33 C
Phnom Penh

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿងក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី​៣០ មករា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿងក្ដី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ពុំ​ទាន់​ដឹង​ថា តើ​លោក​នឹង​មាន​មេធាវី​ការពារ​ក្ដី​ឬ​ក៏​អត់។

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ប៉ុន្តែ​លោក​ថា​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​លោក កឹម សុខា នឹង​មាន​មេធាវី​ការពារ​ក្ដី​ឬ​ក៏​អត់​ទេ។

ប្រភព​ដដែល​អះអាង​ថា សំណុំរឿង​លោក កឹម សុខា មាន​ភាព​ស្មុគស្មាញ និង​មាន​ឯកសារ​ច្រើន។

ទាក់ទង​នឹង​សំណុំរឿង​នេះ អតីត​សហ​មេធាវី​របស់​លោក កឹម សុខា លោកស្រី ម៉េង សុភារី បាន​ឲ្យ​ដឹង​ថា សហ​មេធាវី​ពុំ​អាច​ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​កូនក្ដី​បាន​ទេ​តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​រួច​មក ដោយសារតែ​សាលក្រម​តុលាការ​បាន​ហាម​មិន​ឲ្យ​លោក កឹម សុខា ជួប​អ្នក​ណា​ទាំងអស់ ក្រៅពី​ក្រុម​គ្រួសារ​របស់​លោក។

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ធ្លាប់​លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក គឺ​ស្រឡាញ់​លោក កឹម សុខា ពេក។

អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​អះអាង​ថា បរទេស​ទាំងនោះ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​លោក​រហូត ព្រោះ​ថា​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ស្រាប់តែ​បរទេស​ទាំងនោះ​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក កឹម សុខា និង​នាំ​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​ស្ថានទូត​របស់​ពួកគេ​ទៅវិញ។

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ។

តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍​ពី​លោក កឹម សុខា ដោយ​ហាម​ការ​ឈរឈ្មោះ ឬ​ចូលរួម​បោះឆ្នោត ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស