនេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះបែរជាកំពុងត្រូវបានរដ្ឋាភិបាលបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅវិញ។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះ តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងស្រុងដែរ។
កាលពីខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា បានដឹកនាំសិស្សានុសិស្សធ្វើព្យុហយាត្រា មុននឹងចាប់ផ្តើមពិធីបុណ្យរំលឹកគុណអង្គរ ដើម្បីបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់អស់រយៈកាលរាប់ពាន់ឆ្នាំកន្លងមកនេះ។
អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ ធ្លាប់បានលើកឡើងជុំវិញការប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរកាលពីពេលកន្លងទៅថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរមានច្រើនមហិមាដែលមានអាយុរាប់ពាន់ឆ្នាំ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវតែដឹងគុណអង្គរ ដោយការចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្ស ត្បិតសម្បត្តិបេតិកភណ្ឌជាតិដ៏មហិមានេះមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ គឺបុព្វបុរសខ្មែរបានគិតគូរខ្ពស់បំផុតនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
បែបនេះក្តី ក្រុមអ្នកសង្កេតការណ៍លើកឡើងថា អាជ្ញាធរ និងរដ្ឋាភិបាលណែនាំឱ្យប្រជាពលរដ្ឋដឹងគុណអង្គរ គឺជារឿងល្អ ប៉ុន្តែការយកតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកធ្វើជាលេសដើម្បីបណ្តេញពលរដ្ឋចេញពីតំបន់អង្គរ ឱ្យទៅរស់នៅវាលរហោឋាន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនក្រោមអំពើពុករលួយ គឺជាអំពើរមិលគុណចំពោះបុព្វបុរសខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ព្រោះថាដើម្បីឱ្យពលរដ្ឋដឹងគុណអង្គរ ទាល់តែអង្គរត្រូវបានរក្សាការពារដើម្បីជាប្រយោជន៍ដល់ពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់ជំនាន់ផងដែរ។
ប្រភពដដែលលើកឡើងថា ការយកតំបន់អង្គរទៅជួលឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន និងការបណ្ដេញពលរដ្ឋចេញពីលំនៅឋានក្រោមការដោះស្រាយសំណងបន្តិចបន្តួចពីសំណាក់រដ្ឋាភិបាល គឺជាអំពើបំផ្លាញអង្គរដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិរបស់ខ្មែរដ៏គួរឱ្យអាម៉ាស់ ដូច្នេះការប្រារព្ធពិធីបុណ្យអង្គរនេះ ក៏គ្មានន័យអ្វីដែរ ព្រោះថា ពិធីនេះគ្រាន់តែជារូបភាពបិទបាំងទង្វើរបស់រដ្ឋាភិបាលពីការកេងប្រវ័ញ្ចសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិមួយនេះប៉ុណ្ណោះ។
អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលបានបណ្តេញប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីយដ្ឋានអង្គរ ក្រោមលេសថា ប្រាសាទអង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តតាំងទីលំនៅក្នុងតំបន់នេះ ត្រូវគេរកឃើញថា មេដឹកនាំខ្មែររូបនេះបានភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីយករមណីយដ្ឋានអង្គរទៅជួលឱ្យក្រុមហ៊ុនឯកជនសម្រាប់ធ្វើការវិនិយោគប៉ុណ្ណោះ។
រយៈពេលជិត ៤០ឆ្នាំដែលលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រីខ្មែរ បានបន្សល់នូវការឈឺចាប់ដល់ពលរដ្ឋស្ទើរតែពេញប្រទេស ព្រោះថាមេដឹកនាំខ្មែររូបនេះបានយកទ្រព្យសម្បត្តិជាតិខ្មែរ ទៅដោះដូរនឹងអំណាច លុយកាក់ ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយបរទេសជិតខាង ក្រោមកិច្ចសន្យាចាប់ពី ៥០ឆ្នាំរហូតដល់ ៩៩ឆ្នាំ ក្នុងនោះតំបន់រមណីយដ្ឋានអង្គរក៏ត្រូវគេទម្លាយថា ត្រូវដាក់ជួលឱ្យក្រុមហ៊ុនឯកជនរយៈពេលកន្លះសតវត្សដែរ។
ទាក់ទិននឹងបញ្ហានេះ លោក Monster Ferrer អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា យោងតាមរបាយការណ៍ដែលខ្លួនបានចងក្រង រដ្ឋាភិបាលកម្ពុជាកំពុងបន្តបណ្ដេញពលរដ្ឋចំនួន ១ម៉ឺនគ្រួសារដែលរស់នៅជុំវិញប្រាសាទអង្គរវត្តចេញទាំងបង្ខំ ក្រោមលេសថាដើម្បីអភិរក្ស។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានស្នើទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ នេះផងដែរ ឱ្យពិនិត្យ និងស្រាវជ្រាវករណីដែលរដ្ឋាភិបាលកម្ពុជាបានបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅតំបន់អង្គរវត្ត ក្រោមលេសថាដើម្បីអភិរក្សនេះ។
ជុំវិញបញ្ហានេះ ក្រុមសកម្មជនបរិស្ថានបានបញ្ចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរពីសំណាក់រដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងក្នុងបំណងយកដីនៅតំបន់នេះទៅជួលឱ្យក្រុមហ៊ុនឯកជនប៉ុណ្ណោះ ហើយរដ្ឋាភិបាលក៏មិនបានសិក្សាស្រាវជ្រាវពីផលប៉ះពាល់ទៅលើប្រជាពលរដ្ឋក្នុងតំបន់នោះដែរ។ ជាងនេះទៀត រដ្ឋាភិបាលក៏មិនបានសិក្សាលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែរ ថាតើពួកគេយល់ព្រមចាកចេញ ឬក៏អត់ ប៉ុន្តែរដ្ឋាភិបាលគ្រាន់តែសម្រេចជម្លៀសពួកគាត់ចេញដោយចិត្តឯងតែប៉ុណ្ណោះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

