32.3 C
Phnom Penh

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​តុលាការ​ចាប់​ខ្លួន​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់​គុក​ដោយសារ​លក់​ផ្ទះ​ខ្យល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​តុលាការ​រឹបអូស​ទ្រព្យសម្បត្តិ​ឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ឡាយឡុង​យក​លុយ​ទៅ​សង​អតិថិជន ឬ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​ដាក់​គុក ដោយសារតែ​គាត់​បាន​លក់​ផ្ទះ​ខ្យល់​ឱ្យ​អតិថិជន​រហូត​មក ខណៈ​អតិថិជន​រងគ្រោះ​ទាំងនោះ​ស្ទើរតែ​ទាំងអស់​សុទ្ធសឹងតែ​ជា​កូនបំណុល​ធនាគារ​វ័ណ្ឌក។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មករា ថា ក្រុមហ៊ុន​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុង​ប្រឈម​នឹង​ការ​ប្រកាស​ក្ស័យធន​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ឧកញ៉ា ហ៊ួត ជា ប្រកាស​ទិញ​គម្រោង​ផ្ទះ​អតិថិជន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុង​តម្លៃ​តែ​ពាក់កណ្ដាល​នៃ​តម្លៃ​ដើម​ពី​អតិថិជន បន្ទាប់ពី​អតិថិជន​ទាំងនោះ​បាន​នាំគ្នា​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ទិញ​ផ្ទះ​ពី​ពួកគេ​វិញ​ក្នុង​តម្លៃ ៥០% តាម​កិច្ចសន្យា​កាលពី​ពេល​ថ្មីៗ​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា ខ្លះ​រង់ចាំ​ផ្ទះ​ដែល​ក្រុមហ៊ុន​សាងសង់​ឱ្យ​ជាង ៣​ឆ្នាំ​ហើយ ប៉ុន្តែ​មក​ដល់​ពេលនេះ មិន​ទាន់​ដឹង​ថា​ផ្ទះ​នោះ​នៅ​ឯណា​នៅឡើយ​ទេ បើ​ទោះបីជា​ពួកគេ​បាន​បង់​លុយ​ឱ្យ​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្រប់​ចំនួន​ទាំង​បង់​រំលស់ និង​បង់​ផ្តាច់​ជា​លុយ​សុទ្ធ​ហើយ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ការ​តវ៉ា​ពី​អតិថិជន​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​រក្សា​ភាព​ស្ងប់ស្ងាត់​លែង​ហ៊ាន​ធ្វើ​សកម្មភាព​បរិច្ចាគ​លុយ​ឱ្យ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ដូច​មុន​ដែរ។

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​យក​លុយ​ពី​អតិថិជន​ជាង ២០​លាន​ដុល្លារ​ទៅ​ឲ្យ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​បក្ស​កាន់​អំណាច ព្រមទាំង​យក​លុយ​ទៅ​ជួល​ក្រុម​រកស៊ី​តាម​អនឡាញ Make Money Online (MMO) បង្កើត​ហ្វេសប៊ុក​ក្លែងក្លាយ ដើម្បី​វាយប្រហារ​អ្នក​ដទៃ​នោះ​ទេ គាត់​ក៏​ប្រាកដ​ជា​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​សាងសង់​ផ្ទះល្វែង​ឲ្យ​អតិថិជន​ទាន់​ពេលវេលា​ដែរ មិន​មែន​គ្មាន​លុយ​បែប​នេះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតិថិជន​ដែល​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា ចេញ​មុខ​តវ៉ា​ជា​ហូរហែ បន្ទាប់ពី​ពួកគេ​មិន​ទទួល​បាន​ផ្ទះ​តាម​កិច្ចសន្យា​ក្រោយ​បង់​លុយ​តាម​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​រួចរាល់។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អតិថិជន​ដែល​បាន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​បុរី ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំគ្នា​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ឧកញ៉ា​រូប​នេះ​សាងសង់​ផ្ទះ​ឱ្យ​ពួកគេ​ដូច​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទិញ​លក់​ផ្ទះ ដែល​បាន​ពួកគេ​បាន​ផ្ដិត​ស្នាម​មេដៃ​ធ្វើជា​ភស្តុតាង​ជាមួយ​ក្រុមហ៊ុន​កន្លង​មក ក្នុង​នោះ អតិថិជន​ខ្លះ​បាន​ទិញ​ផ្ទះ​ពី​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពី​ឆ្នាំ​២០២០ មក ប៉ុន្តែ​រហូត​ដល់​ពេលនេះ ពួកគេ​មិន​ទាន់​ឃើញ​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ​នោះ​សាងសង់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ខណៈ​ពេលវេលា​បាន​ហួស​កាលកំណត់​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​ដល់​ទៅ​រាប់​ខែ​ទៅ​ហើយ​នោះ។

ជាក់ស្តែង អតិថិជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​អតិថិជន​រងគ្រោះ​ជាច្រើន​ទៀត​ដែល​មាន​ឈ្មោះ​ថា ជុំ សូគ្រឹះ បាន​ទម្លាយ​ថា រូប​គាត់​បាន​ចុះ​កិច្ចសន្យា​ផ្ដិត​មេដៃ​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុង​គម្រោង​បុរី​ចាស្មីន កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ដែល​ត្រូវ​បង់​រំលស់​ប្រចាំ​ខែ​ក្នុង​ទំហំ​ទឹកប្រាក់ ២២០​ដុល្លារ ឬ ៨៨​ម៉ឺន​រៀល​ក្នុង ១​ខែ​ជា​រៀងរាល់​ដើម​ខែ។

ក្នុង​លិខិត​បង់​រំលស់​ប្រាក់​បញ្ជាក់​ថា ការ​បង់​រំលស់​នេះ​ត្រូវ​គិត​ការប្រាក់ ១% ខណៈ​អតិថិជន​រូប​នេះ​បាន​បង់​លុយ​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រចាំ​ខែ​បាន​ចំនួន ៤០​ខែ​ហើយ ឬ ៣​ឆ្នាំ​កន្លះ ដែល​គិត​ជា​ប្រាក់​សរុប​មាន​ចំនួន​ជិត ១​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ (៨៨០០​ដុល្លារ) គិត​ត្រឹម​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ប៉ុន្តែ​លិខិត​ដដែល​នេះ​បញ្ជាក់​បន្ថែម​ថា អតិថិជន​រូប​នេះ​ត្រូវ​បង់​ប្រាក់​ចំនួន ២៣២​ខែ ឬ ២៧​ឆ្នាំ​កន្លះ (២៧​ឆ្នាំ ៥​ខែ) ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ដល់​ទៅ​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥១០៤០​ដុល្លារ) ឯណោះ​សម្រាប់​ផ្ទះ​ដែល​គេ​បាន​ទិញ​នេះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់​បាន​សាងសង់​ផ្ទះ​ឱ្យ​រូបគេ​នៅឡើយ​ទេ។

ក្រោយ​ការ​ផ្ទុះ​ការ​តវ៉ា​ពី​អតិថិជន កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ឧកញ៉ា ហ៊ួត ជា អគ្គនាយក​ក្រុមហ៊ុន ហ៊ួត ជា គ្រុប ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ប្រកាស​ទិញ​ផ្ទះ​ពី​អតិថិជន​បុរី ឡេង ណាវ៉ាត្រា ក្នុង​តម្លៃ ៥០% នៃ​ប្រាក់​ដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើក​ជា​សំណួរ​ថា តើ​ការ​ប្រកាស​ទិញ​ផ្ទះ​ក្នុង​តម្លៃ ៥០% នេះ អាច​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​កេងប្រវ័ញ្ច​ពី​អតិថិជន​រងគ្រោះ​ដោយ​មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​ពីក្រោយ​ដែរ​ឬ​ទេ? ព្រោះ​ថា​មាន​អតិថិជន​រងគ្រោះ​ច្រើន​ណាស់​បាន​បង់​លុយ​គ្រប់​ចំនួន ប៉ុន្តែ​ពួកគេ​ត្រូវ​លក់​ផ្ទះ​ទៅវិញ​តម្លៃ​តែ​ពាក់កណ្តាល ដូច្នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ចំណេញ​លុយ​ពាក់កណ្តាល​ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់។

ប្រភព​ដដែល​លើកឡើង​ថា ទាក់ទង​នឹង​បញ្ហា​នេះ គួរតែ​មាន​ការ​ធ្វើ​សវនកម្ម​ដោយ​តម្លាភាព ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ពី​ភាព​យឺតយ៉ាវ​នៃ​ដំណើរការ​សាងសង់​ផ្ទះ​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ត្រូវ​ពិន័យ​ទៅ​តាម​ច្បាប់​កំណត់។ ជាង​នេះ​ទៀត ក៏​ត្រូវ​តែ​ដឹង​ឱ្យ​ច្បាស់​ដែរ​ថា ក្រុមហ៊ុន​នេះ​ប្រឈម​នឹង​ការ​ក្ស័យធន​មែន ឬ​ក៏​អត់ ហើយ​បើ​ក្ស័យធន​មែន តើ​គួរ​ដោះស្រាយ ឬ​ផ្តល់​សំណង​បែប​ណា​ដល់​អតិថិជន​របស់​ខ្លួន។

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ឡេង ភត្រា ដែល​គេ​ស្គាល់​ជាទូទៅ​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើ​ពេល ៤​ឆ្នាំ​ក្នុង​អាជីវកម្ម​អចលនទ្រព្យ​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ ក្នុង​នោះ ឧកញ៉ា​រូប​នេះ​ក៏​មាន​លុយ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​លុយ​សុទ្ធ​ក្រោម​រូបភាព​ជំនួយ​មនុស្សធម៌​ផ្សេងៗ​រហូត​ដល់​ជាង ២០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា ឧកញ៉ា​រូប​នេះ​កំពុងតែ​ឈរឈ្មោះ​រកស៊ី​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​កំពូល​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស