29 C
Phnom Penh

អ្នកវិភាគ​យល់​ថា ថៃ ចង់​ជ្រៀត​ទាញ​យក​ផល​ពី​ប្រទេស​កម្ពុជា​ដូច​ប្រទេស​វៀតណាម​និង​ចិន​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​សាច់​មួយ​ដុំ​នៅ​លើ​ជ្រញ់ ដែល​ប្រទេស​ថៃ​កំពុង​ស្រេក​ឃ្លាន ខណៈ​ប្រទេស​វៀតណាម និង​ចិន កំពុង​ពុះ​ច្រៀក​ហែក​ចែក​គ្នា​តាំងពី​ដែន​គោក​រហូត​ដល់​ដែនទឹក ព្រមទាំង​លូកលាន់​ចូល​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​តាម​អំពើ​ចិត្ត​ថែម​ទៀត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​រដ្ឋាភិបាល​មួយ​ដែល​គិត​តែ​ពី​អំណាច មិន​គិត​ពី​ប្រយោជន៍​ជាតិ​ដូច​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ បរទេស​ជិតខាង​ដែល​ចង់​ត្របាក់​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា​នោះ ពួកគេ​មិន​ខ្លាច​នឹង​ធ្វើ​អ្វីៗ​ដើម្បី​ផ្គាប់ចិត្ត​មេដឹកនាំ​ដែល​ឈ្លក់​វង្វេង​នឹង​អំណាច​បែប​នេះ​ទេ ដើម្បី​ជា​ថ្នូរ​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ជាតិ​សាសន៍​របស់​ពួកគេ។

លោក គឹម សុខ លើកឡើង​ថា មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខាង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន រួម​ទាំង​ការ​ដាក់​គោលដៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ឱ្យ​បាន ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​អ្វី​ទាំងអស់​នេះ​គ្រាន់តែ​ជា​ការ​ចង់​បាន​ពី​ប្រទេស​ថៃ ក្នុង​ជំហាន​ដំបូង មុន​នឹង​បោះ​ជំហាន​ទៅ​រក​ការ​សហការ​រកស៊ី​កាន់តែ​ជ្រៅ​លើ​ប្រេង និង​ឧស្ម័ន​ក្នុង​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ ខណៈ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ផែនការ​ត្រឹមតែ​ចង់​បោស​សម្អាត​សកម្មជន​ប្រឆាំង​លើ​ទឹកដី​ថៃ ទៅវិញ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​វិល​ចូល​ក្នុង​ឆាក​នយោបាយ​ថៃ នៃ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ជា​មិត្ត​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន រហូត​ឈាន​ដល់​ការ​អញ្ជើញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នៅ​ពេលនេះ មិន​មែន​គ្រាន់តែ​ជា​ការ​បង្កើត​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថៃ ទំនង​ជា​ប្រើ​ទំនាក់ទំនង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​មុខ​តាម​សេណារីយ៉ូ​មួយ​នេះ​ផង​ដែរ។

លោក គឹម សុខ គូស​បញ្ជាក់​ថា ប្រទេស​ថៃ មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រជែង​ដណ្តើម​ផល​ប្រយោជន៍​គ្នា​ពី​ប្រទេស​កម្ពុជា​រវាង​វៀតណាម និង​ចិន ដោយ​អវត្តមាន​ខ្លួនឯង​នោះ​ទេ ដូច្នេះ​ដើម្បី​ផ្គាប់ចិត្ត​មេដឹកនាំ​ខ្មែរ​ដែល​ហ៊ាន​លក់​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួនឯង​ព្រោះតែ​អំណាច រដ្ឋាភិបាល​ថៃ ក៏​នឹង​មិន​ខ្លាច​នឹង​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន បញ្ជូន​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែរ ទោះជា​អ្នក​នោះ​មាន​ការ​ទទួលស្គាល់​ពី​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ក៏ដោយ ដើម្បី​ដោះដូរ​យក​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រទេស​ជាតិ​របស់​ពួកគេ​ដែរ។

កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត និង​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ផ្ដោត​ជា​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង រឹត​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​អរគុណ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ផង​ដែរ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខ្មែរ​មិន​ឱ្យ​យក​ទឹកដី​ថៃ ធ្វើជា​ទីតាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

ចំណែកឯ​នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវីស៊ីន ក៏​បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​នោះ​ដែរ​ថា រដ្ឋាភិបាល​ថៃ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ឡើយ ហើយ​ប្រទេស​ថៃ នឹង​អនុវត្ត​ច្បាប់​របស់​ខ្លួន​យ៉ាង​តឹងរ៉ឹង។

ជុំវិញ​បញ្ហា​នេះ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត គឺជា​មេដឹកនាំ​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លងដែន​ថ្មី​នៃ​ប្រទេស​កម្ពុជា ដែល​គាត់​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​លើស​ពី​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ និង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​បំពាន​សិទ្ធិមនុស្ស​ឆ្លងដែន។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សង្កត់​ធ្ងន់​ថា មេដឹកនាំ​ប្រទេស​ថៃ គួរតែ​ទទួលស្គាល់​ថា ការ​ធ្វើ​ជា​អ្នក​ជិតខាង​ល្អ ក៏​ត្រូវ​គិតគូរ​អំពី​ការ​លើក​កម្ពស់​សេរីភាព​មនុស្ស​ជាតិ​ដែរ មិនមែន​ត្រឹមតែ​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ចុះ​កិច្ចព្រមព្រៀង​បូម​ឧស្ម័ន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ពេលនេះ​តទៅ នឹង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​វិស័យ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ដោយ​ចៀស​មិន​ផុត​ឡើយ បន្ទាប់ពី​វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​វិល​ចូល​ឆាក​នយោបាយ​ថៃ វិញ​នៅ​ពេលនេះ។

លោក ឱក សេរីសោភក្តិ៍ បញ្ជាក់​ថា ដើម្បី​ជំរុញ​នយោបាយ​ខ្មែរ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ និង​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន ដាច់ខាត មេដឹកនាំ​ខ្មែរ​ត្រូវតែ​កសាង​ម៉ាស៊ីន​បច្ចេកទេស​សម្រាប់​រដ្ឋ​មួយ​ដែល​មិន​រណប​ផល​ប្រយោជន៍​គណបក្ស​នយោបាយ តាមរយៈ​នៃ​ការ​បណ្តុះបណ្តាល​មន្ត្រី​ស្អាតស្អំ និង​មាន​សមត្ថភាព។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ធ្វើការ​វះកាត់​ជំងឺ​រលេះរលួយ​ដែល​ខ្លួន​មាន ចេញ​ដែរ ព្រោះ​សព្វថ្ងៃ ជំងឺ​នេះ​នឹង​ធ្វើ​ឱ្យ​ស្លាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស