35 C
Phnom Penh

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ក្នុង​ស្រុក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា បន្ទាប់ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាច្រើន​ករណី​ពី​សំណាក់​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​លើ​កម្មករ​និយោជិត​សព្វថ្ងៃ​នេះ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​របស់​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​វិស័យ​ការងារ​ផង​ដែរ។ ជាក់ស្តែង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​រង​នូវ​ការ​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ពី​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា កម្មករ​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ការងារ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​លើ​បុគ្គលិក​កម្មករ និង​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ច្បាប់​ការងារ​របស់​កម្ពុជា​យ៉ាង​អនាធិបតេយ្យ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា កន្លង​មក ករណី​នៃ​ការ​បញ្ឈប់​ការងារ​របស់​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ ត្រូវ​បាន​សហជីព​ប្តឹង​ទៅ​ក្រសួង​ការងារ​ដែរ ប៉ុន្តែ​ករណី​ទាំងនោះ​នៅតែ​មិន​មាន​ដំណោះស្រាយ ខណៈ​ក្រសួង​ការងារ តែងតែ​ចាត់ទុក​វិវាទ​ការងារ​នៃ​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​ទៅ​ជា​វិវាទ​បុគ្គល​ទៅវិញ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​ចេះ​តែ​បន្ត​កើត​មាន​ដល់​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ពិនិត្យ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ​នៅ​ពេលនេះ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ការ​គោរព​សិទ្ធិមនុស្ស ព្រោះ​ថា​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​កាលកំណត់ UPR នៃ​អង្គការ​សហប្រជាជាតិ នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ ដូច្នេះ​ការ​អនុវត្ត​នានា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ជួយ​លើក​មុខ​លើក​មាត់​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ នេះ ជួយ​ដោះស្រាយ​វិវាទ​នានា​ដែល​បាន​កើត​ឡើង​លើ​កម្មករ​និយោជិត​ដោយ​គ្មាន​ដំណោះស្រាយ​ជា​បន្តបន្ទាប់​មក​នោះ។

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ហៅ​កាត់​ថា LRSU បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា ស្ថានភាព​កូដកម្ម​រយៈពេល​ពីរ​ឆ្នាំ​របស់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សហជីព គិត​មក​ដល់​ពេលនេះ គឺជា​ថ្ងៃ​គម្រប់​ខួប ២​ឆ្នាំ​ហើយ​ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ចេញ​មក​ធ្វើ​កូដកម្ម ដើម្បី​មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ទម្លាក់​ចោល​រាល់​បទចោទ​លើ​សមាជិក​សហជីព​នានា និង​ទទួលយក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើការ​វិញ។

សេចក្តី​ថ្លែងការណ៍​ខាងលើ​លើកឡើង​ថា រយៈពេល ២​ឆ្នាំ​មក​នេះ វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិន​អាច​ដោះស្រាយ​បាន​សូម្បី​តែ​មួយ​ចំណុច។ ផ្ទុយទៅវិញ ក្រុម​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ត្រូវ​រង​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​បៀតបៀន​ពី​សំណាក់​កងកម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង រហូត​បង្ក​ទៅ​ជា​របួស​ស្នាម​លើ​ក្រុម​កូដករ ទាំង​រូបរាងកាយ និង​ផ្លូវចិត្ត ក្នុង​នោះ កូដករ​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ ក៏​រលូត​កូន​ក្នុង​ផ្ទៃ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​កូដករ​ទាំងអស់​បាន​ប្ដេជ្ញា​ដូច​គ្នា​ថា នឹង​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ ព្រោះ​ថា​ពួកគេ​មិន​មែន​ជា​ទាសករ​សម័យ​ថ្មី​ក្នុង​ប្រទេស​ដែល​បាន​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​នោះ​ទេ ដូច្នេះ​ក្នុង​នាម​ពួកគេ​ជា​កម្មករ​រងគ្រោះ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ជំរុញ​ឲ្យ​អ្នក​បន្ត​វេន​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ​ឱ្យ​បាន​ឆាប់ ក៏​ដើម្បី​មុខមាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​កម្មករ​និយោជិត​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្នុង​បំណង​រំលាយ​ក្រុម​សហជីព​តែម្តង ប៉ុន្តែ​ពួកគេ​បាន​ប្រើ​លេស​វិបត្តិ​ជំងឺ​កូវីដ-១៩ ទៅវិញ ព្រោះ​ថា​បុគ្គលិក​ទាំង​ជាង ១​ពាន់​នាក់​នេះ គឺ​សុទ្ធសឹងតែ​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទាំងអស់។

ក្រោយ​ប្រកាស​បញ្ឈប់​បុគ្គលិក​ដោយ​រំលោភ​លើ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ ក៏​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​យុត្តិធម៌​តែម្តង ប៉ុន្តែ​រហូត​ដល់​ពេលនេះ​អស់​រយៈពេល ២​ឆ្នាំ​ហើយ វិវាទ​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ខណៈ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន និង​ក្រុម​កូដករ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​សព្វថ្ងៃ​នេះ។

បច្ចុប្បន្ន​នេះ ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដូចជា​ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខ និង​សកម្មជន​សហជីព​អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ពេល​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​នា​ពេល​កន្លង​មក។

ដោយឡែក​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ៤​នាក់​ផ្សេង​ទៀត ដូចជា កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា ក៏​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ឈប់​ពី​ការងារ​ទាំង​បង្ខំ​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ផង​ដែរ ដោយសារតែ​ពួកគេ​ធ្លាប់​ចូលរួម​ធ្វើ​កូដកម្ម​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស