30 C
Phnom Penh

ជន​ផ្ដាច់ការ​ចុងក្រោយ​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​ប្រជាជន​ទាញ​ទម្លាក់​ពី​អំណាច​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​៥ សីហា កន្លង​ទៅ​នេះ ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដែល​នឹកស្មាន​មិន​ដល់​ថា​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ​មួយ​ដ៏​រឹងមាំ​នៅ​ប្រទេស​បង់ក្លាដេស ទីបំផុត​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​កម្លាំង​ប្រជាជន​ក្នុង​បុព្វហេតុ​តស៊ូ​វណ្ណៈ រើ​បម្រះ​ចេញពី​ការ​ជិះជាន់​នៃ​រដ្ឋអំណាច​របស់​ស្ត្រី​ម្នាក់​អាយុ ៧៦​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ គឺ​អ្នកស្រី សេក ហាស៊ីណា (Sheikh Hasina)។

ក្នុង​បុព្វហេតុ​ដើម្បី​សេរីភាព ប្រជាជន​បង់ក្លាដេស បាន​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​បំផុត​ក្រោម​គ្រាប់កាំភ្លើង​របស់​រដ្ឋអំណាច​ប៉ូលិស ដែល​ពួកគេ​បាញ់​បង្ក្រាប​បាតុករ​និស្សិត បាតុករ​កសិករ បាតុករ​កម្មករ​ឱ្យ​ស្លាប់ និង​របួស​យ៉ាង​រង្គាល។ ទោះបីជា​ស្លាប់ និង​របួស​យ៉ាងណា ក៏​បាតុករ​បង់ក្លាដេស មិន​រាថយ​ឡើយ។

បាតុកម្ម​ជាង​មួយ​ខែ បាតុករ​បង់ក្លាដេស ស្លាប់​ជាង ៤០០​នាក់ របួស​ច្រើន​ពាន់​នាក់ និង​ចាប់​ខ្លួន​ជាង​មួយ​ម៉ឺន​នាក់ ក៏​ប្រជាជន​នៃ​ប្រទេស​ដ៏​ក្រីក្រ​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​នៅតែ​ក្រាញ​ននៀល​ជា​រៀង​រាល់​ថ្ងៃ ទាំង​យប់​ទាំង​ថ្ងៃ រហូត​ពួកគេ​សម្រេច​បាន​នូវ​គោលដៅ​មួយ គឺ​បញ្ចប់​ការ​ដឹកនាំ​ផ្ដាច់ការ​នៃ​រដ្ឋការ​នាយករដ្ឋមន្ត្រី សេក ហាស៊ីណា។

នៅ​ថ្ងៃ​អាទិត្យ ទី​៤ សីហា បាតុករ​ស្លាប់​ជិត ១០០​នាក់ របួស​ច្រើន​ពាន់​នាក់​ដោយសារ​ការ​បាញ់​បង្ក្រាប​ពី​សំណាក់​ប៉ូលិស​ក្រុង​ដាកា ពេល​នោះ​ហើយ​ដែល​បាតុករ​បាន​ប្រកាស​វាយ​បញ្ចប់​ឱ្យ​បាន​ការ​គ្រប់គ្រង​ផ្ដាច់ការ​របស់​អ្នកស្រី សេក ហាស៊ីណា។

នៅ​ព្រឹក​ចន្ទ ទី​៥ សីហា បាតុករ​មាន​សន្ទុះ​កាន់តែ​ច្រើន​ឡើងៗ​រហូត​ដល់​រាប់​សែន​នាក់ សម្រុក​ប្រមូលផ្ដុំ​គ្នា​បំបែក​របាំង​បង្ក្រាប​របស់​ប៉ូលិស​ក្រុង​ដាកា ដោយ​បុក​ទម្លុះ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស។ ទីបំផុត កម្លាំង​បាតុករ​ស្ទុះ​ឡើង​ដូច​ទឹក​បាក់​ទំនប់ បោះ​ជំហាន​ឆ្លងកាត់​ខាង​មុខ​កាំភ្លើង​របស់​ប៉ូលិស ហើយ​ឆ្ពោះ​ទៅ​ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល ដែល​នៅ​ទីនោះ អ្នកស្រី សេក ហាស៊ីណា បាន​កំពុង​ស្ថិត​នៅ​ក្នុង​ការិយាល័យ​ជាមួយ​មន្ត្រី​ជំនួយការ ដើម្បី​តាមដាន​ស្ថានការណ៍ និង​គ្រប់គ្រង​សភាពការណ៍ តែ​បាតុករ​វាយ​បំបែក​ច្រក​ទ្វារ​វិមាន​រដ្ឋាភិបាល និង​ខ្លះ​ទៀត​ឡើង​ផ្លោះ​របង​សំដៅ​ទៅ​រក​អ្នកស្រី សេក ហាស៊ីណា។

អ្នកស្រី សេក ហាស៊ីណា ស្ថិត​ក្នុង​សភាព​ស្រឡាំងកាំង​សម្រេច​បង្ហោះ​ពាក្យ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា អ្នកស្រី​សម្រេច​លាលែង​ពី​តំណែង​ហើយ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​បង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា កុំ​តែ​អង្គរក្ស និង​ជំនួយការ​ចូល​ទៅ​ក្រៀក​រត់​ឡើង​ឧទ្ធម្ភាគចក្រ ម្ល៉េះ​បាតុករ​ចាប់​ខ្លួន​បាន​ហើយ។

តាម​មន្ត្រី​បង់ក្លាដេស មុន​អ្នកស្រី សេក ហាស៊ីណា ត្រូវ​អង្គរក្ស​ក្រៀក​រត់​ឡើង​ឧទ្ធម្ភាគចក្រ គឺ​កូនប្រុស​ម្នាក់​របស់​អ្នកស្រី​ដែល​រស់នៅ​ប្រទេស​អង់គ្លេស បាន​ភ្ជាប់​ទូរសព្ទ​ប្រាប់​ម្ដាយ​ថា​ត្រូវ​សម្រេច​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​លែង​ទប់​ជាប់​នឹង​កម្លាំង​វាយលុក​របស់​បាតុករ​ហើយ។ កូនប្រុស​ម្នាក់​នោះ​ប្រាប់​ម្ដាយ​ថា កុំ​នៅ​ក្នុង​ប្រទេស​ទៀត ព្រោះ​ថា​កងទ័ព​ក៏​ពួកគេ​សម្រេច​នៅ​ជាមួយ​បាតុករ​ហើយ​ដែរ។

តាម​ប្រភព​របស់​មន្ត្រី អ្នកស្រី សេក ហាស៊ីណា បាន​រត់​ភៀស​ខ្លួន​ជាមួយ​ប្អូនស្រី​ម្នាក់ រួម​នឹង​សមាជិក​រដ្ឋាភិបាល​ជាច្រើន​នាក់​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ប្រទេស​ឥណ្ឌា។

អ្នកស្រី សេក ហាស៊ីណា កំពុង​សុំ​សិទ្ធិ​ទៅ​ជ្រកកោន​នៅ​ប្រទេស​អង់គ្លេស ព្រោះ​កូនប្រុស​ម្នាក់​របស់​អ្នកស្រី​កំពុង​រស់នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​អង់គ្លេស មិន​ទាន់​សម្រេច​ឱ្យ​អ្នកស្រី​ជ្រកកោន​នៅឡើយ​ទេ តែ​ប្រទេស​ជាច្រើន​ទៀត​ប្រកាស​មិន​ទទួល​អ្នកស្រី​នោះ​ទេ ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

អំណាច គឺជា​ដើមហេតុ​នៃ​មហិច្ឆតា​ធ្វើ​ឱ្យ​អ្នកស្រី ហាស៊ីណា ដឹកនាំ​បង់ក្លាដេស ធ្លាក់​ក្នុង​ប្រព័ន្ធ​ផ្ដាច់ការ

គូប្រជែង​តែ​មួយ​គត់​ដែល​អ្នកស្រី សេក ហាស៊ីណា ខ្លាច​បាត់បង់​អំណាច គឺ​អ្នកស្រី Khaleda Zia ដែល​មាន​វ័យ ៧៨​ឆ្នាំ។ អ្នកស្រី Khaleda Zia ធ្លាប់​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​បង់ក្លាដេស និង​ជា​ប្រធាន​គណបក្ស​ជាតិ​និយម​បង់ក្លាដេស។ អ្នកស្រី Khaleda Zia បាន​ដឹកនាំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ផ្ដួល​រំលំ​មេដឹកនាំ​យោធា គឺ​ឧត្ដមសេនីយ៍ Hussain Muhammad Ershad ពី​អំណាច​នៅ​ឆ្នាំ​១៩៩០ តែ​ពេល​នោះ អ្នកស្រី​ចាប់​ដៃ​ជាមួយ​នឹង​អ្នកស្រី សេក ហាស៊ីណា។

អ្នកស្រី Khaleda Zia បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស ពី​ខែ​មីនា ឆ្នាំ​១៩៩១ ដល់​ខែ​មីនា ឆ្នាំ​១៩៩៦។ ពេល​នោះ អ្នកស្រី​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​បង់ក្លាដេស ដំបូង​គេ។ អ្នកស្រី Khaleda Zia បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត​ពី​ខែ​មិថុនា ឆ្នាំ​២០០១ ដល់​ខែ​តុលា ឆ្នាំ​២០០៦។ អ្នកស្រី Khaleda Zia គឺជា​ស្ត្រី​មេម៉ាយ​នៃ​អតីត​ប្រធានាធិបតី​បង់ក្លាដេស Ziaur Rahman ដែល​ត្រូវ​បាន​ធ្វើ​ឃាត​នៅ​ក្នុង​ឆ្នាំ​១៩៨១។

អ្នកស្រី សេក ហាស៊ីណា និង​អ្នកស្រី Khaleda Zia កាន់តែ​បែកបាក់​គ្នា​ខ្លាំង​ឡើង ហើយ​កាន់តែ​ប្រជែង​គ្នា​ខ្លាំង​ឡើង​នៅ​ពេល​អ្នកស្រី ស៊ីណា ពង្រឹង​អំណាច​កាន់តែ​ខ្លាំង ជាពិសេស​នៅ​រយៈពេល​ជាង ៦​ឆ្នាំ​ចុងក្រោយ​នេះ។ ទីបំផុត អ្នកស្រី ស៊ីណា ផ្ដើម​ចោទប្រកាន់​លាប​ពណ៌​អ្នកស្រី Khaleda Zia ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ។

អំឡុង​អ្នកស្រី Khaleda Zia ជាប់​ពន្ធនាគារ​តាំងពី​ឆ្នាំ​២០១៨ មក អ្នកស្រី សេក ហាស៊ីណា និង​រដ្ឋអំណាច​របស់​អ្នកស្រី បាន​វាយ​បង្ក្រាប​ទៅ​លើ​សកម្មជន​នយោបាយ​របស់​អ្នកស្រី Khaleda Zia រហូត​មាន​ការ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​រាប់​ពាន់​នាក់ និង​ករណី​សម្លាប់​អ្នក​នយោបាយ​ទៀត​ផង។ ក្នុង​អំឡុង​បង្ក្រាប​ការ​ងើប​ឡើង​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅ​ខែ​មករា ឆ្នាំ​២០២៤ ក្រុម​ប្រឆាំង​ជាង​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នកស្រី សេក ហាស៊ីណា កើត​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​១៩៤៧។ អ្នកស្រី​ជា​អ្នក​នយោបាយ​ដែល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បង់ក្លាដេស បាន​ពីរ​ដង គឺ​រវាង​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៦ ដល់​ខែ​កក្កដា ឆ្នាំ​២០០១ ម្ដង និង​ពី​ខែ​មករា ឆ្នាំ​២០០៩ រហូត​ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ។ អ្នកស្រី​ជា​ប្រធាន​គណបក្ស​មួយ​ដ៏​ធំ​មាន​ឈ្មោះ​ថា សម្ព័ន្ធ Awami។

អ្នកស្រី សេក ហាស៊ីណា ជា​កូនស្រី​របស់​វីរបុរស Sheikh Mujibur Rahman ជា​បិតា​ស្ថាបនិក​បង់ក្លាដេស ជា​ប្រធានាធិបតី​ទី​១ នៃ​ប្រទេស​បង់ក្លាដេស។ ឪពុក​របស់​អ្នកស្រី សេក ហាស៊ីណា ជា​វីរជន​ដែល​ដឹកនាំ​កម្លាំង​ទ័ព​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​ប៉ាគីស្ថាន ក្នុង​សង្គ្រាម​ឆ្នាំ​១៩៧១។ ឪពុក​របស់​អ្នកស្រី​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ​១៩៧៥ ក្នុង​ពេល​អ្នកស្រី​កំពុង​ស្ថិត​នៅ​ប្រទេស​មួយ​នៅ​ទ្វីប​អឺរ៉ុប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស