38.3 C
Phnom Penh

សភា​អាមេរិកាំង​ស្នើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ឆ្លងដែន​ពី​របប​ផ្ដាច់ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​គ្រប់គ្រង​ផ្ដាច់ការ​ក្នុង​ពិភពលោក បាន​ព្យាយាម និង​កំពុងតែ​ព្យាយាម​អនុវត្ត​វិធានការ​បំបិទ​មាត់​ក្រុម​ជំទាស់ ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ ដោយ​ប្រើ​ធនធាន​បញ្ជូន​ភ្នាក់ងារ​ដៃ​ជើង​របស់​គេ ឲ្យ​ឆ្លង​ប្រទេស​ទៅ​តាម​ដាន​ក្រុម​ទាំងនោះ​ក្នុង​ទឹកដី​មាន​សេរីភាព និង​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋ​អាមេរិក កាណាដា សហភាព​អឺរ៉ុប ជាដើម។

សភា​អាមេរិកាំង​បាន​ស្នើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​ឆ្លងដែន​នេះ។

គណៈកម្មការ​សិទ្ធិមនុស្ស ថម ឡាន់ថូស នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​មាន​សហប្រធាន​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​លោក James McGovern ពី​បក្ស​ប្រជាធិបតេយ្យ និង​លោក Christopher Smith ពី​បក្ស​សាធារណរដ្ឋ បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ នេះ ដើម្បី​ស្តាប់​សាក្សី​បង្ហាញ​ទឡ្ហីកម្ម ពិនិត្យ​លើ​សកម្មភាព ឥទ្ធិពល និង​ទំហំ​របប​ផ្ដាច់ការ និង​សំណើ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ផ្ដន្ទា​ពី​អ្នក​ដឹកនាំ​ផ្ដាច់ការ។

ក្នុង​ចំណោម​សាក្សី​ទាំង ៨​នាក់​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ការពារ​សេរីភាព និង​អ្នកកាសែត លោក តាំង សារ៉ាដា អ្នក​ឆ្លងឆ្លើយ​ផ្សាយ​ព័ត៌មាន​នៃ​សារព័ត៌មាន The Cambodia Daily ក៏​ត្រូវ​បាន​អញ្ជើញ​ធ្វើជា​សាក្សី​ដែរ ព្រោះ​ធ្លាប់​រង​នូវ​ការ​គំរាមកំហែង​ពី​ដៃ​ជើង​អ្នក​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា។

ដោយសារតែ​ពួក​អ្នក​ដឹកនាំ​ផ្ដាច់ការ​ក្នុង​ពិភពលោក​មិន​ត្រឹមតែ​ធ្វើ​ទុក្ខបុកម្នេញ ផ្ដន្ទា គាប​សង្កត់ បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន​ដែល​ទាមទារ​រក​យុត្តិធម៌​ក្នុង​ប្រទេស​របស់​ខ្លួន​ទេ គេ​ថែមទាំង​តាម​រាវរក​សកម្មជន​ទាំងនោះ​នៅ​ក្នុង​ប្រទេស​សេរី​ថែម​ទៀត ដើម្បី​បំភិតបំភ័យ​អ្នក​ទាំងនោះ និង​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត។

គេ​រក​ឃើញ​ថា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ មាន​ព្រឹត្តិការណ៍​កើត​ឡើង​លើ​រូបកាយ​សកម្មជន​តស៊ូ​មតិ ៨៥៤​ករណី​ដែល​បង្ក​ហេតុ​ដោយ​រដ្ឋាភិបាល​ចំនួន​៣៨ ពី​ប្រទេស​ចំនួន​៩១។ សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រព្រឹត្ត​ការ​គាបសង្កត់​ឆ្លងដែន​ច្រើន​ជាងគេ បន្ទាប់​មក​ប្រទេស​តួកគី អេហ្ស៊ីប និង​រ៉ូវ័នដា។ រីឯ​របប​ដឹកនាំ​ស្រុក​ខ្មែរ​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា គេ​បង្កើត​សាខា​បក្ស​ជា​បណ្ដាញ ហៅថា​ក្រុម​ការងារ​យុវជន​បក្ស​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​វត្តមាន​របស់​ខ្លួន​ក្នុង​ប្រទេស​សេរី​ប្រជាធិបតេយ្យ ឲ្យ​សមាជិក​សហគមន៍​ខ្មែរ​ពុទ្ធសាសនិក​ខ្លបខ្លាច​ចូល​ជា​សមាជិក ឬ​គាំទ្រ​បក្ស​កាន់​អំណាច​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការ​ព្រួយបារម្ភ​ខ្លាច​មិន​បាន​ទៅ​លេង​ស្រុក​កំណើត ជាដើម។ល។

សភា​តំណាងរាស្ត្រ​បាន​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​លេខ HR-3654 មាន​ឈ្មោះ​ថា ច្បាប់​ស្តីអំពី​គោលការណ៍​នយោបាយ​ប្រឆាំង​ការ​គាប​សង្កត់​ឆ្លងដែន (Trans-national Repression Policy Act)។ ចំណែក​ឯ​ខាង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក៏​មាន​សេចក្តី​ស្នើ​ច្បាប់​ឈ្មោះ​ដូច​គ្នា មាន​ខ្លឹមសារ​ស្រដៀង​គ្នា ហៅថា S-831 ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា Jeff Merkley ពី​រដ្ឋ Oregon ខាង​បក្ស​ប្រជាធិបតេយ្យ។ ដំណាល​ពេល​គ្នា​នេះ សាខា​នីតិប្រតិបត្តិ ឬ​ខាង​សេតវិមាន ក៏​ចាប់ផ្តើម​ស្នើ​បញ្ចូល​លក្ខខណ្ឌ​ច្បាប់​បន្ថែម ដើម្បី​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ មាន​អំណាច​តាមដាន ស៊ើបអង្កេត​រក​ប្រភព​ដើម​ដែល​ប្រើ​ធនធាន​ពី​អាជីវកម្ម​ទុច្ចរិត​ឧក្រិដ្ឋ​របស់​ខ្លួន ដើម្បី​ទិញ​អចលនទ្រព្យ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។

លក្ខខណ្ឌ​ច្បាប់​នេះ តម្រូវ​ឲ្យ​ភ្នាក់ងារ​នៃ​ក្រុមហ៊ុន​ទិញ-លក់​អចលនទ្រព្យ ដីធ្លី ផ្ទះសម្បែង ហៅ​ថា real estate agents រាយការណ៍​ទៅ​កាន់​ការិយាល័យ​បណ្ដាញ​អនុវត្ត​ច្បាប់​លើ​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ ហៅ​ថា FinCEN៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស