29 C
Phnom Penh

លោក ហ៊ុន សែន នឹង​ទៅ​កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា ថែម​លើ​តំណែង​ប្រធាន​ស្ថាប័ន​ផ្សេងៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​មាន​ចម្ងល់​ថា តើ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​កែទម្រង់​របៀប​ដឹកនាំ​ដូចម្តេច បើ​អំណាច​ស្ថិត​ក្នុង​កណ្ដាប់ដៃ​មនុស្ស​ដដែល​មួយ​ក្តាប់​តូច​នោះ?

កាលណា​គេ​និយាយ​អំពី​កំណែ​ទម្រង់​ប្រទេស​ជាតិ គេ​ផ្តើម​ពី​របៀប ឬ​ប្រព័ន្ធ​ដឹកនាំ មាន​ដូចជា ការ​បែងចែក​អំណាច​គ្រប់គ្រង​ឲ្យ​មាន​តុល្យភាព អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា បញ្ចៀស​របៀប​របប​គ្រួសារ បក្ខពួក​និយម បញ្ចៀស​ការ​ប៉ះទង្គិច​ផល​ប្រយោជន៍​សាធារណៈ រៀប​គោលនយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មាន​តម្លាភាព​ឥត​លាក់លៀម រក្សា​ការពារ​ឧត្ដម​ប្រយោជន៍​ជាតិ ជាដើម។ល។

ផ្ទុយទៅវិញ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៣ ខេត្ត​កណ្តាល នឹង​តម្រង់​ឆ្ពោះ​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ជា​ផ្លូវការ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​ច្រើន​លើសលប់។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បាន​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ គណបក្ស​កាន់​អំណាច​បន្ត​ទទួល​បាន​សំឡេង​យ៉ាង​ច្រើន​លើសលប់​ក្នុង​ការ​បោះឆ្នោត​អសកល​នេះ ដែល​មាន​អង្គ​បោះឆ្នោត​ចំនួន ១១៧៣០​នាក់ ស្មើ​នឹង ៩៩,៨៦​ភាគរយ នៅ​មណ្ឌល​ភូមិភាគ​ទាំង​៨។

ប្រភព​ដដែល​បាន​លើកឡើង​ថា តាម​លទ្ធផល​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា បាន ៥៥​អាសនៈ គណបក្ស​ឆន្ទៈ​ខ្មែរ បាន ៣​អាសនៈ ចំណែក​ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ទទួល​អាសនៈ​នៅ​សភា​ជាន់ខ្ពស់​នោះ​ឡើយ។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៣ ខេត្ត​កណ្តាល ហើយ​នឹង​ឆ្ពោះ​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ។

ចំណែក ៣​អាសនៈ​ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ ទទួល​បាន​នោះ គឺ​លោក សុក ហាច ប្រធាន​គណបក្ស​ទទួល​បាន​នៅ​ភូមិភាគ​ទី​២ លោក គង់ មុនីកា អគ្គលេខាធិការ​គណបក្ស ទទួល​បាន​នៅ​ភូមិភាគ​ទី​៦ រីឯ​លោក សេង ម៉ារ៉ាឌី អនុប្រធាន ឈ្នះ​អាសនៈ​នៅ​ភូមិភាគ​៤។

ក្រៅពី​សមាជិក​ព្រឹទ្ធសភា​ទាំង ៥៨​រូប​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល​មិន​ចំពោះ​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់ សមាជិក​ព្រឹទ្ធសភា ២​រូប នឹង​ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប។ លោក សុខ ឥសាន និង​លោក ហេង ហាលីម ជា​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​នីតិកាល​ទី​៥ នា​សម័យ​រដ្ឋសភា​ជា​វិសាមញ្ញ ក្រោម​អធិបតី​លោកស្រី ឃួន សុដារី កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​មីនា។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ភូមិភាគ​ទាំង​៨ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ភូមិភាគ​ទី​១ គឺ​រាជធានី​ភ្នំពេញ មាន ៦​អាសនៈ ភូមិភាគ​ទី​២ មាន ២​ខេត្ត ៨​អាសនៈ (ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ) ភូមិភាគ​ទី​៣ គឺ​ខេត្ត​កណ្ដាល មាន ៥​អាសនៈ ភូមិភាគ​ទី​៤ មាន ៥​ខេត្ត ១០​អាសនៈ (ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន)។

ចំណែក​ភូមិភាគ​ទី​៥ មាន ៣​ខេត្ត ៧​អាសនៈ (ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប) ភូមិភាគ​ទី​៦ មាន ២​ខេត្ត ៧​អាសនៈ (ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង) ភូមិភាគ​ទី​៧ មាន ៥​ខេត្ត ៩​អាសនៈ (ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ) និង​ភូមិភាគ​ទី​៨ មាន ៦​ខេត្ត ៦​អាសនៈ (ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី)។

នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ មេដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ អះអាង​ថា ប្រសិនបើ​អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​រួម​គ្នា​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ​នោះ ពួកគេ​អាច​នឹង​ទទួល​បាន​ចំនួន ៩​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា​នេះ ប៉ុន្តែ​បើ​ទោះបីជា​គណបក្ស​នយោបាយ​ទាំង​ពីរ​ព្យាយាម​ចរចា​គ្នា​រក​ច្រក​ចេញ​មុន​ថ្ងៃ​បោះឆ្នោត​ព្រឹទ្ធសភា​ក៏ដោយ ក៏​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​មិន​អាច​ស្វែងរក​ចំណុច​រួម​មួយ​សម្រាប់​ការ​បោះឆ្នោត​នេះ​ឡើយ គឺ​បាន​ត្រឹមតែ​ដណ្តើម​យក​ក្រុមប្រឹក្សា​របស់​គណបក្ស​ភ្លើង​ទៀន ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​របស់​ពួកគេ ក្រោម​ហេតុផល​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។

សម្រាប់​នីតិកាល​ទី​៤ នា​ពេល​បច្ចុប្បន្ន លោក សាយ ឈុំ ជា​ប្រធាន លោក ស៊ីម កា ជា​អនុប្រធាន​ទី​១ និង​លោក ទេព ងន ជា​អនុប្រធាន​ទី​២។ សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត ៥៨​រូប សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និង​លោកស្រី អ៊ុំ សូម៉ានីន ជា​សមាជិក​ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ រីឯ​លោក សួន មាន និង​លោកស្រី ជា ច័ន្ទទេវី ជា​សមាជិក​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា។

រឿង​ចម្លែក​ម្យ៉ាង​ទៀត គឺ​ថា មនុស្ស​ម្នាក់​មាន​តំណែង​ជា generalissimo៖ ចេញពី​អំណាច​នីតិប្រតិបត្តិ ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន ហើយ​ទៅ​ធ្វើ​ប្រធាន​បក្ស ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក មេទ័ព​ញាក់​ខ្សែ​ក្រោយ​វាំងនន មាន​សិទ្ធិ​អំណាច​ដាច់​មុខ អាច​ដក​មន្ត្រី​រាជរដ្ឋាភិបាល​រូប​ណា​ក៏​បាន បើ​មិន​ស្តាប់ ឬ​មិន​ធ្វើការ​តាម​ខ្លួន​ចង់​បាន។ ដូច្នេះ គ្មាន​នាហ្មឺន មន្ត្រី​រាជការ​រូប​ណា​អាច​ធ្វើ​ការ​បម្រើ​ប្រយោជន៍​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ឡើយ ក្រៅពី​បម្រើ​បក្ស។

នេះ​ជា​របៀប​ដឹកនាំ​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ថ្មី neo-totalitarianism គឺ​កាន់​កិច្ចការ​ម្នាក់​ឯង ឬ​ដោយ​គ្នា​ឯង ដើម្បី​ធានា​នូវ​អ្វី​ខ្លួន​ចង់​បាន ព្រោះ​មិន​ទុកចិត្ត​អ្នកដទៃ៖ អំណាច​នីតិប្រតិបត្តិ កូន​ខ្លួន​ក្តាប់ អំណាច​នីតិបញ្ញត្តិ និង​តុលាការ បក្សពួក និង​ខ្លួន​ផ្ទាល់​ក្តោប​ក្តាប់ ស្ថាប័ន​ព្រះរាជ​បល្ល័ង្ក (ស្តេច) ខ្លួន​ធ្វើ​ប្រធាន ដើម្បី​កំណត់​អ្នក​ស្នង​រាជ្យ​បន្ត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស