37 C
Phnom Penh

អង្គការ​អន្តរជាតិ​ថា​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​គឺ​ស្រដៀង​នឹង​របប​ខ្មែរ​ក្រហម​ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) លើកឡើង​ថា កម្ពុជា​កំពុង​ខ្វះ​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​សិទ្ធិ​ដីធ្លី​ច្បាស់លាស់​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ បើ​ទោះបីជា​ប្រទេស​នេះ​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​កាលពី​ជាង ៣០​ឆ្នាំ​មុន​ហើយ​ក៏ដោយ ក៏​ប្រទេស​នេះ​នៅតែ​ដឹកនាំ​ស្រដៀង​គ្នា​ទៅ​នឹង​របប​ខ្មែរក្រហម ដែល​បាន​លុប​ចោល​កម្មសិទ្ធិ​ឯកជន​ក្រោយ​ពួកគេ​កាន់កាប់​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៧០ ដូច្នោះ​ដែរ។

អង្គការ​សិទ្ធិមនុស្ស​ខាងលើ​បាន​បញ្ជាក់​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ដោយ​គ្មាន​សំណង​ច្បាស់លាស់ ក្រោម​លេស​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់ និង​ការ​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត ខណៈ​អង្គការ​យូណេស្កូ​ក៏​បរាជ័យ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​កិច្ចការ​នេះ​ដែរ។

សារព័ត៌មាន​អន្តរជាតិ The Diplomat កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ បាន​ចុះផ្សាយ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែល​បាន​រៀបរាប់​ពី​ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ថា ការ​បណ្ដេញ​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចេញ​ដោយ​បង្ខំ​ដែល​មាន​ចំនួន​ប្រមាណ​ជា ១​ម៉ឺន​គ្រួសារ ក្រោម​លេស​ស្ម័គ្រចិត្ត និង​ផ្តល់​សំណង​បន្តិចបន្តួច គឺ​បង្ហាញ​ពី​ទំនៀមទម្លាប់​មួយ​ក្រោយ​របប​ខ្មែរក្រហម​ដែល​មាន​ការ​ទន្ទ្រាន​យក​ដី​របស់​អ្នក​ក្រ​ដោយ​បន្សល់​ទុក​ឱ្យ​មាន​ត្រឹមតែ​ជីវិត​រស់។

របាយការណ៍​ខាងលើ​លើកឡើង​ថា សិទ្ធិ​អចលនទ្រព្យ​រឹងមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​សម្រាប់​តែ​ក្រុម​ឥស្សរជន​ជាន់ខ្ពស់ និង​អ្នក​ដែល​មាន​ទំនាក់ទំនង​នយោបាយ​ប៉ុណ្ណោះ ចំណែក​សិទ្ធិ​អចលនទ្រព្យ​សម្រាប់​ប្រជាជន​ភាគច្រើន អាច​ត្រូវ​បាន​លុប​ចោល​គ្រប់​ពេល។ ជា​ភស្តុតាង​ជាក់ស្តែង គឺ​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ចន្លោះ​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៣ និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​សហគមន៍​បឹងកក់​ក្នុង​ទីក្រុង​ភ្នំពេញ អំឡុង​ឆ្នាំ​២០០៧ ជាដើម ដោយ​គ្មាន​សំណង​ស្រប​ច្បាប់។

អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ អំពាវនាវ​ឱ្យ​ប្រទេស​បារាំង និង​ជប៉ុន ដែល​ជា​សហប្រធាន​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC Angkor) ផ្អាក​ការ​ឧបត្ថម្ភ​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា រហូត​មាន​ការ​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌​ដល់​គ្រួសារ​រងគ្រោះ​ដែល​បាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​តាម​ច្បាប់។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ ស្នើ​ឱ្យ​អង្គការ​យូណេស្កូ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ចាត់​វិធានការ​ជាបន្ទាន់​ក្នុង​ការ​ផ្តល់​លំនៅឋាន និង​អនាម័យ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​ទីតាំង​ថ្មី​នេះ ព្រោះ​ថា​ការ​អះអាង​របស់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង្ស ពៅ ជុំវិញ​បញ្ហា​នេះ គឺជា​ពាក្យ​ភូត​កុហក​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត អង្គការ​យូណេស្កូ និង​ម្ចាស់​ជំនួយ​អន្តរជាតិ ក៏​មិន​ត្រូវ​សម្រេច​ចិត្ត​ដោយ​ផ្អែក​តែ​ទៅ​លើ​របាយការណ៍​របស់​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ​ដែរ។

របាយការណ៍​នេះ​ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​បណ្តេញ​ឱ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ក្រោម​លេស​ស្ម័គ្រចិត្ត ដោយ​ទទួល​សំណង​បន្តិចបន្តួច​ពី​រដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ។

ក្នុង​សន្និសីទ​អន្តរ​រដ្ឋាភិបាល​លើក​ទី​៤ ស្ដីពី​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​យូណេស្កូ ទីក្រុង​ប៉ារីស កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កម្រាស់​ជិត ១០០​ទំព័រ (៩៤​ទំព័រ) ដែល​មាន​ចំណងជើង​ថា «គ្មាន​អ្នក​ណា​ចង់​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន​នោះ​ទេ»។

របាយការណ៍​នេះ​បាន​រៀបរាប់​អំពី​ការ​ជម្លៀស​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​បង្ខំ និង​បាន​ដាក់​សំណើ​ជាច្រើន​ទៅ​ម្ចាស់​ជំនួយ រួម​ទាំង​អង្គការ​យូណេស្កូ ឱ្យ​ពិនិត្យ​ឡើងវិញ​ចំពោះ​របាយការណ៍​មិន​ប្រក្រតី​របស់​រដ្ឋាភិបាល​លើ​បញ្ហា​នេះ។

ក្រោយ​ការ​លាតត្រដាង​របស់​អង្គការ​សិទ្ធិមនុស្ស​លើកលែង​ទោស​អន្តរជាតិ (Amnesty International) នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក និង​តំបន់​ពាក់ស្នែង ដែល​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​លើក​ទី​១ ក្រោយ​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ថា មិន​យូរ​ទេ រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​នេះ​ឱ្យ​រីកចម្រើន​ទៅ​ជា​ទីក្រុង​មួយ​ដ៏​ទំនើប។

យ៉ាងណា​ក៏ដោយ ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ ក៏​មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញ​ទាំងនោះ​មាន​ទំនុកចិត្ត​ដែរ ដោយសារតែ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក ក៏​ធ្លាប់​អួត​ពី​ការ​អភិវឌ្ឍ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង នេះ​ដែរ កាលពី​ចុង​ឆ្នាំ​២០២២ អំឡុង​ពេល​ដែល​អាជ្ញាធរ​កំពុង​ជម្លៀស​ពលរដ្ឋ​ទាំងនេះ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ តំបន់​ទាំង​ពីរ​នេះ​មិន​មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ទទួល​បាន គឺ​ត្រឹមតែ​ជា​ការ​សន្យា​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា លោក​នឹង​រៀបចំ​ឃុំ​រុនតាឯក ឱ្យ​ក្លាយ​ជា​ទីក្រុង​ទាន់​សម័យ​មួយ គឺ​ក្រុង​រុនតាឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍ មិន​មែន​ជា​ជនបទ​ទៀត​ទេ ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ជីវភាព​ធូរធារ​ទៅ​ថ្ងៃ​មុខ។

ប៉ុន្តែ​ផ្ទុយ​ពី​ស្ថានភាព​ដែល​លោក ហ៊ុន សែន លើកឡើង​នោះ គឺ​រហូត​ដល់​ពេលនេះ ស្ថានភាព​នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង នៅតែ​ជា​ទី​វាល​មួយ​ដែល​មាន​ផ្ទះ​ពលរដ្ឋ​តូចៗ​ធ្វើ​ពី​កូនឈើ​ប្រក់​ដំបូល​ស័ង្កសី ត្រូវ​ខ្យល់​បក់​ប៉ើង​រយីករយាក និង​ទឹក​លិច​នៅ​រដូវភ្លៀង​នៅឡើយ ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ភាគច្រើន​មិន​មាន​មុខរបរ​ពិតប្រាកដ​ទេ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​ដោយសារតែ​ជួប​ការ​លំបាក​លើ​ជីវភាព​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​លក់​ដី​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ដោះដូរ​នោះ ទៅ​រស់នៅ​កន្លែង​ផ្សេងៗ ជាដើម។

ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ចាប់តាំងពី​ពួកគាត់​មក​រស់នៅ​ទីនោះ គឺ​មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង ព្រោះ​ថា​ទីនេះ​គឺ​ឆ្ងាយ​ពី​ទីប្រជុំជន មុខរបរ​ចាស់​ក៏​បាត់បង់ មុខរបរ​ថ្មី​ក៏​បើក​មិន​ចេញ ខណៈ​គ្រួសារ​ខ្លះ​បាន​យក​ប័ណ្ណ​ក្រីក្រ​ទៅ​បញ្ចាំ​យក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព ស្រប​ពេល​ដែល​បំណុល​ធនាគារ​ក៏​កាន់តែ​កើនឡើង ក្នុង​នោះ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​សោ​ទ្វារ​ទុក​ចោល ដោយ​គ្រាន់តែ​ដាក់​តាំង​លេខ​ទូរសព្ទ​សម្រាប់​ទំនាក់ទំនង​នៅ​លើ​ជញ្ជាំង​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស