31 C
Phnom Penh

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បុគ្គលិក​ផ្នែក​រក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា សង​លុយ​កម្រៃ​ជើងសា ឬ​ប្រាក់​កុំមីស្យុង (Commissions) ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក (១៨៦០០​ដុល្លារ) ដែល​ក្រុមហ៊ុន​បាន​ជំពាក់​រូបគេ​តាំង​ពី​អំឡុង​ឆ្នាំ​២០២១ មក។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ា អូន (Hea Oun) អះអាង​ថា ខ្លួន​គឺជា​អតីត​បុគ្គលិក​ទីផ្សារ​ក្រុមហ៊ុន​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កុម្ភៈ នេះ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជំពាក់​លុយ​ថ្លៃ​កម្រៃ​ជើងសា ឬ​ប្រាក់​កុំមីស្យុង (Commissions) របស់​លោក​ចំនួន ១៨៦០០​ដុល្លារ​អាមេរិក ក្នុង​នោះ​គឺ​ជំពាក់​ក្នុង​គម្រោង​ដី​ឡូត៍​នៅ​ខេត្ត​សៀមរាប ៤៦០០​ដុល្លារ​អាមេរិក ជំពាក់​ក្នុង​គម្រោង​ដី​ឡូត៍​នៅ​ព្រះប្រសប់ ២៦០០​ដុល្លារ​អាមេរិក និង​ជំពាក់​ក្នុង​គម្រោង​ដី​ឡូត៍​ស្រុក​ល្វាឯម ១១៤០០​ដុល្លារ​អាមេរិក ថែម​ទៀត។

ប្រភព​ដដែល​ត្អូញត្អែរ​ថា ខ្លួន​ក៏​មិន​ចង់​ទម្លាយ​រឿង​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ខ្លួន​ឃើញ​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ធ្វើ​កម្មវិធី​មនុស្សធម៌​ចែក​លុយ​ឱ្យ​អ្នក​ក្រីក្រ និង​មាន​គម្រោង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ក្រីក្រ ព្រមទាំង​ប្រកាស​ផ្តល់​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​ម្នាក់ ៣០​ម៉ឺន​រៀល​ថែម​ទៀត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បន្ថែម​ថា ផ្ទុយទៅវិញ រូបលោក​ដែល​ជា​បុគ្គលិក​ផ្នែក​រក​ទីផ្សារ​ខំ​ប្រឹងប្រែង​រក​អតិថិជន​ឱ្យ​ទិញ​ដី​ឡូត៍​ក្នុង​គម្រោង​របស់​ឧកញ៉ា​រូប​នេះ បែរ​ជា​មិន​ទទួល​បាន​លុយ​ពី​ញើស​ឈាម​ដែល​ខ្លួន​បាន​ខិតខំ​ទៅវិញ ខណៈ​លុយ​ទាំងនោះ គឺ​ជា​លុយ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ខ្លួន​នៅ​ពេល​ដែល​លោក​ចាប់ផ្តើម​ចូល​បម្រើការ​ក្នុង​នាម​ជា​បុគ្គលិក​ឱ្យ​ក្រុមហ៊ុន​នេះ មិនមែន​ជា​លុយ​សប្បុរសធម៌​ដែល​ក្រុមហ៊ុន​សន្យា​ផ្តល់​ឱ្យ​នោះ​ទេ។

អតីត​បុគ្គលិក​ទីផ្សារ​រូប​នេះ​រៀបរាប់​ថា រូបគេ​បាន​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មាន​ពេល​សម្រាក​ទេ ទោះ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​ក៏ដោយ គឺ​ដើម្បី​រក​អតិថិជន​ឱ្យ​ទិញ​ដី​ឡូត៍​ក្នុង​ក្រុមហ៊ុន​នេះ​ឱ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​លុយ​ថ្លៃ​កម្រៃ​ជើងសា ឬ​ប្រាក់​កុំមីស្យុង​ឱ្យ​បាន​កាន់តែ​ច្រើន​ដែរ ហើយ​អំឡុង​ពេល​ធ្វើ​ការងារ​នោះ ខ្លួន​បាន​ខ្ចី​លុយ​មិត្តភ័ក្ដិ​ថែម​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​មិន​ទាន់​បាន​បើក​លុយ​ឱ្យ ក្នុង​ក្តី​រំពឹង​ថា ពេល​ក្រុមហ៊ុន​បើក​លុយ​ទាំងនេះ ខ្លួន​នឹង​អាច​សង​ម្ចាស់​លុយ​គេ​វិញ​ទាំងអស់។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយសារ​រង់ចាំ​យូរ​ពេក ខ្លួន​ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​សុំ​បើក​លុយ​នោះ​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​សន្យា​ថា​នឹង​បើក​ឱ្យ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០២១ ប៉ុន្តែ​ពេល​ចូល​ឆ្នាំ​ខ្មែរ ក្រុមហ៊ុន​បែរ​ជា​សន្យា​ថា​នឹង​បើក​លុយ​ទាំងនោះ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​វិញ លុះ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ក្រុមហ៊ុន​នៅ​តែ​មិន​បើក​លុយ​ទាំងនោះ​ឱ្យ​ទៀត ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល ៣​ឆ្នាំ​ហើយ​ដែល​លោក​មិន​ទាន់​ទទួល​បាន​លុយ​នោះ​សូម្បី ១​រៀល​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ការ​ទម្លាយ​អាថ៌កំបាំង​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា សង​លុយ​ដែល​ក្រុមហ៊ុន​បាន​ជំពាក់​ថ្លៃ​កម្រៃ​ជើងសា​ជិត ២​ម៉ឺន​ដុល្លារ​ប្រមាណ​ជា ៣​ឆ្នាំ​កន្លង​មក​នេះ។

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ បុគ្គលិក​ក្នុង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាច្រើន​នាក់​ធ្លាប់​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាង ៦​ខែ​ហើយ ហើយ​ក្នុង​រយៈពេល ៦​ខែ​ដែល​ពួកគេ​បាន​បម្រើ​ការងារ​នោះ ពួកគេ​រក​បាន​អតិថិជន​ឱ្យ​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ក្នុង​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា បើ​គិត​ពី​កម្រៃ​ជើងសា ក៏​ពួកគេ​ទទួល​បាន​ពី​ការ​រក​អតិថិជន​ឱ្យ​ទិញ​ដី​ឡូត៍​ក្នុង​ក្រុមហ៊ុន​នោះ ក៏​បាន​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អើពើ​បើក​លុយ​កម្រៃ​ជើងសា​ទាំងនោះ​ឱ្យ​ពួកគេ​ទេ ដូចជា គម្រោង​ព្រះប្រសប់ ជាដើម ដែល​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​លុយ​ទៅ​លេង​ស្រុកកំណើត​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជាដើម។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​គ្មាន​លុយ​ជូន​ឪពុកម្ដាយ និង​បងប្អូន​របស់​ពួកគេ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ​ថែម​ទៀត។

បុគ្គលិក​របស់​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាំងនេះ​បញ្ជាក់​ថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា តែង​យក​លុយ​រាប់​សែន​ដុល្លារ​ទៅ​ចំណាយ​ក្នុង​កម្មវិធី​ជប់លៀង​បក្សពួក​និយម​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ជា​ញឹកញាប់ ដែល​ពួកគេ​នាំគ្នា​ផឹក​សុទ្ធតែ​ស្រា​មាន​តម្លៃ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ដបៗ ហើយ​ថែម​ទាំង​មាន​កាដូ​ជូន​ដល់​សមាជិក​ចូលរួម​ក្នុង​ម្នាក់ៗ​មួយ​ប្រអប់ ដែល​គិត​ជា​លុយ​ប្រហែល​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​មិន​បើក​លុយ​កម្រៃ​ជើងសា​ដែល​ជា​ញើស​ឈាម​ឱ្យ​ពួកគេ​ទៅ​វិញ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​គ្រួសារ​ហ៊ុន ដែល​ផ្តល់​ងារ​ជា​ឧកញ៉ា​ឱ្យ ដើម្បី​ឱ្យ​ឈរឈ្មោះ​ជំនួស​ក្រុម​គ្រួសារ​ហ៊ុន​ក្នុង​ជំនួញ​រកស៊ី​សាងសង់​ផ្ទះ​លក់​ក្នុង​គោលបំណង​បិទ​បាំង​រូបភាព​លាង​លុយ​កខ្វក់​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា គ្មាន​អ្នក​ណា​អាច​ដើរ​វាស់​យក​ដី​បាន​ច្រើន​កន្លែង ហើយ​មួយ​កន្លែងៗ​មាន​ទំហំ​រាប់​រយ​ហិកតារ​តាម​ទំនើង​ចិត្ត​នោះ​ទេ ប្រសិនបើ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​មិន​វាស់​ឲ្យ ដើម្បី​យក​ទៅ​បង្កើត​រូបភាព​ជំនួញ​សាងសង់​ផ្ទះល្វែង​លក់​បិទ​បាំង​ការ​លាង​លុយ​កខ្វក់​របស់​ពួកគេ​នោះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទាំង​បុគ្គលិក​ផ្នែក​លក់ និង​អតិថិជន​ទិញ​ដី ទិញ​ផ្ទះល្វែង​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នាំគ្នា​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា សង​លុយ និង​សាងសង់​ផ្ទះ​ឱ្យ​ពួកគេ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ដែល​ជា​អ្នក​សិល្បការិនី​ល្បី​ក្នុង​ស្រុក​ខ្មែរ​មួយ​រូប​ដែរ ដែល​ជា​អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​ផ្ទះ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា សព្វថ្ងៃ​នេះ។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ផ្ទះ​ជូន​អតិថិជន​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់​ឧកញ៉ា​រូប​នេះ​កប់​ដើមទុន​ទៅ​លើ​ដី​ច្រើន​ពេក។

ក្រោយពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែប​នេះ គេ​សង្ស័យ​ថា លោក ហ៊ុន សែន គឺជា​អ្នកគាំទ្រ​លើ​ទង្វើ​រំលោភ​កិច្ចសន្យា​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយ​អតិថិជន​កន្លង​មក ហើយ​ការ​អះអាង​បែប​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា លោក ហ៊ុន សែន គឺជា​អ្នក​នៅ​ពី​ក្រោយ​មុខជំនួញ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ថែម​ទៀត។

ករណី​មួយ​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ថា​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​មុខរបរ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ​នោះ គឺ​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា កាប់​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ និង​មាន​ការ​តវ៉ា​ទាមទារ​ពី​ពលរដ្ឋ​ឱ្យ​លោក ហ៊ុន សែន ផ្ដន្ទាទោស​ម្ចាស់​ក្រុមហ៊ុន​នោះ​ដាក់​ពន្ធនាគារ ប៉ុន្តែ​លោក ហ៊ុន សែន ឆ្លើយ​ថា បើ​ចង់​ចាប់​ម្ចាស់​ក្រុមហ៊ុន​នោះ​ដាក់​គុក គឺ​មាន​តែ​ចាប់​រូបលោក​ដាក់​គុក​តែម្តង​ទៅ ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​បន្ត​លក់​ដី និង​ផ្ទះ​ខ្យល់​បាន​ធម្មតា​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស