42 C
Phnom Penh

ក្រុម​អ្នកវិភាគ៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿថៃ​នៅ​កម្ពុជា​គឺ​ដើម្បី​ប្រយោជន៍​ត្រកូល​ហ៊ុន​និង​ត្រកូល​ស៊ីណាវ៉ាត្រា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទៅ​ប្រទេស​កម្ពុជា ក្នុង​នាម​គណបក្ស​ភឿថៃ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេលនេះ គឺ​ដើម្បី​រឹតចំណង​បក្ស​និង​បក្ស គ្រួសារ​និង​គ្រួសារ សម្រាប់​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន និង​ត្រកូល​ស៊ីណាវ៉ាត្រា តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា ការ​រឹតចំណង​បក្ស​និង​បក្ស គ្រួសារ​និង​គ្រួសារ​នេះ​ប្រាកដ​ជា​ទទួល​បាន​ការ​សន្យា​ពី​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុង​ការ​ជួយ​គាបសង្កត់​អ្នកតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ដែល​កំពុង​ស្នាក់នៅ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ​ជាមិនខាន។

ជាង​នេះ​ទៀត ក៏​អាច​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ត្រកូល ស៊ីណាវ៉ាត្រា ក្នុង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ដែល​គ្មាន​តម្លាភាព​នានា ជាពិសេស​គម្រោង​វិនិយោគ​ក្នុង​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​រវាង​ថៃ និង​កម្ពុជា ដែល​កំពុង​ចរចា​គ្នា​នៅ​ពេលនេះ​ផង​ដែរ។

លោក​បន្ថែម​ថា ផ្ទុយទៅវិញ កម្ពុជា​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​បាត់បង់​ផល​ប្រយោជន៍​យ៉ាង​ធំ​ក្រោម​ចំណង​មិត្តភាព​នេះ ព្រោះ​ថា​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាច​ទាញ​ផល​ចំណេញ​សម្រាប់​គ្រួសារ គណបក្ស និង​សម្រាប់​ប្រទេស​ថៃ ផង ដូចជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ប្រេង​ពី​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​កម្ពុជា-ថៃ ទៅ​ថ្ងៃ​មុខ។

ជាង​នេះ​ទៀត ប្រទេស​ថៃ ក៏​នឹង​បោះជំហាន​ទៅ​រក​ផល​ប្រយោជន៍​ពី​គម្រោង​វិនិយោគ​នានា​ផ្សេង​ទៀត​ដែរ​ពី​កម្ពុជា ដូចជា​នៅ​ខេត្ត​កោះកុង តំបន់​ប្រាសាទ​ព្រះវិហារ និង​តំបន់​ព្រំដែន​ត្រីកោណ​បី​ប្រទេស​កម្ពុជា-ថៃ-ឡាវ ថែម​ទៀត។

លោក គឹម សុខ បញ្ជាក់​ថា បញ្ហា​ប្រឈម​ខាងលើ​នេះ កម្ពុជា​នឹង​រង​នូវ​ការ​គំរាមកំហែង​ដល់​បូរណភាព​ទឹកដី​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ព្រមទាំង​គណបក្ស​ភឿថៃ នឹង​ទទួល​បាន​ជំនួយ​ពី​គ្រួសារ​លោក ហ៊ុន សែន គ្រប់​បែប​យ៉ាង​ក្នុង​ផែនការ​ជួយ​គ្នា​រក្សា​អំណាច​ទៅវិញ​ទៅមក។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​ផល​ប្រយោជន៍​របស់​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រួសារ​លោក ហ៊ុន សែន ក៏​មាន​ផល​ប្រយោជន៍​ដែរ គឺ​ត្រកូល ហ៊ុន កំពុង​ព្យាយាម​បង្កើត​ទំនាក់ទំនង​ឱ្យ​មាន​គណបក្ស​ដៃគូ​មួយ​នៅ​ប្រទេស​ថៃ ដែល​អាច​ទុកចិត្ត​គ្នា​បាន​សម្រាប់​ជួយ​អំណាច​គ្រួសារ​របស់​គាត់​ក្នុង​គ្រាអាសន្ន​នៅ​ពេល​ណា​មួយ ព្រោះ​ថា​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន សព្វថ្ងៃ​នេះ កំពុង​ព្រួយបារម្ភ​ខ្លាច​គណបក្ស​កុម្មុយនីស្ត​វៀតណាម បោះបង់​ខ្លួន​ចោល ដោយ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ឱ្យ​ក្តោប​ក្តាប់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ដែរ ដោយ​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ជាន់ខ្ពស់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភឿថៃ ដោយ​ផ្អែក​លើ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​គណបក្ស​ទាំង​ពីរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​ទស្សនទាន និង​បទពិសោធន៍​នៅ​ក្នុង​ការ​កសាង​បក្ស និង​អភិបាលកិច្ច​ស្ថាប័ន​រដ្ឋ។

ជាង​នេះ​ទៀត ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាប់​គ្នា និង «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» ដែល​បាន​ប្រកាស​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅ​ប្រទេស​ថៃ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ និង​ប្រធាន​រដ្ឋសភា​កម្ពុជា​អ្នកស្រី ឃួន សុដារី ផង​ដែរ។ ក្រៅពី​នេះ ក៏​មាន​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ដែរ ដូចជា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ ព្រមទាំង​បាន​ស្នើ​ឱ្យ​ប្រធាន​គណបក្ស​ភឿថៃ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅ​ពេលនេះ ត្រូវ​បាន​សារព័ត៌មាន Khaosod របស់​ថៃ ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ មីនា ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-ថៃ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ពង្រឹង​ទំនាក់ទំនង​ម្តង​នេះ​នឹង​នាំ​ឱ្យ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​មជ្ឈដ្ឋាន​នានា​ក្នុង​ប្រទេស​ថៃ មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការ​ចរចា​ជុំវិញ​តំបន់​ជម្លោះ​ត្រួត​ស៊ី​គ្នា​រវាង​សមុទ្រ​ថៃ និង​កម្ពុជា ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​រាប់​ឆ្នាំ​កន្លង​មក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស