26 C
Phnom Penh

លោក ហ៊ុន ម៉ាណែត នឹង​បំពេញ​ទស្សនកិច្ច​នៅ​ថៃ ដោយ​គ្រោង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ដោយ​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ តប​តាម​ការ​អញ្ជើញ​របស់​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ។ លោក ហ៊ុន ម៉ាណែត ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា-ថៃ សម្រាប់​ជា​គន្លឹះ ឱកាស និង​ប្រយោជន៍​របស់​ធុរជន​កម្ពុជា-ថៃ។

អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ហ៊ុន ម៉ាណែត នឹង​ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ព្រះបាទ មហា ប៉ាជីរ៉ាឡុងកន ព្រះមហាក្សត្រ​ថៃ នៅ​ព្រះបរមរាជវាំង ហើយ​លោក​ក៏​នឹង​ជួប​ដាច់ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ រួម​មាន​លោក​សាស្ត្រាចារ្យ ផនកេត វិឈិតធុល ឆៃ ប្រធាន​ព្រឹទ្ធសភា និង​លោក វ៉ាន់មូហាម៉ាត់ ណមៈថា ប្រធាន​រដ្ឋសភា​ថៃ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​នឹង​លើក​យក​ប្រធានបទ​សំខាន់​មួយ​មក​ពិភាក្សា​ជា​ថ្មី ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​តំបន់​ប្រេង​ត្រួត​ស៊ី​គ្នា​ក្នុង​ដែនសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ជាប់​គាំង​តាំងពី​ឆ្នាំ​២០០១ មក។

ប្រភព​ដដែល​អះអាង​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ប៉ានព្រី ផាហិថថានុក្រ៍ (Parnpree Bahiddha-Nukara) ក៏​បាន​បញ្ជាក់​ដែរ​ថា ថៃ​កំពុង​ទន្ទឹង​ចាំ​មើល​លទ្ធផល​ច្បាស់លាស់​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ នា​ពេល​ខាងមុខ ហើយ​ថា​បន្ទាប់​មក​ទៀត ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​មាន​ចំណាត់ការ​ទៅ​តាម​នីតិវិធី​តែម្តង។

មុន​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​សកម្មជន​ខ្មែរ ៣​នាក់​កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​នោះ គឺ​ដើម្បី​ទប់ស្កាត់​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​សប្តាហ៍​នេះ។

សកម្មជន​ខ្មែរ ៣​នាក់​ដែល​ជា​ជន​ភៀសខ្លួន​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​នោះ​រួម​មាន លោក គង់ រ៉ៃយ៉ា និង​លោក ផន ផាន់ណា ជា​អតីត​សមាជិក​គណបក្ស​ភ្លើង​ទៀន និង​ម្នាក់​ទៀត​ឈ្មោះ លឹម សុខា ជា​អនុប្រធាន​គណៈកម្មការ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ក្រុង​បាងកក។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ព្រមាន​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ ប្រសិនបើ​គាត់​ហ៊ាន​យក​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​កម្ពុជា-ថៃ ទំហំ​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា​ទៅ​ចូលរួម​សហការ​រកស៊ី​ប្រេង និង​ឧស្ម័ន​ជាមួយ​ថៃ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​ថៃ មែន​នោះ។

លោក អ៊ុំ សំអាន អះអាង​ថា តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា គឺ​ស្ថិត​ក្នុង​តំបន់​សមុទ្រ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ដែល​ថៃ បាន​យក​ពី​ប្រទេស​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម នៅ​អំឡុង​ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា បើ​ផ្អែក​តាម​សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ នោះ​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​ថៃ និង​វៀតណាម ក្នុង​ឆ្នាំ​១៩៩៧ ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រួច​ទៅ​ហើយ។

លោក អ៊ុំ សំអាន លើកឡើង​ថា សន្ធិសញ្ញា​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​ធ្វើ​ឡើង​ក្នុង​សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនសមុទ្រ​ខ្មែរ​ទៅ​ថៃ និង​វៀតណាម យ៉ាង​ច្រើន ក្នុង​នោះ កម្ពុជា​បាន​បាត់បង់ «កោះ​គុត» ទាំងស្រុង​ទៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០១០ ហើយ​ដោយសារតែ​ការ​បាត់បង់​កោះ​គុត​នេះ​ហើយ ទើប​បណ្តាល​ឱ្យ​ព្រំដែន​សមុទ្រ​ខ្មែរ​បាត់បង់​ដែរ ព្រោះ​ការ​កំណត់​ព្រំដែន​សមុទ្រ គឺ​ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ «កោះ​គុត» ធ្វើ​ជា​គោល ដើម្បី​តម្រង់​ខ្សែបន្ទាត់​ព្រំប្រទល់​សមុទ្រ ក្នុង​នោះ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ក៏​បាន​ចែង​ពី​ការ​យក​កោះ​គុត ធ្វើ​ជា​គោល​ក្នុង​ការ​កំណត់​ព្រំដែន​សមុទ្រ​កម្ពុជា-ថៃ ដែរ។

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា នៅ​អំឡុង​ឆ្នាំ​១៩៩៧ ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ លោក ហ៊ុន សែន ក៏​ធ្លាប់​តវ៉ា​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកក ជុំវិញ​ការ​រំលោភ​ដែនសមុទ្រ​កម្ពុជា ដែល​មាន​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បរាជ័យ ដូច្នេះ​នៅ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ចូលរួម​ក្នុង​គម្រោង​រកស៊ី​ប្រេង និង​ឧស្ម័ន​រួម​គ្នា​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​ថៃ ម្តង​នេះ មាន​ន័យ​ថា កម្ពុជា​មិន​ត្រឹមតែ​មិន​អាច​ទាមទារ​ដែនសមុទ្រ​របស់​ខ្លួន​ទំហំ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​បាន​បាត់​ទៅ​នោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​កំណត់​ព្រំដែន​សមុទ្រ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា​ជាមួយ​ថៃ នៅ​ថ្ងៃ​អនាគត​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស