28 C
Phnom Penh

អាមេរិក-អង់គ្លេស​និង​កាណាដា​កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ឆបោក​ធំៗ​នៅ​កម្ពុជា-ឡាវ​និង​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា។

សារព័ត៌មាន​អន្តរជាតិ The Diplomat បាន​ចេញ​ផ្សាយ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាល​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល និង​អង្គភាព​មួយ​ចំនួន​ដែល​រក​ឃើញ​ថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ និង​ក្រុង​បាវិត ជាប់​ព្រំដែន​ប្រទេស​វៀតណាម ជាដើម។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​កំណត់​គោលដៅ​បុគ្គល​ចំនួន ៩​នាក់ និង​អង្គភាព​ចំនួន ៥ សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​ការ​ជួញដូរ​មនុស្ស​ដែល​ភ្ជាប់​ទៅ​នឹង កសិដ្ឋាន​បោកប្រាស់ តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ភូមា ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ជនរងគ្រោះ​ធ្វើការ​ជា​អ្នក​បោកប្រាស់ និង​ការ​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម ការ​រំលោភ​បំពាន​លើ​រាងកាយ និង​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ឃោរឃៅ​យ៉ាង​អមនុស្សធម៌​ជាទីបំផុត។

ប្រភព​ដដែល​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក David Cameron នឹង​មិន​អត់ឱន​ឱ្យ​ឧក្រិដ្ឋជន និង​របប​ដឹកនាំ​ដែល​ធ្វើការ​គាបសង្កត់ ជាន់ឈ្លី​លើ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស​សាមញ្ញ​នៅ​ជុំវិញ​ពិភពលោក​ជាដាច់ខាត សម្រាប់​ការ​ចូលរួម​របស់​ពួកគេ​នៅ​ក្នុង​ឧស្សាហកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​ភូមា សព្វថ្ងៃ​នេះ។

ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា ឧក្រិដ្ឋកម្ម​ធំៗ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ចិន​ឈ្មោះ No More Bets ដែល​មាន​ន័យ​ថា សូម​បញ្ឈប់​ការ​ភ្នាល់ បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​ការ​ភ័យខ្លាច និង​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះ​តែ​ខ្សែភាពយន្ត​មួយ​នេះ​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ថា Base On Real Case ដែល​មាន​ន័យ​ថា ផ្អែក​តាម​រឿង​ពិត ១​សែន​ករណី​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

ទាក់ទិន​នឹង​ខ្សែភាពយន្ត​នេះ សារព័ត៌មាន​បរទេស​ឈ្មោះ NINEI ASIA បាន​ចុះផ្សាយ​ថា បន្ទាប់ពី​ការ​ចេញ​ផ្សាយ​ខ្សែភាពយន្ត​នេះ ការ​ស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ចិន​ឈ្មោះ Sina Weibo បាន​សួរ​អ្នក​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ថា តើ​ពួកគេ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ដែរ​ឬ​ទេ ក្នុង​នោះ​មាន​តែ​មនុស្ស​ជាង ៣​ពាន់​នាក់​ប៉ុណ្ណោះ (៣៧៧៨​នាក់) ដែល​បាន​និយាយ​ថា​ពួកគេ​ហ៊ាន​ទៅ ប៉ុន្តែ​មនុស្ស​ប្រមាណ​ជិត ២​សែន​នាក់​ផ្សេង​ទៀត (១៨១០០០​នាក់) បាន​ឆ្លើយ​ថា ពួកគេ​មិន​ហ៊ាន​ទៅ​ទេ ក្រោម​ហេតុផល​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់​ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ជា​វីដេអូ​រយៈពេល​ជាង ៤០​នាទី ដែល​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» ដោយ​ក្នុង​វីដេអូ​នោះ​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ជាពិសេស​គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែម្តង។

ជាង​នេះ​ទៀត សារព័ត៌មាន Taipei Times បាន​ចុះផ្សាយ​កាលពី​ចុង​ឆ្នាំ​២០២២ ថា នគរបាល​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ បាន​សន្និដ្ឋាន​ថា​មាន​ជនជាតិ​ចិន​តៃវ៉ាន់ ចន្លោះ​ពី ២​ពាន់​នាក់​ទៅ ៥​ពាន់​នាក់ ត្រូវ​បាន​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​រង​ការ​វាយ​ធ្វើបាប​តាម​មធ្យោបាយ​ផ្សេងៗ ដោយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស