34 C
Phnom Penh

ក្រុម​ហាម៉ាស​ស្នើ​បទ​ឈប់​បាញ់​រយៈពេល ១៣៥​ថ្ងៃ មុន​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ស្ថានភាព​ដែល​កងទ័ព​អ៊ីស្រាអែល វាយ​យក​បាន​សឹង​ទាំងអស់​នៃ​ដែនដី​ហ្កាហ្សា ក្រុម​ហាម៉ាស ដែល​គេ​ថា​ជា​អ្នក​រុញ​ឱ្យ​អ៊ីស្រាអែល បើក​ការ​វាយលុក​ចូល​ដែនដី​ហ្កាហ្សា ក្រោម​ហេតុផល​សងសឹក​ក្រុម​នេះ បាន​ទម្លាក់​ចោល​សឹងតែ​ទាំងស្រុង​នូវ​ភាព​មានះ​នៃ​ការ​ប្រយុទ្ធ​របស់​ខ្លួន។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា ក្រុម​ហាម៉ាស បាន​ស្នើ​ឡើង​នូវ​ផែនការ​បទ​ឈប់​បាញ់​មួយ ដែល​នឹង​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា រយៈពេល ៤​ខែ​កន្លះ។

សំណើ​របស់​ក្រុម​ហាម៉ាស ក៏​បាន​បង្ហាញ​ពី​ជំហរ​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល ទៀត​ផង។ សំណើ​របស់​ក្រុម​ហាម៉ាស គឺជា​ការ​ឆ្លើយតប​ចំពោះ​សំណើ​របស់​ប្រទេស​កាតារ និង​អេហ្ស៊ីប ដែល​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ យោង​តាម​សេចក្តី​ព្រាង​សំណើ គេ​ឃើញ​សំណើ​បទ​ឈប់​បាញ់​របស់​ក្រុម​ហាម៉ាស គឺ​មាន ៣​ដំណាក់កាល ហើយ​មួយ​ដំណាក់កាលៗ​មាន​រយៈពេល ៤៥​ថ្ងៃ។

តាមរយៈ​ផែនការ​នោះ ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន នឹង​ដោះដូរ​ចំណាប់ខ្មាំង​អ៊ីស្រាអែល​នៅ​សល់​ទាំង​ប៉ុន្មាន​ដែល​ពួកគេ​បាន​ចាប់​យក​ទៅ​កាន់​ហ្កាហ្សា អំឡុង​ការ​វាយប្រហារ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣។

ទន្ទឹម​នឹង​គ្នា​នេះ កិច្ចប្រឹងប្រែង​ស្ថាបនា​តំបន់ Gaza ឡើងវិញ អាច​នឹង​ចាប់ផ្តើម​នៅ​ពេល​កងទ័ព​អ៊ីស្រាអែល ដក​ចេញ​ទាំងស្រុង ប៉ុន្តែ​សំណើ​របស់​ក្រុម​ហាម៉ាស ដែល​ថា​ចង់​បញ្ចប់​សង្គ្រាម​ទាំងស្រុង បើ​ទោះជា​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជាច្រើន​នៅ​មជ្ឈិមបូព៌ា រួម​ទាំង​សហរដ្ឋ​អាមេរិក​ក្ដី ក៏​អ៊ីស្រាអែល មិន​ទាន់​យល់ព្រម​នៅឡើយ​នោះ​ទេ។

យោង​តាម​ផែនការ​របស់​ក្រុម​ហាម៉ាស ចំណាប់ខ្មាំង​អ៊ីស្រាអែល ជា​មនុស្ស​ស្រី និង​ប្រុស​អាយុ​ក្រោម ១៩​ឆ្នាំ ព្រមទាំង​អ្នក​មាន​វ័យ​ចំណាស់ និង​អ្នក​ឈឺ​ថ្កាត់ នឹង​ត្រូវ​ដោះលែង​អំឡុង​ដំណាក់កាល​រយៈពេល ៤៥​ថ្ងៃ​ដំបូង ជា​ថ្នូរ​នឹង​ការ​ដោះលែង​ស្ត្រី និង​អនីតិជន​ប៉ាឡេស្ទីន ចេញពី​ពន្ធនាគារ​អ៊ីស្រាអែល ប្រមាណ​ជា ២០០​នាក់។

ចំណែក​ចំណាប់ខ្មាំង​ប្រុសៗ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដោះលែង​នៅ​ដំណាក់កាល​ទី​២ ខណៈ​សាកសព​នឹង​ត្រូវ​ដោះដូរ​គ្នា​នៅ​ក្នុង​ដំណាក់កាល​ទី​៣។ ចំណែក​ដំណាក់កាល​ទី​៣ ក្រុម​ហាម៉ាស រំពឹង​ថា ភាគី​អ៊ីស្រាអែល នឹង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្ដីពី​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា។ បទ​ឈប់​បាញ់​រយៈពេល​វែង​នេះ ក៏​នឹង​ជួយ​បង្កើន​លំហូរ​ជំនួយ​អន្តរជាតិ​ទៅ​កាន់​ប្រជាជន​ប៉ាឡេស្ទីន ដែល​កំពុង​ត្រូវការ​ពួក​វា​យ៉ាង​ចាំបាច់​បំផុត។

នៅ​ថ្ងៃ​ពុធ ទី​៧ កុម្ភៈ នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken កំពុង​ស្ថិត​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ជា​ថ្មី​ម្តង​ទៀត ក្រោយ​ការ​បើក​កិច្ចពិភាក្សា​នៅ​ប្រទេស​កាតារ និង​អេហ្ស៊ីប ក្នុង​កិច្ចប្រឹងប្រែង​ការទូត​ដែល​មាន​គោលដៅ​ចម្បង​ស្វែងរក​បទ​ឈប់​បាញ់​រយៈពេល​វែង ដើម្បី​បិទ​បញ្ចប់​សង្គ្រាម។

បើ​តាម​ដំណឹង​មក​ថា លោក Antony Blinken ត្រូវ​ជួប​មេដឹកនាំ​អ៊ីស្រាអែល មាន​ទាំង​នាយករដ្ឋមន្ត្រី មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល។

លោក Blinken ត្រូវ​លើកឡើង​អំពី​សំណើ​របស់​ក្រុម​ហាម៉ាស និង​ការ​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម រួម​ទាំង​ការ​បង្កើត​យន្តការ​គ្រប់គ្រង​សភាពការណ៍​នៅ​ហ្កាហ្សា ថា​តើ​គួរ​មាន​កង​រក្សា​សន្តិភាព​ពហុ​សាសន៍​ឬ​ទេ។

សំណើ​ឱ្យ​មាន​កម្លាំង​សន្តិសុខ​ពហុ​សាសន៍​នៅ​ហ្កាហ្សា ក្រោយពី​អ៊ីស្រាអែល ដក​ទ័ព ក៏​ជា​ការ​ជំរុញ​ផង​ដែរ​ដោយ​ប្រទេស​អេហ្ស៊ីប ប្រទេស​កាតារ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គូតារ៉េ។ តែ​បែប​នេះ​ក្ដី អ៊ីស្រាអែល បាន​ប្រកាស​ឱ្យ​ដឹង​ថា ការ​ដក​កងទ័ព​របស់​អ៊ីស្រាអែល ចេញពី​ហ្កាហ្សា លុះត្រាតែ​អស់​រចនាសម្ព័ន្ធ​នៃ​កម្លាំង​របស់​ពួក​ហាម៉ាស។

អ៊ីស្រាអែល បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​សងសឹក​នៅ​ដែនដី​ប៉ាឡេស្ទីន ហ្កាហ្សា ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស បន្ទាប់ពី​ពួក​ហាម៉ាស បាន​ធ្វើ​សកម្មភាព​ឆ្មក់​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​មុន។

ក្នុង​ការ​លួច​វាយ​របស់​ពួក​ហាម៉ាស កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដោយ​ក្រុម​ហាម៉ាស បាញ់​រ៉ុក្កែត​យ៉ាងតិច ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជាង ១២០០​នាក់ និង​ចាប់​ចំណាប់ខ្មាំង​ជាង ២៥០​នាក់​នៅ​ភាគ​ខាងត្បូង​អ៊ីស្រាអែល ទៅ​កាន់​ហ្កាហ្សា។

ភ្លាមៗ អ៊ីស្រាអែល ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​សង្គ្រាម ហើយ​ក៏​ចាប់ផ្ដើម​វាយ​សងសឹក​លើ​ពួក​ហាម៉ាស។ រហូត​មក​ដល់​ពេលនេះ សង្គ្រាម​របស់​អ៊ីស្រាអែល វាយ​សងសឹក បាន​ឈាន​ដល់​ចូល​ដល់​ខែ​ទី​៤ ហើយ។

យោង​តាម​ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា ជនជាតិ​ប៉ាឡេស្ទីន កើន​ដល់​យ៉ាងហោច​ជិត ៣​ម៉ឺន​នាក់ (២៧៥៨៥​នាក់) ហើយ​បាន​បាត់បង់​ជីវិត របួស​ប្រមាណ​ជា​ជិត ៥​ម៉ឺន​នាក់ និង​រត់​ភៀសខ្លួន​ជិត ២​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស