ក្រុមការងារជំនាញក្រសួងមហាផ្ទៃ ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) នៅខេត្តព្រះសីហនុ រយៈពេល ២ថ្ងៃ នៅទីតាំងចំនួន ៣ ផ្សេងគ្នា ឃាត់ខ្លួនមនុស្សទាំងជនជាតិខ្មែរ និងជនបរទេសសរុបជិត ៥០០នាក់ ដោយក្នុងនោះជនបរទេសជាង ២០០នាក់ នឹងត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា។
យោងតាមព័ត៌មានដែលបង្ហោះនៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមមន្ត្រីជំនាញក្រសួងមហាផ្ទៃ បានចុះធ្វើប្រតិបត្តិការបង្ក្រាបនេះអស់រយៈពេល ២ថ្ងៃ នៅទីតាំងចំនួន ៣ ផ្សេងគ្នា។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ អាជ្ញាធរខេត្តព្រះសីហនុ ចាប់បានមនុស្សចំនួន ៤៧៩នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២៧៩នាក់ និងជនបរទេសចំនួន ២០០នាក់។
ប្រភពដដែលបានលើកឡើងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ភ្នាក់ងារក្រសួងបានចុះធ្វើប្រតិបត្តិការបង្ក្រាបទីតាំងទី១ អតីតកាស៊ីណូ ភែរឺដល អាយលែន (Paradise Island) រកឃើញជនបរទេស ១៧២នាក់ (ស្រី៤៣នាក់) មាន ៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី ១៧នាក់) ថៃ ៥៤នាក់ (ស្រី ២៤នាក់) ចិនតៃវ៉ាន់ ៨នាក់ (ស្រី ២នាក់) និងចិនដីគោកម្នាក់។ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី ២នាក់) មាន ២សញ្ជាតិ ចិនតៃវ៉ាន់ ៤រូប (ស្រី ២នាក់) និងចិនដីគោកម្នាក់ កំពុងបន្តនីតិវិធីកសាងសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។
ប្រភពដដែលអះអាងទៀតថា សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី ៤១នាក់) មាន ៣សញ្ជាតិ (វៀតណាម ១០៩នាក់ ថៃ ៥៤នាក់ និងចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។
ក្រសួងមហាផ្ទៃ បានលើកឡើងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី ២២៧នាក់) និងរកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី ៣នាក់) មាន ២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា ១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី ៣នាក់) មាន ២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា ១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។
ប្រភពដដែលអះអាងថា គោលបំណងនៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online scams) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោក សុខ ផល ដែលដឹកនាំប្រតិបត្តិការនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី១០ ខែមីនា ថា ការបង្ក្រាបល្បែងខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ នេះ គឺផ្អែកទៅលើគោលការណ៍រាជរដ្ឋាភិបាល ដោយលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ដើម្បីអភិវឌ្ឍខេត្តទៅជាខេត្តឈានមុខខាងវិស័យទេសចរណ៍ និងអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោក សុខ ផល បានអំពាវនាវដល់អ្នកប្រកបរបរល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបិទដោយខ្លួនឯង និងរករបរផ្សេងដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសបម្រើដល់ការអភិវឌ្ឍ និងអូសទាញទេសចរមកកាន់ខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន។ តាមលោក សុខ ផល ក្នុងរយៈពេលប្រមាណជា ៣ខែកន្លងមកនេះ ទីតាំងលេងល្បែងខុសច្បាប់ជាង ៣ពាន់ទីតាំង ត្រូវបានបង្ក្រាប និងបិទជាស្ថាពរ និងបានអនុវត្តផ្លូវច្បាប់ចំពោះមនុស្សជាង ១ម៉ឺននាក់។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា ដើម្បីធានាប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាលព្រោងព្រាតនៅប្រទេសកម្ពុជាសព្វថ្ងៃនេះឲ្យមានប្រសិទ្ធភាព អាជ្ញាធរមិនអាចពឹងតែលើសមត្ថភាពបង្ក្រាបនៃអង្គភាពតែមួយផ្នែកបានទេ។ អាជ្ញាធរពាក់ព័ន្ធអាចស្នើសុំការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញខាងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហានេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ក្រៅពីសហការជាមួយស្ថាប័នជំនាញ សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបទល្មើសទាំងនេះ ត្រូវតែបើកទូលាយបង្ហាញពីចំណុចខ្សោយរបស់ខ្លួនដែលគ្មានសមត្ថភាពក្នុងការបង្ក្រាបឧក្រិដ្ឋជន ដើម្បីទទួលយកធាតុចូលពីសាកលវិទ្យាល័យឯកជននានា និងស្ថាប័នពាក់ព័ន្ធមួយចំនួនដែលមានជំនាញខាងបច្ចេកវិទ្យានេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ចេញសេចក្តីរាយការណ៍កាលពីពេលកន្លងទៅ ស្ដីពីការជួញដូរមនុស្ស ដែលដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិតពីរ (Tier 2 Watch List) ទម្លាក់ទៅកម្រិត៣ (Tier 3 Watch List) ដែលធ្វើឲ្យរាជាណាចក្រកម្ពុជានៅតែបន្តស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរដដែលសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានកំណត់គោលដៅដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគេរកឃើញមុខសញ្ញានៅក្នុងប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា សព្វថ្ងៃនេះ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានបង្ហាញសេចក្តីរាយការណ៍ថា អំពើឆបោកតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បដិសេធចោលទាំងស្រុង។
មានសំណួរថា តើហេតុអ្វីរាជរដ្ឋាភិបាលបានបណ្តោយឲ្យមានបទល្មើសបែបនេះរស់រានបានយូរម្ល៉េះ? មានចម្លើយតបមកវិញថា មកពីរាជរដ្ឋាភិបាលខ្វះថវិកាបង្គ្រប់ការចំណាយរដ្ឋ ដូច្នេះមានតែបណ្តែតបណ្តោយសកម្មភាពល្បែងស៊ីសង ឆបោកអនឡាញបន្តិចសិន ដើម្បីរកចំណូលចែកដល់រដ្ឋខ្លះដែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

