រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដែលរិះគន់ថាការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាចុះខ្សោយនោះ ថាជារឿងមិនពិតនោះទេ ហើយថាការលើកឡើងបែបនេះក៏ជាចេតនាដើម្បីទាក់ទាញការអាណិតអាសូរពីពលរដ្ឋ ដើម្បីបានសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខតែប៉ុណ្ណោះ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយនៅថ្ងៃទី៧ ខែកុម្ភៈ នេះថា ការចោទប្រកាន់របស់លោក ទាវ វណ្ណុល ទៅលើរដ្ឋាភិបាលកម្ពុជា ថាបានដាក់កាមេរ៉ានៅមុខផ្ទះដើម្បីឃ្លាំមើលសកម្មភាពរបស់គាត់ ២៤ម៉ោង គឺជារឿងមិនពិតទាំងអស់ ព្រោះថាកាមេរ៉ានានាដែលបានដាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺក្រោមហេតុផលរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះដែរ។
ប្រភពដដែលអះអាងថា ការលើកឡើងរបស់លោក ទាវ វណ្ណុល គឺមានចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាន់តែខិតជិតចូលមកដល់ ហើយការលើកឡើងបែបនេះ ក៏គ្រាន់តែជាការសម្ដែងរបស់លោក ទាវ វណ្ណុល ដែរ ដើម្បីទាក់ទាញសមានចិត្តរបស់ប្រជាពលរដ្ឋ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាធានាសុខសន្តិភាព និងការអភិវឌ្ឍដែរ ដែលនេះគឺជាគោលជំហរដ៏ម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទៅថ្ងៃមុខ។
ការអះអាងនេះ ធ្វើឡើងដើម្បីច្រានចោលការលើកឡើងរបស់ប្រធានគណបក្សភ្លើងទៀន ដែលបានរិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងកាច់ចង្កូតដោយនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត នៅពេលនេះ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានជប៉ុនឈ្មោះ Nikkei Asia បានចុះផ្សាយសម្ដីប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីឪពុករបស់គាត់ គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មក ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលមួយនេះកាន់តែអាក្រក់ទៅៗ។
លោក ទាវ វណ្ណុល លើកឡើងថា លោកមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក និងសមាជិកគណបក្សភ្លើងទៀនផ្សេងទៀតយ៉ាងខ្លាំង បន្ទាប់ពីរូបលោក និងមន្ត្រីជាន់ខ្ពស់គណបក្សនេះផ្សេងទៀតត្រូវបានត្រួតពិនិត្យដោយកាមេរ៉ា ២៤ម៉ោង ដែលគេប្រើដើម្បីតាមដានសកម្មភាពរបស់លោក និងមន្ត្រីបក្សភ្លើងទៀនផ្សេងទៀត។
ប្រធានគណបក្សភ្លើងទៀនរូបនេះបញ្ជាក់ថា លោកមិនដឹងថាប្រទេសកម្ពុជានឹងត្រូវចំណាយពេលប៉ុន្មានឆ្នាំទៅមុខទៀត ដើម្បីសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ ស្របពេលដែលអ្នកមានអំណាចធ្វើអ្វីៗតាមអំពើចិត្ត ដែលជាហេតុធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាកាន់តែខ្សោយទៅៗក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានអន្តរជាតិឈ្មោះ ប៉ូលិទិកូ (POLITOCO) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា The ‘dirty dozen’ of Davos ឬ មេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២រូបដែលមានវត្តមានក្នុងទីក្រុងដាវ៉ូស ក្នុងនោះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវគេបញ្ចូលទៅក្នុងចំណោមមេដឹកនាំ និងអ្នកជំនួញកខ្វក់ចំនួន ១២នាក់នោះផងដែរ។
សារព័ត៌មានអន្តរជាតិខាងលើបានចាត់ទុកថា បុគ្គលទាំងនេះគឺជាប្រភេទអ្នកជំនួញទុច្ចរិត ជាមេដឹកនាំផ្ដាច់ការបែបអត្តាធិបតេយ្យដែលល្មោភអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន មិនគោរពច្បាប់ ដោយជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មលើអ្នកកាសែត និងបង្ក្រាបបង្ហូរឈាមលើពលរដ្ឋស្លូតត្រង់ ជាដើម ក្នុងនោះមានចំណុចសំខាន់ៗជាច្រើននៃការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន ម៉ាណែត រួមមានការបង្ក្រាបឥតឈប់ឈរលើគណបក្សប្រឆាំង និងអ្នករិះគន់ការបោះឆ្នោតមិនត្រឹមត្រូវ ការប្រព្រឹត្តអំពើពុករលួយ និងទំនាក់ទំនងបក្ខពួកនិយមរវាងក្រុមអ្នកនយោបាយកាន់អំណាច និងអ្នកជំនួញក្នុងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន សព្វថ្ងៃនេះ។
ចំណែកក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី អះអាងកាលពីពេលថ្មីៗនេះដែរថា ចូលដល់ឆ្នាំ២០២៤ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចេញមុខដោយផ្ទាល់ក្នុងការរំលោភបំពានលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋជាបន្តបន្ទាប់ ដែលសកម្មភាពនេះបានបង្ហាញពីការបន្តបេសកកម្មពីឪពុករបស់គាត់លោក ហ៊ុន សែន ក្នុងការបំផ្លាញដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទៅថ្ងៃមុខទៀត។
ទាក់ទិននឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា លោកបានប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីពេលថ្មីៗនេះថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត មិនមែនជានាយករដ្ឋមន្ត្រីដែលពលរដ្ឋខ្មែរជ្រើសរើសនោះទេ ប៉ុន្តែជានាយករដ្ឋមន្ត្រីស្នងអំណាចពីឪពុកដូចលោក គីម ជុងអ៊ុន ដែលស្នងអំណាចពីលោក គីម ជុងអ៊ីល ដែលជាមេដឹកនាំកុម្មុយនីស្តផ្ដាច់ការដូច្នោះដែរ ព្រោះថាការបន្តអំណាចពីឪពុកទៅកូនទាំងពីរនាក់សព្វថ្ងៃនេះ កំពុងតែគាបសង្កត់អ្នកប្រជាធិបតេយ្យ និងធ្វើបាបប្រជារាស្ត្រខ្មែរយ៉ាងធ្ងន់ធ្ងរដែលមានទម្រង់ដូចគ្នាទៅនឹងការគ្រប់គ្រងរបស់ប្រទេសកូរ៉េខាងជើង ដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

