28 C
Phnom Penh

អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​ពិនិត្យ​សកម្មភាព​បក្ស​កៅក្លៃ​ថៃ ថា​អាច​ជា​សេណារីយ៉ូ​របស់​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​ចាត់ទុក​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល និង​សហជីព​នៅ​កម្ពុជា ដែល​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​លើ​សកម្មភាព​របស់​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ ថា​ជា​ការ​មិន​ឱ្យ​តម្លៃ​អំពី​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​ផង និង​ក៏​ទំនង​ជា​ធ្វើឡើង​តាម​សេណារីយ៉ូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា សំណើ​នេះ​ទំនង​ជា​ផ្អែក​តាម​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា ករណី​នេះ​ក៏​អាច​ជា​សេណារីយ៉ូ​នយោបាយ​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បី​កម្ចាត់​គូប្រជែង​នយោបាយ​ក្នុង​គណបក្ស​កៅក្លៃ ដែល​គេ​មើល​ឃើញ​ពី​សន្ទុះ​ថា​អាច​នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​នោះ​ផង​ដែរ ក្នុង​បំណង​ស្ដារ​ឥទ្ធិពល​នយោបាយ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឡើងវិញ​នៅ​ពេល​ខាងមុខ។

លោក គឹម សុខ អះអាង​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ថៃ នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត អាច​នឹង​សម្បទាន​តាម​ការ​ស្នើ​របស់​ថៃ នូវ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ជា​ថ្នូរ​នឹង​ការ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ ពិនិត្យ​សកម្មភាព​គណបក្ស​កៅក្លៃ ក្រោម​លេស​កម្ចាត់​សកម្មជន​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​អ្នក​ប្រជាធិបតេយ្យ​ផង និង​បាត់បង់​ប្រយោជន៍​ខ្មែរ​ក្នុង​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ថៃ និង​កម្ពុជា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​របស់​គណបក្ស​កៅក្លៃ មិន​បាន​ប៉ះពាល់​ដល់​កិច្ចការ​កម្ពុជា​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​អង្គការ​មួយ​ចំនួន​នោះ​ដែរ ប៉ុន្តែ​អ្វី​ដែល​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បារម្ភ​នោះ គឺ​គណបក្ស​កៅក្លៃ សព្វថ្ងៃ​នេះ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ផង និង​ជា​គណបក្ស​ប្រឆាំង​ផង ដូច្នេះ​គណបក្ស​នេះ​ក៏​អាច​នឹង​មាន​ទំនាក់ទំនង​ល្អ និង​អាច​ផ្តល់​ការ​អនុគ្រោះ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ដែល​នៅ​ប្រទេស​ជិតខាង​ទៅ​ថ្ងៃ​ក្រោយ​ដែរ ជុំវិញ​ការ​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក។

កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​មួយ​ចំនួន​ដែល​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ដែល​បម្រើ​និន្នាការ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ដាក់​សំណើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ឱ្យ​ត្រួតពិនិត្យ​សកម្មភាព​របស់​គណបក្ស Move Forward (គណបក្ស​កៅក្លៃ) របស់​ថៃ ថា​គណបក្ស​នេះ​កំពុង​ធ្វើ​សកម្មភាព​គាំទ្រ និង​បណ្តុះបណ្តាល​ដល់​ក្រុម​ចលនា​នយោបាយ​ខុស​ច្បាប់ និង​បាន​យក​ទីតាំង​ប្រទេស​ថៃ ធ្វើ​ជា​កន្លែង​សម្រាប់​អប់រំ​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។

សកម្មភាព​យុវជន​ខ្មែរ​ជួបជុំ​គ្នា​នៅ​លើ​ទឹកដី​ប្រទេស​ថៃ នា​ពេល​កន្លង​មក។

ខ្លឹមសារ​ក្នុង​សំណើ​ទាំងនោះ​លើកឡើង​ថា សកម្មភាព​នយោបាយ​របស់​គណបក្ស​កៅក្លៃ ហាក់បីដូចជា​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ការទូត​រវាង​ប្រទេស​កម្ពុជា-ថៃ ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​ជា​ខ្លាំង ជាពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ច្បាប់​ប្រទេស​ថៃ ដែល​ប្រទេស​ថៃ មិន​អនុញ្ញាត​ឲ្យ​បរទេស​ណា​មួយ​យក​ទឹកដី​ថៃ ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់​ប្រទេស​ផ្សេងៗ​នោះ។

ប្រភព​ខាងលើ​បញ្ជាក់​ថា សកម្មភាព​នយោបាយ​របស់​គណបក្ស​កៅក្លៃ កន្លង​មក បាន​ផ្ដក់​ទីកន្លែង និង​ជួយ​បណ្តុះបណ្តាល​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​ចោទប្រកាន់​ទាំង​បំពាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​សកម្មភាព​នេះ​ហាក់បីដូចជា​កំពុង​ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដើម្បី​ជួយ​ទប់ស្កាត់​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដែល​តែង​ធ្វើ​សកម្មភាព​រិះគន់ និង​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា តាម​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មាន​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ថៃ រហូត​មក។

លោក សុខ សុក្រឹត្យា អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ និង​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​នឹង​គ្នា ហើយ​ថៃ គ្មាន​នយោបាយ​គាំទ្រ ឬ​ផ្តល់​ទឹកដី​ឱ្យ​ជន​ណា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ទឹកដី​របស់​ខ្លួន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស