ពលរដ្ឋក្នុងឃុំកញ្ជរ ខេត្តពោធិ៍សាត់ ទម្លាយថា រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់រយហិកតារសព្វថ្ងៃនេះ ដោយការគប់គិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។
ពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំកញ្ជរ ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ កុម្ភៈ នេះថា ដីអភិរក្សតំបន់បឹងទន្លេសាបតំបន់៣ គ្មានពលរដ្ឋសាមញ្ញណាម្នាក់ហ៊ានទន្ទ្រានកាន់កាប់ទេ គឺមានតែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប៉ុណ្ណោះ ព្រោះថាពួកគេដឹងពីផែនការរបស់នាយករដ្ឋមន្ត្រីច្បាស់លាស់ ដូច្នេះពួកគេអាចមើលឃើញនូវចន្លោះប្រហោងជាច្រើនថា ពួកគេគួរធ្វើដូចម្តេចទើបអាចទន្ទ្រានកាន់កាប់ដីទាំងនោះដោយគ្មានទោសទណ្ឌ។
ប្រភពពលរដ្ឋដដែលលើកឡើងថា ពលរដ្ឋណាក៏ដឹងដែរថា ដីរាប់រយហិកតារនៅក្នុងតំបន់៣ ស្ថិតក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ គឺជាកម្មសិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ប៉ុន្តែពលរដ្ឋមិនដឹងថា តើគាត់ប្រើឈ្មោះសាច់ញាតិណាមួយឱ្យកាន់កាប់ដីទាំងនោះ ដូច្នេះទង្វើនេះបង្ហាញឱ្យឃើញថា ការហាមឃាត់របស់នាយករដ្ឋមន្ត្រីក៏គ្មានប្រសិទ្ធភាពដែរលើមន្ត្រីល្មើសច្បាប់ក្រោមឱវាទរបស់ខ្លួនទាំងនោះ។
ពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំកញ្ជរ ដដែលនេះ បញ្ជាក់ថា បើនាយករដ្ឋមន្ត្រីចង់ដឹងច្បាស់ពីករណីនេះពិតប្រាកដ គួរចុះមកពិនិត្យដោយខ្លួនឯង ព្រោះថាបើគាត់មើលត្រឹមតែរបាយការណ៍ គាត់នៅតែមិនដឹងពីការរំលោភទន្ទ្រានដីក្នុងតំបន់៣ នេះដដែល ត្បិតកន្លងមក មន្ត្រីថ្នាក់ក្រោមតែងសហការគប់គិតគ្នាជាប្រព័ន្ធ ដើម្បីភូតកុហកនាយករដ្ឋមន្ត្រីរហូតមក ដូច្នេះហើយបានជាទ្រព្យសម្បត្តិជាតិចេះតែហិនហោច ហើយទម្រាំតែនាយករដ្ឋមន្ត្រីដឹងការពិត គឺហួសពេលអស់។
នាយករដ្ឋមន្ត្រីកម្ពុជាតត្រកូលលោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ ដោយព្រមានដកតំណែងមន្ត្រីពុករលួយណាដែលឃុបឃិតជាមួយជនទុច្ចរិតរំលោភយកដីអភិរក្សនៅបឹងទន្លេសាប។ ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តទាំង ៦ នៅជាប់បឹងទន្លេសាប ពង្រឹងការគ្រប់គ្រងដីអភិរក្សនោះឡើងវិញ ដោយសុក្រិតភាព និងប្រសិទ្ធភាពជាកំហិតផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា វិធានការកាត់ឆ្វៀលដីបឹងទន្លេសាបរបស់រដ្ឋាភិបាលកម្ពុជាកន្លងមក មិនមែនសម្រាប់ប្រយោជន៍បុគ្គលកាងដោយមន្ត្រីពុករលួយទេ តែសម្រាប់ឱ្យពលរដ្ឋមួយចំនួនក្នុងការអាស្រ័យផលនៅលើដីនោះ។
កាលពីអំឡុងឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការក្តៅទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាប នៃខេត្តទាំង៦ គឺខេត្តពោធិ៍សាត់ កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងនោះរដ្ឋាភិបាលបានរកឃើញករណីរំលោភបំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបរាប់រយហិកតារ។
ជាក់ស្តែង ក្នុងឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង ២ពាន់ហិកតារទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកាប់រានព្រៃលិចទឹកយកជាកម្មសិទ្ធិ និងព្រមានវាយខ្នោះភ្លាមៗចំពោះជនណាដែលរឹងទទឹងមិនព្រមប្រគល់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបឲ្យរដ្ឋាភិបាលវិញ ប៉ុន្តែបទបញ្ជានេះត្រូវបានរលាយបាត់ ហើយការកាប់ទន្ទ្រាននៅតែបន្តកើតមានពីសំណាក់មន្ត្រីពុករលួយដដែល។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយស្ដីពីការកំណត់ដែនដីព្រៃលិចក្នុងទំហំ ៦៤ម៉ឺន ៧ពាន់ ៤០៦ហិកតារ ស្ថិតនៅក្នុងខេត្តទាំង៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ជុំវិញបឹងទន្លេសាប ខណៈអាជ្ញាធរទន្លេសាប បានបង្ហាញលើគេហទំព័ររបស់ខ្លួនដែរថា ផ្ទៃក្រឡាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប កាលពីឆ្នាំ២០០២ មានចំនួន ៧៩ម៉ឺន ១ពាន់ហិកតារ តែមកដល់ឆ្នាំ២០០៥ ព្រៃលិចទឹកនៅសល់ត្រឹមតែ ៦៨ម៉ឺន ៨ពាន់ ១៧០ហិកតារប៉ុណ្ណោះ។
បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិដែលមានមច្ឆជាតិដ៏សំខាន់របស់កម្ពុជា ដែលមានទំហំចំនួន ៣ពាន់គីឡូម៉ែត្រការ៉េនៅរដូវប្រាំង និងមានទំហំចំនួន ១ម៉ឺនគីឡូម៉ែត្រការ៉េនៅរដូវវស្សា ដែលជាប់ខេត្តចំនួនប្រាំមួយ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ផងដែរ។ ដោយឡែកព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃដីសរុបប្រមាណជិត ២៥ម៉ឺនហិកតារ ដែលជាជម្រកសម្រាប់ត្រីពង។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើទោះបីជាកន្លងមករដ្ឋាភិបាលចេញវិធានការទប់ស្កាត់យ៉ាងណាក៏ដោយ តែវិធានការនេះគេឃើញអនុវត្តតែមួយរយៈប៉ុណ្ណោះ ខណៈមន្ត្រីខិលខូច និងមន្ត្រីពុករលួយមួយចំនួន បាននាំគ្នាឆ្លៀតឱកាសក្នុងចន្លោះពេលនោះគប់គិតជាមួយឈ្មួញទុច្ចរិតរំលោភទន្ទ្រានកាន់កាប់តំបន់នោះតាមអំពើចិត្តសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

