មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត បើកផ្លូវឱ្យអ្នកស្រីវិលទៅប្រទេសកម្ពុជាដែលជាទឹកដីកំណើតរបស់ខ្លួនវិញ ដើម្បីតស៊ូមតិរកយុត្តិធម៌តាមផ្លូវច្បាប់ ដោយសារសកម្មភាពតស៊ូមតិរបស់អ្នកស្រីកន្លងមក មិនមែនដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទេ ប៉ុន្តែដើម្បីកែលំអការដឹកនាំ និងរកផលប្រយោជន៍ឱ្យប្រទេសជាតិប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអ្នកស្រី មូរ សុខហួរ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ មករា ថា ទោះបីនៅពេលដែលអ្នកស្រីទៅដល់ប្រទេសកម្ពុជា ត្រូវតុលាការកាត់ទោស ឬយកអ្នកស្រីទៅដាក់ពន្ធនាគារក៏ដោយ ក៏អ្នកស្រីមិនខ្លាចដែរ ប៉ុន្តែរដ្ឋាភិបាលក៏មិនត្រូវបញ្ជាឱ្យអាជ្ញាធរក្រោមអំណាចរបស់ខ្លួន បិទសិទ្ធិពលរដ្ឋ ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនឱ្យចូលរួមតាមដានសវនាការរបស់អ្នកស្រីជុំវិញការចោទប្រកាន់នេះដែរ ប្រសិនបើតុលាការយល់ថាសាលក្រមរបស់ខ្លួនដែលបានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារ ៤០ឆ្នាំ ធ្វើឡើងដោយយុត្តិធម៌មែននោះ។
អ្នកស្រី មូរ សុខហួរ អះអាងថា អ្នកស្រីពិតជាចង់វិលទៅទឹកដីកំណើតរបស់អ្នកស្រីខ្លាំងណាស់ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយវង្សត្រកូលលោក ហ៊ុន សែន និងកំពុងបន្តទៅលោក ហ៊ុន ម៉ាណែត បែរជាហាមឃាត់មិនឱ្យអ្នកស្រីចូលទៅតស៊ូមតិក្នុងសវនាការដើម្បីឱ្យអ្នកស្រីទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទៅវិញ ដែលទង្វើនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អ្នកដែលប្រឆាំងនឹងនីតិរដ្ឋរបស់ប្រទេសកម្ពុជា គឺមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកំពុងគាបសង្កត់រដ្ឋាភិបាលខ្មែរនៅពេលនេះប៉ុណ្ណោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ដើម្បីធានានូវសន្តិភាព និងស្ដារប្រជាធិបតេយ្យ ព្រមទាំងលើកស្ទួយការគោរពសិទ្ធិមនុស្សពិតប្រាកដ លុះត្រាមានវត្តមានមន្ត្រីបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់សន្តិភាព ឬយុត្តិធម៌សង្គមដែលប្រកាសចេញពីបក្សកាន់អំណាចតែម្ខាងដូចសព្វថ្ងៃនេះ គ្រាន់តែជាការភូតកុហកពលរដ្ឋប៉ុណ្ណោះ ព្រោះថាមិនដែលសន្តិភាព យុត្តិធម៌សង្គម ឬការធានាបាននូវប្រជាធិបតេយ្យឯណាដោយការបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់បក្សប្រឆាំង អ្នកនយោបាយ សកម្មជនសង្គម និងពលរដ្ឋនោះទេ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើន រួមទាំងអ្នកស្រី មូរ សុខហួរ ផង ត្រូវរដ្ឋាភិបាលខ្មែរដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បិទផ្លូវមិនឱ្យវិលទៅទឹកដីកម្ពុជាវិញសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើននាក់ ដូចជា លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងលោក ឡុង រី ជាដើម បានបង្ខំចិត្តនិរទេសខ្លួនឯងមករស់នៅក្រៅប្រទេស ដូចជានៅប្រទេសបារាំង សហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើម បន្ទាប់ពីតុលាការកំពូលក្រោមអំណាចរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
ក្រោយពីការរស់នៅដោយនិរទេសនៅក្រៅស្រុកជិត ២ឆ្នាំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា មន្ត្រីគណបក្សសង្គ្រោះជាតិ (CNRP) ដែលកំពុងរស់នៅដោយនិរទេសនៅក្រៅស្រុកទាំងអស់ នឹងវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះ អ្នកស្រី មូរ សុខហួរ ក៏បានប្រកាសដែរថា ការវិលត្រឡប់របស់មន្ត្រីគណបក្សសង្គ្រោះជាតិ គឺដើម្បីតស៊ូមតិក្នុងវិស័យនយោបាយ និងដើម្បីព្យាយាមឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
បន្ទាប់ពីការប្រកាសសេចក្តីថ្លែងការណ៍នេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ៧រូបផ្សេងទៀត ដូចជា លោក អេង ឆៃអ៊ាង និងអ្នកស្រី ជូឡុង សូមួរ៉ា ជាដើម តែម្តង ក្រោមបទចោទថា ផែនការធ្វើមាតុភូមិនិវត្តន៍នេះ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីមន្ត្រីជាន់ខ្ពស់ខាងលើ ក៏មានមន្ត្រី និងសកម្មជនបក្សប្រឆាំងប្រមាណ ១៤០នាក់ទៀតដែរ ដែលត្រូវបានចោទប្រកាន់ និងចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» និង «រួមគំនិតក្បត់» ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ក្នុងនោះ អ្នកស្រី មូរ សុខហួរ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាការ ៤០ឆ្នាំថែមទៀត ខណៈលោក សម រង្ស៊ី ក៏ត្រូវតុលាការកាត់ទោសពីបទផ្ដួលរំលំរដ្ឋាភិបាលផង និងទោសដទៃទៀតផង ដែលសរុបទៅគឺមានទោស ១ជីវិតឯណោះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានម្តងទៀតពីការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍នេះ ត្រូវបានហាមឃាត់ និងទប់ស្កាត់ពីសំណាក់រដ្ឋាភិបាលកម្ពុជាតាមវិធីគ្រប់បែបយ៉ាង ដូចជា ការមិនផ្តល់ទិដ្ឋាការ ជាដើម ដែលជាហេតុធ្វើឱ្យមន្ត្រីបក្សប្រឆាំងទាំងនោះមិនអាចទិញសំបុត្រយន្តហោះដើម្បីវិលទៅប្រទេសកម្ពុជាវិញនៅពេលនោះ។
ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក សម រង្ស៊ី បានអះអាងថា អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនត្រូវបានគេអនុញ្ញាតឲ្យឡើងយន្តហោះតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី នោះទេ ពីព្រោះអ្នកស្រីមិនមានទិដ្ឋាការដើម្បីចូលប្រទេសកម្ពុជា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

