ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអំពាវនាវយ៉ាងរំជើបរំជួលសុំឱ្យសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយយោធាដល់ប្រទេសរបស់លោក ដោយភ្ជាប់ជាមួយការព្រមានថា ក្រុងវ៉ាស៊ីនតោន មិនសម្រេចបន្តផ្ដល់ជំនួយជួយអ៊ុយក្រែន នឹងជួយឱ្យរុស្ស៊ីឈ្នះសង្គ្រាម។
លោកទទូចថា បើសហរដ្ឋអាមេរិកមិនជួយអ៊ុយក្រែន នឹងឱ្យលោក ពូទីន បំផ្លាញប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុប ហើយអឺរ៉ុបទាំងមូលនឹងអសន្តិសុខ ចំណែកវិមានក្រឹមឡាំង គេប្រកាសថាគេមិនត្រឹមតែឈ្នះសង្គ្រាមនោះទេ គឺឈ្នះសង្គ្រាមចិត្តសាស្ត្រដែលនាំឱ្យប្រទេសឈ្លានពានមួយនេះឡើងឫទ្ធិអំណាចកាន់តែខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានចេញផ្សាយរបាយការណ៍ នៅថ្ងៃអង្គារ ទី១២ ខែធ្នូ បានឱ្យដឹងថា ការថ្លែងរបស់លោក ហ្សេឡេនស្គី ដូចនេះ ក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងវេទិកាមួយរៀបចំឡើងនៅឯសាកលវិទ្យាល័យ National Defense University នាឱកាសលោកបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកជាលើកទី២។
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនមិនត្រឹមតែកំពុងប្រយុទ្ធដើម្បីការពារអាយុជីវិតជាតិសាសន៍របស់ខ្លួនប៉ុណ្ណោះទេ តែក៏កំពុងប្រយុទ្ធដើម្បីការពារសេរីភាពដែលកើតមានពាសពេញតំបន់អឺរ៉ុប ក្រោយសហភាពសូវៀតរលំរលាយ។
ដោយឆ្លើយតបទៅនឹងក្រុមអ្នកតំណាងរាស្ត្រមួយចំនួនមកពីគណបក្សសាធារណរដ្ឋ ដែលរារាំងរដ្ឋការលោក បៃដិន ក្នុងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានសង្កត់ធ្ងន់ផងដែរថា អ្នកនយោបាយមិនត្រូវក្បត់កងទ័ពរបស់ខ្លួននោះទេ។ លោបន្តថា ការពន្យារពេលផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក នឹងក្លាយជាការបំពេញក្ដីស្រមៃរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ពន្យល់ថា អស់លោកកំពុងតែពឹងផ្អែកលើអ៊ុយក្រែន ដែលជារនាំងការពារសេរីភាពរបស់អស់លោក ប៉ុន្តែអ៊ុយក្រែន ក៏ពឹងផ្អែកលើអស់លោកផងដែរ គឺការបន្តជួយអ៊ុយក្រែន។
កាលពីខែធ្នូ ឆ្នាំ២០២២ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់លោក ចូ បៃដិន ហើយបានថ្លែងនៅចំពោះសមាជិកសភាទាំងពីរ។ សហរដ្ឋអាមេរិកជាប្រទេសផ្ដល់ជំនួយធំជាងគេទៅឱ្យអ៊ុយក្រែន ទាំងជំនួយយោធា ជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុ។
នៅលើទឹកដីសហរដ្ឋអាមេរិកលើកនេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន ព្រមទាំងត្រូវជួបតំណាងរាស្ត្រមកពីគណបក្សធំទាំងពីររបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Mike Johnson។
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែលទៅដល់សហរដ្ឋអាមេរិកជាថ្មីទៀតតាមការអញ្ជើញរបស់លោក ចូ បៃដិន បន្ទាប់ពីលោកបានទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃប្រទេសអាហ្សង់ទីន។
វត្តមានរបស់លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី លើកទីពីរនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីសប្ដាហ៍មុន បានរាំងខ្ទប់សំណើរបស់សេតវិមានឱ្យទម្លាក់កញ្ចប់ថវិកា ១០៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល។
គេរំពឹងថា ក្រោយពីលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថ្លែងរៀបរាប់អំពីផលវិបាក និងគោលដៅរបស់លោកក្នុងការទប់ស្កាត់ចលនាឈ្លានពានរបស់រុស្ស៊ី ហើយនោះ សមាជិកសភាទាំងពីររបស់សហរដ្ឋអាមេរិក អាចនឹងប្រែប្រួលជំហររបស់ពួកគេឡើងវិញចំពោះការរាំងខ្ទប់បំណងរបស់រដ្ឋការលោក បៃដិន ដែលស្នើបន្ថែមជំនួយយោធាទៅឱ្យអ៊ុយក្រែន។
គោលដៅរបស់លោក ចូ បៃដិន និងរដ្ឋការរបស់លោក រួមទាំងក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យមានចក្ខុវិស័យរួមគ្នា គឺជួយអ៊ុយក្រែន រហូតរុស្ស៊ីសម្រេចដកទ័ពចេញពីអ៊ុយក្រែន ឬបញ្ចប់សង្គ្រាម ហើយចំពោះក្រុមបស្ចិមប្រទេស និងបណ្ដាប្រទេសសម្ព័ន្ធមិត្តដែលបន្តផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន ក៏មានគោលដៅដូចរដ្ឋការលោក បៃដិន ដែរ។
មកដល់ពេលនេះ សង្គ្រាមរបស់មហាអំណាចរុស្ស៊ីឈ្លានពានអ៊ុយក្រែន ចូលដល់ខែទី២២ ហើយ។ សង្គ្រាមដែលកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវនៅភាគខាងត្បូង និងភាគខាងកើត។
បើតាមក្រសួងការពារជាតិអ៊ុយក្រែន ទ័ពរបស់រុស្ស៊ីដែលបាត់បង់នៅលើសមរភូមិកើនឡើងជិត ៤៤ម៉ឺននាក់ និងសព្វាវុធធុនធ្ងន់មានរថក្រោះ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធការពារដែនអាកាស នាវាចម្បាំង សរុបជាង ២៦០០០គ្រឿង។ តែក្រសួងការពារជាតិអ៊ុយក្រែន មិនបានបង្ហាញតួលេខដែលភាគីរបស់ខ្លួនបាត់បង់ទ័ពប៉ុន្មានម៉ឺននាក់ និងសព្វាវុធប៉ុន្មានម៉ឺនគ្រឿងនោះទេ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

