អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញស្រូវ ១ពាន់តោន (១០០០តោន) ពីកសិករ ចែកឱ្យអតិថិជនដែលបានទិញដីឡូត៍ និងផ្ទះល្វែងពីបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦A ទាំងអស់ដែលខ្វះខាត និងទទួលសំណងយឺតយ៉ាវ ពេញមួយឆ្នាំ២០២៥ ដោយឥតគិតថ្លៃ ប៉ុន្តែពុំបានឆ្លើយតបចំពោះការទាមទារផ្ទះពីអតិថិជននោះទេ។
សាធារណជនខ្មែរមន្ទិលថា ស្រូវ ១ពាន់តោនដែលឧកញ៉ាសន្យានេះ ទំនងជាទិញពីសមាគមស្រូវអង្ករកម្ពុជាដែលគ្រប់គ្រងដោយលោក សុខ ពុទ្ធិវុធ កូនប្រុសលោក សុខ អាន ជាកូនប្រសាលោក ហ៊ុន សែន និងជាប្អូនថ្លៃលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកំពុងរងការចោទប្រកាន់ថាលក់ដីខ្យល់ និងផ្ទះខ្យល់ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ មករា នេះថា លោកនឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១ពាន់តោន ដើម្បីផលិតជាអង្ករចែកឱ្យអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ពីបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ទាំងអស់ដែលខ្វះខាត សម្រាប់ហូបរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ។
អ្នកឧកញ៉ារូបនេះបញ្ជាក់ថា ការធ្វើដូច្នេះ គឺអាចជួយទាំងកសិករ ទាំងអតិថិជនបុរី ឡេង ណាវ៉ាត្រា ទាំងអស់ផងដែរ ដូច្នេះអតិថិជនរបស់លោកទាំងអស់ដែលខ្វះខាត និងទទួលបានសំណង់យឺតយ៉ាវសូមបំពេញព័ត៌មានដើម្បីទទួលបានអង្ករហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ នៅការិយាល័យបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦A ចាប់ពីពេលនេះតទៅ។
បន្ទាប់ពីការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានអ្នកចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិ (Comment) ជាច្រើននាក់ដែរ ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផន សម្ភស្ស លើកឡើងថា ខ្ញុំក៏ទិញអង្ករគេហូបដែរ តែខ្ញុំមិនចង់បានអង្កររបស់លោកឧកញ៉ាទេ គឺសុំត្រឹមសង់ផ្ទះខ្ញុំឱ្យលឿន ឆាប់បានក្នុងឆ្នាំ២០២៥ នេះមក គឺខ្ញុំសប្បាយចិត្តពេកហើយ ព្រោះ ៤ឆ្នាំហើយដែលខ្ញុំរង់ចាំផ្ទះដែលបានទិញពីគម្រោងរបស់លោកឧកញ៉ា។
ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផាន់ សុវណ្ណារិទ្ធិ សរសេរក្នុងន័យឌឺដងថា មានលុយទិញដល់ទៅបុរីហើយ នៅមានអ្នកខ្វះអង្ករហូបទៀត។ បន្ថែមពីនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វង់ ធឿន លើកឡើងថា អ្នកទិញផ្ទះមិនទាន់បានផ្ទះផង ស្រាប់តែទទួលបានអង្ករទៀត ចេះតែមានហើយស្រុកខ្មែរ ទិញផ្ទះបានអង្ករ។
ការប្រកាសទិញស្រូវដើម្បីចែកជូនអតិថិជនក្នុងគម្រោងដីឡូត៍នេះ ធ្វើឡើងខណៈដែលអតិថិជនដែលបានទិញដីឡូត៍ និងផ្ទះល្វែងក្នុងគម្រោងផ្លូវជាតិលេខ ៦A គ្រោងនឹងធ្វើបាតុកម្មនៅមុខបុរីទាមទារសំណងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
កាលពីថ្ងៃទី១៤ ខែមករា ពលរដ្ឋរងគ្រោះក្នុងគម្រោងអចលនទ្រព្យផ្លូវជាតិលេខ ៦A រាប់រយនាក់ ប្ដេជ្ញាធ្វើកូដកម្មនៅមុខបុរី និងតាមប្លង់ (ប្លុក) នីមួយៗ បើឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែមិនព្រមចេញមុខមកដោះស្រាយឱ្យពួកគេទេនោះ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ មករា នេះថា លោកសាទរបើឧកញ៉ា ឡេង ណាវ៉ាត្រា ពិតជាមានបំណងក្នុងការជួយកសិករ និងជួយទៅដល់អតិថិជនរបស់គាត់ដែលមានការខ្វះខាត ប៉ុន្តែគាត់ក៏មិនត្រូវអូសបន្លាយពេលអនុវត្តកិច្ចសន្យាក្នុងការសាងសង់ផ្ទះ និងចាក់បំពេញដីឡូត៍តាមកិច្ចព្រមព្រៀងជាមួយអតិថិជនដែរ។
លោក សេក សុជាតិ លើកឡើងថា ជាការពិត អតិថិជនមិនចង់បានអង្កររបស់លោក ឡេង ណាវ៉ាត្រា ទេ ព្រោះពួកគេចង់បានត្រឹមតែដី និងផ្ទះរបស់ពួកគេដែលបានទិញពីក្រុមហ៊ុនប៉ុណ្ណោះ។
លោក សេក សុជាតិ គូសបញ្ជាក់ថា បើចែកអង្ករហើយ ការសាងសង់ផ្ទះឱ្យអតិថិជននៅតែមិនអនុវត្តដដែល នោះការចែកអង្ករនេះក៏គ្មានន័យអ្វីដែរសម្រាប់អតិថិជនរងគ្រោះទាំងនោះ។
ម្យ៉ាងទៀត មានអតិថិជនខ្លះសួរថា ដល់ពេញមួយឆ្នាំហើយនៅតែគ្មានដី គ្មានផ្ទះដដែល តើឧកញ៉ា ឡេង ណាវ៉ាត្រា សងប្រាក់វិញដោយកាត់ថ្លៃចែកអង្ករឬទេ ឬក៏លោកនឹងចែកអ្វីផ្សេងទៀត?
ចំពោះអាជីវកម្មបោកប្រាស់ជាច្រើនរូបភាព ទាំងតាមអនឡាញ ទាំងក្រៅអនឡាញ កើតមាននៅប្រទេសកម្ពុជាប្រមាណជាងបួនឆ្នាំមកនេះ ព្រឹត្តិបត្រ The Diplomat នៅថ្ងៃទី១៥ ខែមករា ផ្សាយថា សកម្មភាពឧក្រិដ្ឋកម្មទាំងអស់នេះក៏ជាទិសដៅរដ្ឋាភិបាលដែលចង់ឲ្យបរទេសចាប់អារម្មណ៍ ហើយត្រូវតែចងមិត្ត ឬជួយប្រទេសកម្ពុជា។
អត្ថបទសរសេរថា គ្រោះថ្នាក់ពីឧក្រិដ្ឋកម្មប្រភេទនេះ ជាអាវុធមុខពីរ ហើយវានឹងធ្វើឲ្យប៉ះកក្រើកដល់រដ្ឋាភិបាលក្នុងតំបន់ និងក្នុងពិភពលោក បើសិនជារដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍មិនហ៊ានហើបមាត់និយាយចំៗទេ។ សារព័ត៌មាន The Cambodia Daily នឹងធ្វើសេចក្តីរាយការណ៍លម្អិតអំពីរឿងនេះផ្សាយនៅពេលក្រោយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

