38 C
Phnom Penh

មន្ត្រី​ទម្លាយ​ថា​បក្ស​ប្រជាជន​កម្ពុជា​តម្រូវ​ឱ្យ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បង់​លុយ​ម្នាក់ៗ​រាប់​ម៉ឺន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា សន្និបាត​បក្ស​របស់​បក្ស​កាន់​អំណាច​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ត្រៀម​បញ្ចូល​សមាជិក​ថ្មី​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ជាង ១០០​នាក់​បន្ថែម​ទៀត ប៉ុន្តែ​ពួកគេ​ត្រូវ​តម្រូវ​ឱ្យ​បង់​លុយ​ក្នុង​ម្នាក់ៗ​ចាប់ពី ២​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ ដែល​នេះ​គឺជា​វិធី​រក​លុយ​យ៉ាង​គគ្រឹកគគ្រេង​របស់​មន្ត្រី​បក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​មួយ​រូប​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៤ ធ្នូ ថា មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​មហាផ្ទៃ​ជាច្រើន​រូប​មិន​សប្បាយ​ចិត្ត​នឹង​ការ​តែង​ឱ្យ​ចូល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ព្រោះ​ថា​ពួកគេ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ដែល​តម្រូវ​ឱ្យ​ចូល​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នេះ ត្រូវ​ឱ្យ​បង់​លុយ​ឱ្យ​គណបក្ស​ក្នុង​ម្នាក់ៗ​ចាប់ពី ២​ម៉ឺន​ទៅ ៣​ម៉ឺន​ដុល្លារ​ឯណោះ ទោះ​ពួកគេ​ជា​មន្ត្រី​សកម្ម​របស់​បក្ស ឬ​មិន​មែន​ជា​មន្ត្រី​សកម្ម​របស់​បក្ស​ក៏ដោយ។

ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ខាងលើ​អះអាង​ថា សមាសភាព​ដែល​ត្រូវ​ចូល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​មាន​ចំនួន​ជាង ១០០​នាក់ ប៉ុន្តែ​អ្នក​ដែល​ព្រម​ចូល​ជា​សមាជិក​គណៈកម្មាធិការ​នេះ​មាន​តែ​ជាង ៩០​នាក់​ប៉ុណ្ណោះ​នៅ​ពេលនេះ ក្នុង​នោះ សមាជិក​សកម្ម​របស់​គណបក្ស​ដែល​គ្មាន​លុយ​បង់​ឱ្យ​គណបក្ស មិន​ត្រូវ​បាន​ចូល​ជា​សមាជិក​គណៈកម្មាធិការ​នេះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​បាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួកគេ​នៅ​បន្ត​គាំទ្រ​ដោយសារ​តែ​ពួកគេ​ខ្លាច​ការ​គំរាមកំហែង​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ចុង​ឆ្នាំ​២០២៣ នេះ ក៏​នឹង​មាន​ការ​សូកប៉ាន់​ដែរ​ទៅ​ដល់​អ្នក​ចាត់ចែង​សន្និបាត​នេះ ក្នុង​នោះ​សម្រាប់​អ្នក​ដែល​មិន​បាន​សូក​លុយ ពួកគេ​ក៏​គ្មាន​សិទ្ធិ​ចូលរួម​នឹង​គេ​ដែរ ហើយ​ការ​សូកប៉ាន់​នេះ មិន​មែន​ត្រឹមតែ​ដើម្បី​ចូលរួម​ក្នុង​សន្និបាត​បក្ស​ប៉ុណ្ណោះ​ទេ សូម្បី​មន្ត្រី​សកម្ម​ក្នុង​បក្ស ឬ​មាន​តួនាទី​ខ្ពស់​ក្នុង​ស្ថាប័ន​ក្រសួង​មហាផ្ទៃ​ក៏ដោយ ក៏​ពួកគេ​ត្រូវតែ​សូក​លុយ​រាប់​ម៉ឺន​ដុល្លារ​ឱ្យ​ប្រធាន​គណបក្ស​ក្នុង​ក្រសួង​មហាផ្ទៃ​ដែរ ដើម្បី​ឱ្យ​គេ​ដាក់​ឈ្មោះ​ជា​សមាជិក​ក្នុង​អង្គភាព «គ​៨៥» ដែល​ជា​អង្គភាព​មួយ​មាន​ឥទ្ធិពល​ក្នុង​ការ​រក្សា​តំណែង​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ការ​បញ្ចូល​សមាជិក​ថ្មី និង​ការ​ដក​សមាជិក​ចាស់​ចេញពី​បក្ស ឬ​ការ​សម្រេច​អនុម័ត​ផ្សេងៗ គណបក្ស​ប្រជាជន​កម្ពុជា​តែង​បើក​សន្និបាត​បក្ស​របស់​ខ្លួន​រហូត​មក ប៉ុន្តែ​សន្និបាត​បក្ស​កន្លង​មក​ក៏​មាន​ការ​ទម្លាយ​ថា តែង​មាន​ការ​គំរាមកំហែង​ពី​លោក ហ៊ុន សែន ដែរ​ចំពោះ​ការ​អនុម័ត​ផ្សេងៗ ដូចជា ការ​សម្រេច​អនុម័ត​តែងតាំង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ ជាដើម។

កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​អង្គសន្និបាត​គណបក្ស​ដើម្បី​បញ្ចូល​សមាជិក​ថ្មី​របស់​ខ្លួន​ជាង ៣០០​នាក់ (៣៤២​នាក់) ដែរ ក្នុង​នោះ​ក៏​មាន​ព្យួរ​តួនាទី​សមាជិក​មួយ​ចំនួន​ថែម​ទៀត ហើយ​ការ​បើក​សន្និបាត​បែប​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុវត្ត​ចាប់តាំងពី​គណបក្ស​ត្រូវ​បាន​មេដឹកនាំ​វៀតណាម​បង្កើត​មក​ម៉្លេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សន្និបាត​ដើម្បី​អនុម័ត​បញ្ចូល​សមាជិក​ថ្មី​ក្នុង​បក្ស​របស់​ខ្លួន​ដែរ ក្នុង​នោះ​ក៏​បាន​បញ្ចូល​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ចូល​ជា​សមាជិក​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ថែម​ទៀត។

ពិត​មែន​តែ​កូន​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ជាន់ខ្ពស់​នៃ​អង្គការ​ចាត់តាំង​របស់​គណបក្ស​នេះ ប៉ុន្តែ​សម្រាប់​កូនៗ​របស់​មេដឹកនាំ​បក្ស​នេះ​ផ្សេង​ទៀត ដូចជា​លោក ស សុខា កូនប្រុស​របស់​លោក ស ខេង លោក ទៀ សីហា កូនប្រុស​របស់​លោក ទៀ បាញ់ លោក សាយ សំអាល់ កូនប្រុស​របស់​លោក សាយ ឈុំ និង​កូនៗ​របស់​អ្នកស្រី ម៉ែន សំអន ព្រមទាំង​កូន​របស់​លោក ហេង សំរិន ជាដើម មិន​ត្រូវ​បាន​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​បញ្ចូល​ទៅ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ​ឡើយ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស