40.8 C
Phnom Penh

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​បោះឆ្នោត​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​ជា​គណបក្ស​ដែល​តំណាង​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេលនេះ ទើប​អាច​កម្ចាត់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ជោគជ័យ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣០ មករា នេះ​ថា នៅ​ក្នុង​ទីលាន​នយោបាយ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​គណបក្ស​នយោបាយ​តែ​បី​ប៉ុណ្ណោះ​ដែល​ជា​គណបក្ស​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​សម្រាប់​ការ​តស៊ូ​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត ហើយ​គណបក្ស​ទាំង​បី​នេះ ក៏​ជា​គណបក្ស​ដែល​មាន​អ្នកគាំទ្រ​ចេញ​មកពី​ប្រភព​ដើម​តែ​មួយ​ដែរ គឺ​ចេញ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​តំណាង​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែល​មាន​បំណង​លើកស្ទួយ​ប្រជាធិបតេយ្យ រួបរួម​គ្នា និង​សហការ​គ្នា​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ព្រោះ​ថា​មាន​តែ​ការ​រួបរួម​គ្នា​រវាង​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ទើប​អាច​កម្ចាត់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ជោគជ័យ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​មាន​លោក ហ៊ុន សែន ជា​មេដឹកនាំ កំពុង​បំផ្លាញ​អនាគត​ពលរដ្ឋ​ខ្មែរ​ត​ជំនាន់ ដូចជា ការ​បង្កើត​ឱ្យ​មាន​អំពើពុករលួយ និង​ការ​បង្កើត​បក្សពួក​និយម​ជា​ប្រព័ន្ធ ដែល​ជា​ដើមហេតុ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ដូចជា ចុះ​ខ្សោយ​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខាភិបាល និង​សេដ្ឋកិច្ច ជាដើម ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៤ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​ចេញ​លិខិត​អំពាវនាវ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ រួបរួម​កម្លាំង​គ្នា​ម្តង​រួច​ទៅ​ហើយ ដើម្បី​ឱ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ​ប្រមូល​កម្លាំង​អ្នកគាំទ្រ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ នេះ។

យ៉ាងណា​ក៏ដោយ ក្រោយ​ការ​អំពាវនាវ​នេះ​បាន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ព្រមាន​ទៅ​កាន់​គណបក្ស​នយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ដែល​បំពាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជាបន្ទាន់​ផង​ដែរ។

ក្រសួង​មហាផ្ទៃ ប្រកាស​យ៉ាង​ដាច់​ណាត់​ថា ចំពោះ​គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ខាងមុខ​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ដែល​បំពាន​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ពិសេស​មាត្រា​៦​ថ្មី​(ពីរ) ក្នុង​ចំណុច​ទី​៧ ដែល​បាន​ចែង​ថា ការ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ឱ្យ​ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​នយោបាយ​របស់​ខ្លួន គឺជា​សកម្មភាព​ដែល​ត្រូវ​បាន​ហាមឃាត់។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ផ្អែក​តាម​មាត្រា​៤៤​ថ្មី​(ពីរ) បាន​បញ្ញត្តិ​ថា គណបក្ស​នយោបាយ​ដែល​ប្រព្រឹត្ត​ល្មើស អាច​ប្រឈម​នឹង​ការ​ផ្អាក​សកម្មភាព​ប្រាំ​ឆ្នាំ ឬ​ប្រឈមមុខ​នឹង​ការ​រំលាយ​ដោយ​តុលាការ។ ទន្ទឹម​គ្នា​នេះ មាត្រា​៣៨​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​ផ្តល់​លទ្ធភាព​ដល់​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ចាត់​វិធានការ​ដើម្បី​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ ឬ​ប្ដឹង​ទៅ​តុលាការ ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ​ចោល។

ក្រោយ​មាន​ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ​បាន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ គណបក្ស​ភ្លើង​ទៀន ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ប្រកាស​បដិសេធ​ថា ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​បុគ្គល​ទាំងឡាយ​ណា​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​នោះ​ឡើយ។

ចំណែក​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង និង​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ពេល​ខាងមុខ​នេះ បាន​អះអាង​ថា គណបក្ស​របស់​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ណា​មួយ​ដូច​ការ​អះអាង​របស់​ក្រសួង​មហាផ្ទៃ​នោះ​ដែរ។

ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​ក្នុង​មុខតំណែង ដោយ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៨​រូប ក្នុង​ចំណោម​សមាជិក​សរុប ៦២​នាក់។

សមាជិក​ព្រឹទ្ធសភា​ចំនួន ២​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត​ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន ដោយឡែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ អាណត្តិ​ទី​៤ ក៏​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស