កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ប្រទេសបង់ក្លាដេស បានរៀបចំឱ្យមានការបោះឆ្នោតសភា និងតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែដំណើរការបោះឆ្នោតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនបានឈរលើគោលការណ៍សេរីភាពដូចការបោះឆ្នោតនៅអាណត្តិមុនៗទេ ព្រោះបក្សប្រឆាំងធំៗបានសម្រេចធ្វើពហិការបោះឆ្នោត ដែលធ្វើឱ្យអ្នកចេញទៅបោះឆ្នោតមានកម្រិតទាបជាខ្លាំង ជាប្រការមួយប៉ះពាល់ខ្លាំងដល់ប្រព័ន្ធប្រជាធិបតេយ្យ។
តាមបណ្ដាញផ្សាយព័ត៌មាន Asia Pacific ឱ្យដឹងថា ប្រជាជនចេញទៅបោះឆ្នោតមានអត្រាក្រោម ៤០% នៃចំនួនប្រជាជន ១២០លាននាក់ដែលមានសិទ្ធិបោះឆ្នោត។ នេះជារឿងអាស្រូវប្រវត្តិសាស្ត្រនៃប្រវត្តិការបោះឆ្នោតរបស់ប្រទេសឥស្លាមមួយនេះ។
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលខ្លាំង ដែលអ្នកចេញទៅបោះឆ្នោតមានអត្រាដ៏ទាបនេះ ដែលនាំឱ្យសង្គមបង់ក្លាដេស អាចធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ។
យ៉ាងណា ស្ថាប័នបោះឆ្នោតដែលកំពុងរួមរឹតក្រោមសម្ពាធពីអ្នកមិនចេញទៅបោះឆ្នោតជាង ៦០% កំពុងស្ថិតក្នុងភាពអាម៉ាស់ជំនួសបក្សឈ្នះឆ្នោត។
នៅក្នុងការបោះឆ្នោតដ៏អាម៉ាស់នេះ នាយករដ្ឋមន្ត្រី អ្នកស្រី Sheikh Hasina ដែលកម្ទេចគូប្រកួតមិនឱ្យមានសំឡេងនៅក្នុងការបោះឆ្នោត បានជាប់ឆ្នោតសាជាថ្មីសម្រាប់អាណត្តិទី៥ របស់អ្នកស្រី ដែលជាការបោះឆ្នោតមួយពុំមានលក្ខណៈប្រជាធិបតេយ្យ និងសេរីដូចអាណត្តិមុនៗនោះទេ។
អ្នកនាំពាក្យម្នាក់មកពីស្ថាប័នជាតិបោះឆ្នោតបង់ក្លាដេស នៅថ្ងៃចន្ទនេះបាននិយាយថា គណបក្សកាន់អំណាច Awami League របស់អ្នកស្រី Hasina បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតបន្ទាប់ពីការបោះឆ្នោតមួយដែលត្រូវបានរាយការណ៍ថាមានអត្រាអ្នកចូលរួមបោះឆ្នោតប្រមាណជា ៤០% ប៉ុណ្ណោះ។
គណបក្សជាតិនិយមបង់ក្លាដេស ហៅកាត់ BNP ស្ថិតក្នុងចំណោមគណបក្សប្រឆាំងជាច្រើនផ្សេងទៀតដែលបានសម្រេចចិត្តមិនចូលរួមប្រកួតក្នុងការបោះឆ្នោត ក្រោមហេតុផលថា គឺជាការបោះឆ្នោតមួយដែលពុំមានលក្ខណៈសេរី ឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដេស កុំទទួលយកលទ្ធផលបោះឆ្នោតដែលហៅជាការបោះឆ្នោតក្លែងក្លាយ។
លទ្ធផលចុងក្រោយ គ្រោងនឹងប្រកាសនៅឯពិធីមួយនៅរសៀលថ្ងៃចន្ទនេះ។ មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតបង់ក្លាដេស បាននិយាយថា គណបក្សរបស់អ្នកស្រី Hasina បានឈ្នះអាសនៈនៅក្នុងសភាប្រហែលជា ៣ភាគ៤ ដោយបានអាសនៈជិត ២២០ នៅក្នុងចំណោមអាសនៈសរុប ៣០០ ហើយបក្សដែលបានអាសនៈតិចតួចសុទ្ធតែជាបក្សដែលអ្នកស្រី Hasina បញ្ចុះបញ្ចូលឱ្យចូលរួមបោះឆ្នោត។
អ្នកស្រី Hasina ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបង់ក្លាដេស ជាលើកដំបូងក្នុងឆ្នាំ១៩៩៦ និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០០៩ ហើយបានបន្តកាន់អំណាចមកទល់នឹងសព្វថ្ងៃនេះ។
ជ័យជម្នះរបស់គណបក្ស Awami League ទោះជាមានសំឡេងភាគច្រើនលើសលប់ក្នុងសភាក៏ដោយ តែក្រុមអ្នកសង្កេតការណ៍ព្រមានពីការផ្ទុះរលកប្រឆាំង ព្រោះសំឡេងប្រឆាំងដែលមិនចេញទៅបោះឆ្នោតមានច្រើនជាងសំឡេងសន្លឹកឆ្នោតរបស់គណបក្ស Awami League។
ហេតុអ្វីបានជាស្ថាប័នបោះឆ្នោតប្រទេសបង់ក្លាដេស មិនបំប៉ោងអត្រាអ្នកចេញទៅបោះឆ្នោត?
នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅពិភពលោក ស្ថាប័នបោះឆ្នោតគឺជាអ្នកបង្ហាញឲ្យឃើញអំពីតម្លៃនៃឆន្ទៈរបស់ប្រជាជន និងតម្លៃរបស់បក្សដែលឈ្នះឆ្នោត។
នៅប្រទេសខ្លះ បក្សប្រឆាំងធ្វើសម្ព័ន្ធភាពរួបរួមគ្នាមិនចេញទៅបោះឆ្នោត ក៏បក្សកាន់អំណាចដែលផ្ដាច់ការនោះ រៀបចំឲ្យស្ថាប័នបោះឆ្នោតរបស់ប្រទេសដែលក្រោមឥទ្ធិពលរបស់ខ្លួនកែតម្រូវតួលេខឲ្យស្របនឹងការឈ្នះឆ្នោតរបស់បក្សនោះ បើទោះជាពលរដ្ឋមិនចេញទៅបោះឆ្នោតជាងពាក់កណ្ដាលប្រទេសក៏ដោយនោះ។
ស្ថាប័នរៀបចំការបោះឆ្នោតដែលគេថាជាឧបករណ៍របស់បក្សកាន់អំណាច ត្រូវតែបំប៉ោងតួលេខអ្នកចេញទៅបោះឆ្នោត ហើយប្រកាសថាអ្នកចេញទៅបោះឆ្នោតមានចំនួនជាង ៨០% ឬជិត ៩០% ក៏មានដែរ ខណៈការបោះឆ្នោតកត់សម្គាល់ដោយការជ្រលក់ម្រាមដៃនឹងទឹកខ្មៅរបស់អ្នកចេញទៅបោះឆ្នោត។
ប្រទេសខ្លះសឹងតែគ្មានអ្នកចេញទៅបោះឆ្នោតទេ តែគេត្រូវរៀបចំឲ្យមានការជ្រលក់ម្រាមដៃនឹងទឹកខ្មៅស្ទើរគ្រប់គ្នា ហើយសូកសំណូកឱ្យថវិកាច្រើនសិបដុល្លារក្នុងម្នាក់ៗទៀតផង។
ករណីនេះមានរួចទៅហើយនៅប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសខ្លះដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកផ្ដាច់ការ។
តែសម្រាប់ស្ថាប័នបោះឆ្នោតប្រទេសបង់ក្លាដេស យ៉ាងហោចណាស់ក៏អ្នកសង្កេតការណ៍វាយតម្លៃថាមានគោលការណ៍អព្យាក្រឹត្យ ឯករាជ្យ មិនជ្រកកោនឥទ្ធិពលរបស់បក្សកាន់អំណាចហួសហេតុពេកនោះទេ។
គេថាបើស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះជាឧបករណ៍របស់បក្សកាន់អំណាច គឺច្បាស់ណាស់នឹងរកវិធីសាស្ត្របំប៉ោងតួលេខអ្នកបោះឆ្នោត និងបំពេញតាមសេចក្ដីត្រូវការរបស់បក្សកាន់អំណាច។
ភាគរយនៃអ្នកចេញទៅបោះឆ្នោតក្រោម ៥០% ដូចប្រទេសបង់ក្លាដេស នេះ គឺពិតណាស់អ្នកឈ្នះឆ្នោតមានភាពអាម៉ាស់ ហើយគ្មានតម្លៃសម្រាប់កាន់អំណាចនៅក្នុងក្រសែភ្នែករបស់ប្រជាជននោះដែរ។
អ្នកស្រី Sheikh Hasina អាចដឹងខ្លួនឯងថា បើមានបក្សប្រឆាំងចូលរួមបោះឆ្នោត ពិតណាស់ទំនងនឹងមិនអាចជាប់ឆ្នោតបានទៀតនោះទេ ព្រោះការគាំទ្រនៅសល់ប្រមាណជាជាង ៣០% ប៉ុណ្ណោះ។
អ្នកសង្កេតការណ៍មើលឃើញអំពីស្ថាប័នបោះឆ្នោតរបស់ប្រទេសបង់ក្លាដេស គឺយ៉ាងហោចណាស់គ្រាន់បើ និងមានតម្លៃជាងស្ថាប័នបោះឆ្នោតរបស់ប្រទេសផ្សេងៗទៀត ដែលព្យាយាមបំប៉ោងតួលេខបំពេញសេចក្ដីត្រូវការរបស់បក្សកាន់អំណាច និងមេដឹកនាំផ្ដាច់ការ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

