38 C
Phnom Penh

សមត្ថកិច្ច​បារម្ភ​អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ភាព​ជឿនលឿន​ខ្លាំង ខណៈ​ការ​ជួយ​សង្គ្រោះ​នៅ​មាន​កម្រិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ថា កំពុង​មាន​ភាព​ជឿនលឿន​ខ្លាំង ខណៈ​ការ​ជួយ​សង្គ្រោះ​របស់​មន្ត្រី​មូលដ្ឋាន​នៅ​មាន​កម្រិត ស្រប​ពេល​ដែល​បទល្មើស​ទាំងនេះ​កំពុង​វាយលុក​នៅ​រាជធានី និង​ខេត្ត​មួយ​ចំនួន​កាន់តែ​ខ្លាំង​ឡើងៗ។

អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ដល់​មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​នៅ​តាម​មូលដ្ឋាន ពេល​នោះ​សមត្ថភាព​នៃ​ការ​ជួយ​សង្គ្រោះ​របស់​មន្ត្រី​មូលដ្ឋាន​នៅ​មាន​កម្រិត​នៅឡើយ ហើយ​បណ្តឹង​ដែល​បាន​ប្តឹង​កន្លង​មក ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​សៀមរាប ផង​ដែរ។

លោក ស ថេត អះអាង​ថា ដោយ​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​នេះ ទើប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ផ្សព្វផ្សាយ និង​ធ្វើ​បទ​បង្ហាញ​អំពី​ការ​គ្រប់គ្រង និង​ស្រាវជ្រាវ​លើ​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ឱ្យ​មន្ត្រី​នគរបាល​យល់ដឹង​ក្នុង​ការ​គ្រប់គ្រង ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​ទៅ​លើ​បទល្មើស​នេះ ក្នុង​ការ​ជួយ​ដល់​ជនរងគ្រោះ និង​ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​ពលរដ្ឋ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ផង និង​អង្គភាព​ពាក់ព័ន្ធ​ផង​ដែរ។

អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី​នគរបាល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ហើយ​នោះ គឺ​អាច​ពន្យល់​ណែនាំ​ដល់​ពលរដ្ឋ​អំពី​កលល្បិច​នៃ​ការ​បោក​បញ្ឆោត​របស់​ក្រុម​ឧក្រិដ្ឋជន​បាន​ជាមិនខាន​ឡើយ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​អាច​គ្រប់គ្រង​បទល្មើស​នេះ​បាន​ហើយ​នោះ អាជ្ញាធរ​ក៏​នឹង​អាច​ឈាន​ទៅ​ការ​បង្ក្រាប​បទល្មើស​ផ្សេង​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​បាន​ដោយ​ជោគជ័យ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មករា នេះ​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​ដែល​កំពុង​រីក​រាលដាល​ព្រោងព្រាត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​មិន​អាច​ពឹង​តែ​លើ​សមត្ថភាព​បង្ក្រាប​នៃ​អង្គភាព​តែ​មួយ​ផ្នែក​របស់​ខ្លួន​បាន​ទេ ក្នុង​នោះ អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ស្នើសុំ​ការ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​ស្ថាប័ន​ជំនាញ​ខាង​បច្ចេកវិទ្យា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្រៅពី​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ទាំងនេះ ត្រូវតែ​បើក​ទូលាយ​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋជន ដើម្បី​ទទួល​យក​ធាតុ​ចូល​ពី​សាកលវិទ្យាល័យ​ឯកជន​នានា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ កម្លាំង​សមត្ថកិច្ច​កម្ពុជា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ចោទប្រកាន់​ជនល្មើស​នូវ​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ដូចជា បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​ចរាចរ​គ្រឿងញៀន ជាដើម ដោយសារតែ​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ​ទំនើប​ជាង​សមត្ថកិច្ច។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ចេញ​របាយការណ៍​កាលពី​ពេល​កន្លង​ទៅ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដែល​ទម្លាក់​កម្ពុជា​ពី​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​ដដែល​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា បាន​កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​គេ​រក​ឃើញ​មុខសញ្ញា​នៅ​ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា សព្វថ្ងៃ​នេះ។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់ ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ ប៉ុន្តែ​តួលេខ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស