40.8 C
Phnom Penh

អង្គការ​សហប្រជាជាតិ​បារម្ភ​ខ្លាំង​ខ្លាច​ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដែល​ថា ពិភពលោក​អាច​ធ្លាក់​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់ពី​កូរ៉េខាងជើង​ព្រមាន​ថា​សូម្បី​អាវុធ​នុយក្លេអ៊ែរ ក៏​អាច​បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​សត្រូវ​ផង​ដែរ។

ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក ក្នុង​ទិវា​អន្តរជាតិ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ លោក Antonio Guterres បាន​ហៅ​ស្ថានភាព​អសន្តិសុខ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ​ថា​កាន់តែ​ធ្ងន់ធ្ងរ ដែល​លោក​អះអាង​ថា គេ​ត្រូវ​រួម​គ្នា​បញ្ឈប់​ការ​រត់​ប្រណាំង​សព្វាវុធ ទោះ​ជា​អាវុធ​ណា​ក៏ដោយ។

ការ​ថ្លែង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​លោក Kim Song ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ថ្លែង​ព្រមាន​ទៅ​កាន់​មហាសន្និបាត​ដែល​លោក​ថា កូរ៉េខាងជើង មិន​បង្ខំ​ឱ្យ​មាន​ការ​បង្ក​សង្គ្រាម​នៅ​លើ​ឧបទ្វីប​របស់​កូរ៉េ​នោះ​ទេ ព្រោះ​វា​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ។ លោក Kim Song បន្ត​ថា ពិភពលោក​កុំ​បន្ទោស ឬ​វាយប្រហារ​កូរ៉េខាងជើង គឺ​កូរ៉េខាងត្បូង ទេ​ជា​អ្នក​បង្ក​ឱ្យ​ឧបទ្វីប​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង។

កូរ៉េខាងជើង ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អំណាច​សន្តតិវង្ស ជា​ការ​ឡើង​កាន់​តំណែង​ពី​ជីតា​មក​កូន និង​ពី​កូន​ទៅ​ចៅ។ មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​នេះ គឺ​លោក គីម ជុងអ៊ុន។ កាលពី​ពេល​ថ្មីៗ​នេះ លោក គីម ព្រមាន​រំលាយ​ក្រុង​សេអ៊ូល ដោយ​អាវុធ​នុយក្លេអ៊ែរ បើ​សង្គ្រាម​នៅ​លើ​ឧបទ្វីប​នេះ​ផ្ទុះឡើង​ជា​ថ្មី​ម្ដង​ទៀត។

នុយក្លេអ៊ែរ ជា​អាវុធ​ប្រល័យ​លោក។ នៅ​លើ​ពិភពលោក​នេះ យ៉ាងតិច ៩​ប្រទេស​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ប្រទេស​រុស្ស៊ី មាន​ជិត ៦០០០​គ្រាប់។ សហរដ្ឋ​អាមេរិក មាន ៥៥៥០​គ្រាប់។ ចិន មាន ៣៥០​គ្រាប់។ បារាំង មាន ២៨០​គ្រាប់។ អង់គ្លេស មាន ២២៥​គ្រាប់។ ប៉ាគីស្ថាន មាន ១៦៦​គ្រាប់។ ឥណ្ឌា មាន ១៥៦​គ្រាប់ អ៊ីស្រាអែល មាន ៩០​គ្រាប់ ហើយ​កូរ៉េខាងជើង មាន ៤០​គ្រាប់។

បច្ចុប្បន្ន​នេះ សន្ធិសញ្ញា​កាត់បន្ថយ​ការ​សាយភាយ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ត្រូវ​បាន​ផ្អាក​ដោយសារតែ​រុស្ស៊ី ដក​ខ្លួន។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​សន្ធិសញ្ញា​នេះ​ឡើងវិញ ដែល​សំដៅ​កាត់បន្ថយ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ហើយ​ឈាន​ដល់​ការ​ផ្អាក​ការ​រត់​ប្រណាំង​សព្វាវុធ​ប្រល័យ​លោក​នេះ។

លោក Antonio Guterres ទទូច​ថា ពិភពលោក​ត្រូវ​រួម​គ្នា​បញ្ចៀស​ឱ្យ​បាន​នូវ​ការ​បង្ក​ទៅ​ជា​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​ពុំ​នោះ​ទេ ផែនដី​នឹង​រលាយ ហើយ​អ្វីៗ​នឹង​រលាយ​ទាំងអស់។

លោក​ថ្លែង​ថា លោក​មិន​ចង់​រំលឹក​សោកនាដកម្ម​នៅ​លើ​កោះ Hiroshima និង Nagasaki ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក​ប៉ារ៉ាម៉ាណូ កាលពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​២ នោះ​ទេ។

ជាមួយ​គ្នា​នេះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏​បាន​ទទូច​ត្រង់​ទៅ​ប្រទេស​ចិន ថា កុំ​ព្យាយាម​បង្កើន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ថែម​ទៀត​អី។

ពិភពលោក​កំពុងតែ​ធ្លាក់​ក្នុង​ការ​ព្រួយ​បារម្ភ​ថា យ៉ាងតិច ៤​ប្រទេស​ដែល​មាន​ផែនការ​សាកល្បង​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្រោម​សមុទ្រ។ ប្រទេស​ទាំង ៤ នេះ មាន​រុស្ស៊ី ចិន កូរ៉េខាងជើង និង​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំង ៤ នេះ តែងតែ​បង្កើន​ការ​បាញ់​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ប្រទេស​កូរ៉េខាងជើង បាន​ឱ្យ​ដឹង​ថា នឹង​មាន​ការ​សាកល្បង​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ ទោះ​ជា​មាន​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាច្រើន​ទៀត​ក៏ដោយ។

លោក Antonio Guterres ទទូច​ថា ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ វា​នឹង​នាំ​ឱ្យ​ពិភពលោក​ជៀស​ផុត​មហា​វិនាសកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស