42 C
Phnom Penh

លោក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​នឹង​គ្មាន​ទី​ជ្រកកោន បើ​លោក​នៅ​រស់ ២០ ទៅ ៣០​ឆ្នាំ​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ហ៊ុន សែន ចំអក​ដោយ​ប្រយោល​ទៅ​កាន់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ថា​បើ​លោក​នៅ​រស់ ២០ ទៅ ៣០​ឆ្នាំ​ទៀត ក្រុម​ប្រឆាំង​នឹង​គ្មាន​ទី​ជ្រកកោន។

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ មករា ថា បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​អ្នក​ចេះ​ជាងគេ ដែល​លោក​ធ្លាប់​ប្រើ​ក្បាល​ឱ្យ​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២/៣ មក ៥០​បូក​១ នៅ​ឆ្នាំ​២០០៦ បាន​និយាយ​ថា ហ៊ុន ម៉ាណែត អត់​ចេះ​អី​ទេ អ្វីៗ​ឪពុក​នៅ​បញ្ជា​ដឹកនាំ​ទាំងអស់ ប៉ុន្តែ​ជីវិត​មនុស្ស​គ្មាន​អ្វី​អមតៈ​ទេ អត់​ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត នឹង​ចប់​ដែរ ឯ​ឱកាស​របស់​អ្នក​ប្រឆាំង​ក៏​មក​ដល់​ដែរ។

លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​មិន​ចង់​ឆ្លើយតប​ជាមួយ​សមត្ថភាព ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ ព្រោះ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​រួច​មក​ហើយ តែ​លោក​ចង់​សួរ​ទៅ​ជន​ដែល​តែង​និយាយ​ជាន់​កែង​ខ្លួនឯង​ថា អំណាច ហ៊ុន ម៉ាណែត ផ្អែក​លើ​អំណាច​របស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹង​ចប់ ចុះ​បើ ហ៊ុន សែន នៅ​រស់ ២០ ទៅ ៣០​ឆ្នាំ​ទៀត តើ​ក្រុម​ប្រឆាំង​ទៅ​ជ្រក​នៅ​ទីណា?

ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ហ៊ុន សែន ថា​អ្នក​ដែល​និយាយ​ថា ហ៊ុន សែន មិន​មែន​មាន​ជីវិត​អមតៈ​ទេ ម្នាក់​នេះ​មាន​អាយុ​ច្រើន​ជាង ហ៊ុន សែន។ ពេល ហ៊ុន សែន កើន​អាយុ តើ​លោក​មិន​កើន​អាយុ​ទេ​អី? លោក ហ៊ុន សែន ថា​លោក​ឆ្លើយ​ជួស​ទៅ​ចុះ កើន​ដូច​គ្នា នឹង​អាច​ងាប់​មុន ហ៊ុន សែន។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​មក​ថា ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​គ្រប់​គ្នា មិន​ត្រូវ​អស់​សង្ឃឹម​ក្នុង​ការ​បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ ព្រោះ​ថា​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​លោក ហ៊ុន សែន ច្បាស់​ជា​មិន​អមតៈ​ឡើយ។ លោក សម រង្ស៊ី បាន​ព្យាករ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ពី​ផែនដី​នេះ។

លោក សម រង្ស៊ី បញ្ជាក់​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហា​ជាតិ មិន​បាន​រលំរលាយ​ឡើយ បើ​ទោះបីជា​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​លោក ហ៊ុន សែន តាម​កម្ទេច តាម​គំរាមកំហែង​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ​នេះ នឹង​រលំរលាយ​នៅ​ពេល​ដែល​កម្លាំង​ស្នេហា​ជាតិ​របស់​អ្នក​ប្រជាធិបតេយ្យ​ប្រមូលផ្ដុំ​គ្នា​ឡើងវិញ ដូច្នេះ​ហើយ​បាន​ជា​ទាំង​លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ភ័យ​ព្រួយ​រហូត​ប្រើ​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​រហូត​មក​បែប​នេះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ។

យ៉ាងណា​ក៏ដោយ ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន និង​កំពុង​បន្ត​មក​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​បន្ត​រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​មិន​ខុស​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ឡើយ។

ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤​ខែ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ដែល​ជាប់​គាំង ឬ​កំពុង​រីក​រាលដាល​ដែល​បន្សល់​ពី​ឪពុក​របស់​គាត់​បាន ១​ករណី​នៅឡើយ​ទេ ប៉ុន្តែ​គេ​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​អនុវត្ត​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​ទៅវិញ។

សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​អាដហុក ក៏​បាន​ដាក់​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែរ​ថា កម្ពុជា​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធី​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ រឹតត្បិត​លំហ​សេរីភាព​នយោបាយ លំហ​សេរីភាព​សារព័ត៌មាន និង​រំលោភ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ជាដើម ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​ទៅ​តាម​យន្តការ​ដើម្បី​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៣ (UPR) របស់​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស