38 C
Phnom Penh

បក្ស​កម្លាំង​ជាតិ​ស្នើ​ក្រសួង​មហាផ្ទៃ​កុំ​ទទួលស្គាល់​ឯកសារ​បក្ស​ភ្លើង​ទៀន​ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ កុំ​ទទួលស្គាល់​សំណុំ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ដទៃ ដោយ​បាន​ចោទប្រកាន់​ថា មេដឹកនាំ​នៃ​គណបក្ស​នេះ​អនុវត្ត​ខុសពី​ជំហរ​ដើម​របស់​អតីត​ស្ថាបនិក​បក្ស​ភ្លើង​ទៀន។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មករា នេះ គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​កុំ​ទទួលស្គាល់​សំណុំ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ដទៃ។ គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចោទ​មេដឹកនាំ​បក្ស​ភ្លើង​ទៀន​ពី​បទ​អនុវត្ត​ខុសពី​ជំហរ​ដើម​របស់​អតីត​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន​ដែរ។

សេចក្តី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​សព្វថ្ងៃ​បាន​បោះបង់​គោលការណ៍​ប្រជាធិបតេយ្យ សេរី ហើយ​បាន​ចាប់​យក​ជម្រើស​ផ្ដាច់ការ បង្ខិតបង្ខំ គំរាមកំហែង ដែល​ទង្វើ​ទាំងនេះ​បាន​លាតត្រដាង​ឲ្យ​មហាជន​ទូទៅ​ឃើញ​ជាក់ស្តែង។

ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល ចាត់ទុក​ការ​លើកឡើង​របស់​បក្ស​កម្លាំង​ជាតិ ថា​ជា​សិទ្ធិ​របស់​គេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក ទាវ វណ្ណុល ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​គណបក្ស​ភ្លើង​ទៀន។

កាលពី​ថ្ងៃទី​២២ ខែ​មករា កន្លង​មក គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​អះអាង​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មិន​បាន​ឆ្លើយតប​រួសរាន់​នឹង​សំណើ​សុំ​ផ្លាស់ប្ដូរ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង។ គណបក្ស​ភ្លើង​ទៀន សម្ដែង​នូវ​ការ​បារម្ភ និង​ខកចិត្ត​ចំពោះ​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ផ្លាស់ប្ដូរ ឬ​ដោះដូរ​នេះ។

សេចក្តី​ថ្លែងការណ៍​ដដែល​ព្រមាន​ថា ទង្វើ​របស់​អាជ្ញាធរ​ហាក់​ដូចជា​មាន​ចេតនា​ក្នុង​ការ​បំបាក់​ស្មារតី​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន បំពាន​លើ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ និង​មិន​ស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន ៣២​នាក់​របស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណបក្ស​ស្នើសុំ​ផ្លាស់ប្ដូរ​ឈ្មោះ​ដាក់​អ្នក​ថ្មី​ជំនួស​ក្រុមប្រឹក្សា​ឃុំ​ចាស់ ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​ចាស់​ទទួល​មរណភាព លាលែង​ពី​តួនាទី អសកម្ម​ការងារ​បម្រើ​ម្ចាស់​ឆ្នោត និង​ការ​ចាកចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ភ្លើង​ទៀន​មាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន​សរុប​ចំនួន ២១៩៨​នាក់ ដោយសារតែ​គណបក្ស​នេះ​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ខាងមុខ គណបក្ស​ភ្លើង​ទៀន​បាន​ជ្រើសរើស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​នៅ​ក្នុង​សម្ព័ន្ធភាព​ជាមួយ​គ្នា ឲ្យ​ឈរឈ្មោះ​ប្រកួតប្រជែង។

ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ កន្លង​មក បាន​អំពាវនាវ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក​ថា តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ត្រូវ​ចេះ​រួបរួម​គ្នា ហើយ​សហការ​គ្នា​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក។ លោក​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវតែ​ចែក​តួនាទី​គ្នា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​រួម។

លោក សម រង្ស៊ី បាន​លើកឡើង​ថា នៅ​ពេលនេះ​មាន​គណបក្ស​នយោបាយ​បី​ដែល​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ លោក​សូម​ឲ្យ​អ្នកគាំទ្រ និង​សកម្មជន​នៃ​គណបក្ស​ទាំង​បី​នេះ រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​ន័យ​ថា​រក្សា​ឧត្តមគតិ​ដើម​របស់​ទាំងអស់​គ្នា​ឈរ​លើ​សីលធម៌ សច្ចធម៌ យុត្តិធម៌។

លោក សម រង្ស៊ី អះអាង​ថា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ត្រូវតែ​មាន​ការ​សហការ​គ្នា​រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​ចៀសវាង​ការ​ប្រកួតប្រជែង​គ្នា​នៅ​តាម​ភូមិភាគ​នីមួយៗ។ បើ​គណបក្ស​ទាំង​ពីរ​នេះ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ភូមិភាគ​ណា​មួយ គឺ​គណបក្ស​ទាំង​ពីរ​ច្បាស់​ជា​បរាជ័យ​ទាំង​ពីរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស