37 C
Phnom Penh

អ៊ុយក្រែន និង ICC សហការ​ប្រមូល​ភស្តុតាង​នាំ​ខ្លួន​លោក ពូទីន និង​បក្ខពួក​យក​ទៅ​កាត់ទោស​ករណី​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

ក្រុម​មេធាវី​អន្តរជាតិ និង​អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន អះអាង​ថា ពួកគេ​កំពុង​សហការ​មូលមាត់​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដើម្បី​ប្រមូល​ភស្តុតាង និង​បើក​ការ​ស៊ើបអង្កេត​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់​មួយ​ចំនួន​នៃ​របប​ក្រុង​មូស្គូ យក​ទៅ​កាត់ទោស​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ឲ្យ​ទាល់តែ​បាន។

ពួកគេ​និយាយ​ថា ជន​ដៃ​ដល់​ទាំងនោះ​មាន​ក្រុម​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ក្រោម​បញ្ជា​លោក ពូទីន ដែល​បាន​បញ្ជា​ទ័ព​ឲ្យ​មាន​ការ​សម្លាប់​បង្ហូរ​ឈាម​ជនស៊ីវិល​អ៊ុយក្រែន និង​កងទ័ព​អ៊ុយក្រែន ហើយ​ក្នុង​ចំណោម​ជន​ដៃ​ដល់​ទាំងនោះ ក៏​មាន​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី ជា​មេខ្លោង​ផង​ដែរ។

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិស្ដារ​មួយ​ក្រោយពី​ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី មាន​ទាំង​អ្នក​សារព័ត៌មាន The Cambodia Daily ផង បាន​ចុះ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

ពិភពលោក​ចេះ​តែ​សម្លឹង​ទៅ​រក​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន​ដែល​គួរ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC មាន​ដូចជា​អតីត​មេដឹកនាំ​ប្រទេស​ស៊ូដង់ Omar Hassan Ahmad al-Bashir អតីត​ប្រធានាធិបតី​ប្រទេស​ហ្ស៊ីមបាវ៉េ Robert Mugabe អតីត​មេដឹកនាំ​ប្រទេស​អេហ្ស៊ីប ហូស្នី មូបារ៉ាក់ អតីត​មេដឹកនាំ​ហ្វីលីពីន ដ្រូឌ្រីងហ្គូ ឌូទើតេ ប្រធានាធិបតី​ប្រទេស​ស៊ីរី Bashar al-Assad មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មាន​ទាំង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ផង។

មេដឹកនាំ​ទាំងនេះ​ត្រូវ​បាន​រាប់​បញ្ចូល​ជា​មេដឹកនាំ​ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខាង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​ពួកគេ​កាន់​អំណាច ដែល​បង្កើត​ឱ្យ​មាន​ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។

ក្នុង​ចំណោម​មេដឹកនាំ​ទាំងនោះ ក៏​មាន​មេដឹកនាំ​ខ្លះ​រង​បទ​ចោទ​រួច​ទៅ​ហើយ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ប៉ុន្តែ​ពួកគេ​មិន​ទាន់​ជួប​វាសនា​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់ទោស​នោះ​ទេ ដោយសារ​មេដឹកនាំ​ជំនាន់​ក្រោយ​ការពារ ព្រោះ​ជាប់​សែស្រឡាយ ឬ​ក្នុង​បក្ស​តែ​មួយ។

ម្យ៉ាង​ទៀត មេដឹកនាំ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចាប់​ខ្លួន​ពី ICC ពួកគេ​មិន​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នោះ​ទេ ហើយ​បើ​ចេញពី​ប្រទេស គឺ​ច្រើន​តែ​ទៅ​កាន់​ប្រទេស​ដែល​ផ្ដាច់ការ​ដូច​គ្នា។

តែ​យ៉ាងហោចណាស់​ក៏​មាន​មេដឹកនាំ​មួយ​ចំនួន​ផង​ដែរ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​អន្តរជាតិ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ មេដឹកនាំ​ទាំងនោះ​ក៏​មាន​អតីត​មេដឹកនាំ​ហ្សែប៊ី និង​ប្រទេស​យូហ្គោស្លាវី ឈ្មោះ Slobodan Milosevic ផង​ដែរ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​ប្រតិភូ​អ្នកកាសែត​អន្តរជាតិ ក៏​មាន​អ្នក​សារព័ត៌មាន​ជនជាតិ​ខ្មែរ​ម្នាក់​ផង​ដែរ​ដែល​ធ្វើការ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ The Cambodia Daily ចូលរួម​ដំណើរ​ទៅ​ក្រុង​គៀវ ប្រទេស​អ៊ុយក្រែន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត ក្រុម​អ្នកកាសែត​អន្តរជាតិ​បាន​ជួប​នឹង​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជនជាតិ​អង់គ្លេស គឺ​លោក Wayne Jordash។

ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​អ្នកកាសែត​ដើម្បី​ប្រយោជន៍​សាធារណៈ ឬ​ហៅ​កាត់​ថា PIJL (Public Interest Journalism Lab)។ ក្រុម​នេះ​ក៏​បាន​ធ្វើ​កិច្ចការ​លើ​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា The Reckoning Project។ គម្រោង​នេះ គឺ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​អ៊ុយក្រែន និង​ដើម្បី​ស្វែងរក​ការពិត ការ​ទទួល​ខុសត្រូវ រួម​ទាំង​ការ​ប្រមូល​ភស្តុតាង​អំពី​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

មុន​ទៅ​ដល់​រដ្ឋធានី​គៀវ ក្រុម​អ្នកកាសែត​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ការ​ជិះ​រថភ្លើង​កាត់​តាម​ព្រៃ​ចេញពី​ព្រំដែន​ប្រទេស​ប៉ូឡូញ។ ពេល​ទៅ​ដល់​ក្រុង​គៀវ ពួកគេ​ត្រូវ​បាន​អ្នកកាសែត​របស់​អ៊ុយក្រែន នៃ​ក្រុម PIJL ជា​អ្នក​ជូន​ដំណើរ និង​សម្របសម្រួល​ស្ថានការណ៍​គ្រប់​បែប​យ៉ាង ដើម្បី​អាច​ឲ្យ​ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី រួម​មាន​អ្នកកាសែត​ខ្មែរ​មួយ​រូប​ដែរ​នោះ អាច​ទៅ​ពិនិត្យ​មើល​ទីតាំង​ជាច្រើន​កន្លែង​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​គ្រាប់​មីស៊ីល និង​គ្រាប់កាំភ្លើង​ធំ​របស់​រុស្ស៊ី រួម​ទាំង​កន្លែង​កប់​សព​ទាំង​ក្មេង​ទាំង​ចាស់​ក្នុង​រណ្តៅ​រួម ដែល​ត្រូវ​កងទ័ព​រុស្ស៊ី​សម្លាប់។ វិធី​សម្លាប់​ខ្លះ ជនរងគ្រោះ​ត្រូវ​ទាហាន​រុស្ស៊ី ចាប់​សម្លាប់​ទាំង​ចង​ស្លាប​សេក​ក៏​មាន។

ក្រុម​អ្នកកាសែត​ទាំងនោះ​បាន​ផ្ដិត​យក​រូបភាព និង​ភស្តុតាង​ជាច្រើន​ដែល​រដ្ឋអាជ្ញា​អ៊ុយក្រែន និង​រដ្ឋអាជ្ញា​នៃ​តុលាការ​អន្តរជាតិ ICC បាន​ប្រមូល​ទុក​ចងក្រង​ជា​សំណុំរឿង​ប្រឆាំង​នឹង​លោក ពូទីន មេទ័ព និង​ទាហាន​រុស្ស៊ី ដែល​បាន​សម្លាប់​យ៉ាង​រង្គាល​លើ​ជាតិ​សាសន៍​អ៊ុយក្រែន រួម​ទាំង​ទិដ្ឋភាព​នៃ​ទីតាំង​សម្លាប់​មនុស្ស ព្រមទាំង​វិនាសកម្ម​ខ្ទេចខ្ទី​នៃ​អគារ លំនៅឋាន និង​សហគមន៍​ស៊ីវិល​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​គ្រាប់​មីស៊ីល​រុស្ស៊ី​ផង​ដែរ។

ក្នុង​ជំនួប​ជាមួយ​អ្នក​ច្បាប់​អន្តរជាតិ លោក Wayne Jordash លោក​បាន​រៀបរាប់​អំពី​បទពិសោធន៍​របស់​លោក​ថា លោក​បាន​មក​ប្រទេស​អ៊ុយក្រែន ដំបូង​នៅ​ឆ្នាំ​២០១៥ ហើយ​លោក​មេធាវី​រូប​នេះ​ក៏​មាន​ការិយាល័យ​នៅ​ប្រទេស​អង់គ្លេស ដែរ។ ក្រុមហ៊ុន​មេធាវី​របស់​លោក​មាន​ការ​បែងចែក​ជា​ពីរ មួយ​ជា​មេធាវី​នៅ​ក្នុង​ប្រទេស ហើយ​មួយ​ទៀត​ជា​មេធាវី​សម្រាប់​កិច្ចការ​ក្រៅ​ប្រទេស ពួកគេ​គឺជា​អ្នក​តស៊ូ​មតិ ហើយ​ក្រុម​មេធាវី​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស ជាពិសេស​នៅ​ក្នុង​ការិយាល័យ​នោះ គឺ​ដើម្បី​ផ្តល់​ប្រឹក្សា​ឱ្យ​កូនក្ដី ឬ​អ្នក​មក​សុំ​ការ​ពឹងពាក់។

៥​ឆ្នាំ​ដំបូង​ក្នុង​អាជីព​របស់​លោក Wayne Jordash ជា​មេធាវី​ការពារ​នៅ​ចក្រភព​អង់គ្លេស លោក​ថា​បាន​ធ្វើការ​ទាក់ទង​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ហើយ តែ​នៅ​ឆ្នាំ​២០១៤ លោក​បាន​បង្កើត​អង្គការ​ខ្លួនឯង​មួយ​មាន​ឈ្មោះ​ថា Global Rights Complaint។ ក្រុម​អង្គការ​នេះ​មាន​កិច្ចការ​ពាក់ព័ន្ធ​ជា​ខ្លាំង​នឹង​សិទ្ធិមនុស្ស ដោយ​យក​រឿងក្ដី​ថ្នាក់​ជាតិ​ទៅ​កាន់​តុលាការ​អន្តរជាតិ ។

បើ​តាម​លោក Wayne Jordash អង្គការ​របស់​លោក​បាន​ប្រមូលផ្ដុំ​ដោយ​មេធាវី​អន្តរជាតិ មេធាវី​ដែល​មាន​ជំនាញ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

ចំពោះ​ការ​មក​បំពេញ​ការងារ​ជា​អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ប្រទេស​អ៊ុយក្រែន លោក​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន ហើយ​ខាង​ការិយាល័យ​រដ្ឋអាជ្ញា​អ៊ុយក្រែន បាន​ជួយ​ក្រុម​របស់​លោក​ក្នុង​ការ​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន លោក Wayne Jordash បាន​ដឹកនាំ​ក្រុម​របស់​លោក​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​តំបន់​សម្លាប់​រង្គាល​ដោយ​កងទ័ព​រុស្ស៊ី។ លោក​បាន​ជួប​គ្រួសារ​ជនរងគ្រោះ និង​ប្រមូល​ភស្តុតាង​ដើម្បី​កសាង​សំណុំរឿង​ឧក្រិដ្ឋ​ប្រឆាំង​លោក ពូទីន និង​មេទ័ព​រុស្ស៊ី។

លោក​មេធាវី Wayne Jordash ពន្យល់​ថា សង្គម​អ៊ុយក្រែន ដូចជា​ស្នាម​ប្រហោង​មួយ​នៃ​ការពិត​ចំពោះ​ការ​កាត់ក្ដី​លោក ពូទីន រួម​ទាំង​មន្ត្រី និង​ជន​ដៃ​ដល់​របស់​លោក ពូទីន ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន ដែល​ត្រូវ​តែ​ធ្វើ​ឱ្យ​សំណុំរឿង​នេះ​ត្រូវ​ដំណើរការ​ឱ្យ​ឆាប់។ ប៉ុន្តែ​លោក​ថា មាន​ជម្រើស​ពីរ​ដែល​ធ្វើ គឺ​ទី​១ ត្រូវ​រង់ចាំ​ដល់​លោក ពូទីន ធ្វើ​ដំណើរ​ចេញពី​ប្រទេស​រុស្ស៊ី ទៅ​កាន់​ប្រទេស​ណា​ដែល​រដ្ឋអាជ្ញា​នៃ​តុលាការ ICC អាច​ចូល​ទៅ​បាន ហើយ​អាជ្ញាធរ​ប្រទេស​នោះ​ត្រូវ​ជួយ​សហការ​ឃាត់​ខ្លួន​លោក ពូទីន តែម្តង។ ជម្រើស​ទី​២ លោក​ថា​គេ​ត្រូវ​រង់ចាំ​ប្រទេស​រុស្ស៊ី មាន​មេដឹកនាំ​ថ្មី ដែល​អាច​សហការ​ជាមួយ​តុលាការ ICC ក្នុង​ការ​ឃាត់​ខ្លួន​លោក ពូទីន ខណៈ​លោក ពូទីន អស់​អំណាច។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​រូប​នេះ​សង្ឃឹម​ទៅ​លើ​ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC លោក Karim Khan ដែល​នឹង​អាច​នាំ​ទៅ​រក​ការ​បើក​សាលាក្ដី​អន្តរជាតិ​លើ​ករណី​លោក ពូទីន និង​មេទ័ព​របស់​លោក ពូទីន ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​អ៊ុយក្រែន។

លោក Karim Khan ជា​ប្រធាន​រដ្ឋអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ លោក​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

តាម​លោក​មេធាវី Wayne Jordash ឲ្យ​ដឹង​ថា រឿងក្ដី​ឧក្រិដ្ឋ​ធំ លោក Karim Khan តែងតែ​ទទួល​បាន​ជោគជ័យ។ លោក Jordash អះអាង​ថា លោក Karim Khan ជា​មនុស្ស​ដែល​ធ្វើការ​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន ហើយ​រឿងក្ដី​ដែល​ពិបាកៗ គាត់​អាច​ធ្វើ​បាន ហើយ​ទទួល​ជោគជ័យ ៥​ករណី​ធំៗ​រួច​មក​ហើយ​ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ។

លោក​បន្ត​ថា រឿងក្ដី​ទាំងឡាយ​ណា​ដែល​ដោះស្រាយ​មិន​ចេញ គឺ​លោក Karim Khan អាច​រុញ​ឱ្យ​សាលា​ជម្រះ​ក្ដី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​បាន។ មាន​ន័យ​ថា នៅ​ពេល​ដែល​លោក Karim Khan លោត​ចូល​ទៅ​ក្នុង​ករណី​ប្រទេស​អ៊ុយក្រែន គឺ​គាត់​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់ ព្រោះ​គាត់​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា គាត់​នឹង​ធ្វើ​ឱ្យ​ជោគជ័យ​ឈាន​ដល់​ការ​កាត់ទោស​ជន​ជាប់​ចោទ​ក្នុង ICC តែម្តង។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​កុមារ​នៃ​ប្រទេស​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​អ៊ុយក្រែន គឺ​លោក Karim Khan ជា​អ្នក​ផ្ដួចផ្ដើម​គំនិត។

លោក​មេធាវី Wayne Jordash បាន​ឲ្យ​ដឹង​ថា លោក ពូទីន នេះ​ហើយ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ជាច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន ជាពិសេស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោក​បន្ត​ថា លោក ពូទីន មាន​ចេតនា​ពង្រត់ ឬ​ជំរត់​កុមារ​អ៊ុយក្រែន ពី​ស្រុកកំណើត​ដែល​ពួកគេ​រស់នៅ ហើយ​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​មាន​ភស្តុតាង​បង្ហាញ​ពី​ការ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​កុមារ និង​ប្រជាជន​អ៊ុយក្រែន។

លោក​មេធាវី​អន្តរជាតិ​រូប​នេះ​អះអាង​ថា ការ​សម្លាប់​រង្គាល​ប៉ះពាល់​លើ​ប្រជាជន​អ៊ុយក្រែន ជា​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ មាន​ផែនការ​រៀបចំ​ទុក​ជា​មុន​ក្រោម​បញ្ជា​មេដឹកនាំ​នៃ​របប​នៅ​ក្រុង​មូស្គូ។ លោក​បន្ត​ថា បើ​មិន​មាន​ការ​សម្លាប់​រង្គាល នោះ​វា​ក៏​ពុំ​មាន​ស្រមោល​នៃ​ភស្តុតាង​នោះ​ដែរ។

លោក​មេធាវី Jordash អះអាង​ថា ជន​ដៃ​ដល់​នៃ​បទ​ឧក្រិដ្ឋកម្ម គឺជា​អ្នក​ដែល​ធ្វើ​តាម​គោល​នយោបាយ​ក្រោម​បញ្ជា​មេដឹកនាំ​រដ្ឋ ហើយ​វា​គឺជា​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ដដែលៗ និង​មាន​ជា​លក្ខណៈ​ប្រព័ន្ធ។

លោក​បន្ត​ថា រឿង​នេះ​មាន​ការ​ដឹង​ឮ​ច្រើន​ពី​រដ្ឋាភិបាល​រុស្ស៊ី។ ដូច្នេះ វា​ជា​យុទ្ធនាការ​របស់​រុស្ស៊ី យ៉ាង​ពិតប្រាកដ ដែល​ត្រូវ​ទាញ​លោក ពូទីន ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​អ៊ុយក្រែន។

ប៉ុន្តែ​ក្រុម​អ្នកកាសែត​បាន​សួរ​ថា តើ ICC មាន​មុខងារ ហើយ​មាន​ដែន​កំណត់​ដែល​អាច​បង្ខំ​លោក ពូទីន ឱ្យ​ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ឬ​ទេ បើ​រុស្ស៊ី​ពុំ​មែន​ជា​សមាជិក​របស់ ICC?

សំណួរ​នេះ​ត្រូវ​បាន​លោក Wayne Jordash ពន្យល់​ថា វា​អាច​ធ្វើ​បាន ព្រោះ​ពុំ​មាន​មូលហេតុ​អ្វី​ណា​ដែល​រារាំង​ការ​ចាប់​ខ្លួន​លោក ពូទីន នោះ​នៅ​ពេល​លោក ពូទីន អស់​អំណាច។ នេះ​ហើយ​ជា​អ្វី​ដែល​រដ្ឋអាជ្ញា​អ៊ុយក្រែន កំពុង​មមាញឹក​ក្នុង​ការ​ប្រមូល​ឯកសារ​ទាំងនោះ​ទៅ​កាន់ ICC ព្រោះ​លោក ពូទីន កំពុង​កាន់​អំណាច គឺ​គាត់​ពិត​ណាស់​ជា​អ្នក​ទទួល​ខុសត្រូវ​រឿង​នេះ ហើយ​ជាមួយ​គ្នា​នេះ ICC អាច​ចេញ​ដីកា​ស្នើ​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី ជាច្រើន​នាក់​ថែម​ទៀត។

នៅ​ក្នុង​ដំណើរ​ស្វែងរក​ការពិត​ពី​អ្នកកាសែត​អន្តរជាតិ​ពី​តំបន់​អាស៊ី​ទាំងនេះ គេ​ក៏​បាន​ជួប​សម្ភាស​ជាមួយ​លោក Andriy Kostin អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន ផង​ដែរ។

ក្នុង​ជំនួប​នោះ លោក Andriy Kostin បាន​បង្ហាញ​ភស្តុតាង​ជាច្រើន​ដែល​កងទ័ព​រុស្ស៊ី សម្លាប់​ប្រជាជន​អ៊ុយក្រែន ហើយ​សូម្បី​កុមារ​ក៏​ត្រូវ​បាន​សម្លាប់​ក្នុង​រណ្ដៅ​សាកសព​រួម​ជាមួយ​គ្រួសារ​របស់​ពួកគេ។ លោក​បន្ត​ថា ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​រុស្ស៊ី មិន​ត្រឹមតែ​ដៅ​ទៅ​លើ​ទីតាំង​កងទ័ព​អ៊ុយក្រែន នោះ​ទេ គឺ​សូម្បី​មន្ទីរពេទ្យ ទីផ្សារ​ក៏​ត្រូវ​រង​នូវ​ការ​វាយប្រហារ​ដែរ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក​មាន​មុខនាទី​ស្រាវជ្រាវ​រក​ភស្តុតាង​ក្រោម​កិច្ចសហការ​ជាមួយ​អ្នក​ច្បាប់​អន្តរជាតិ និង​រដ្ឋអាជ្ញា​នៃ​តុលាការ ICC ដើម្បី​ចងក្រង​ជា​សំណុំរឿង​ប្ដឹង​របប​ទីក្រុង​មូស្គូ។

លោក Andriy Kostin បន្ត​ថា ការ​បែងចែក​សំណុំរឿង​បទឧក្រិដ្ឋ​ដែល​កងទ័ព​រុស្ស៊ី ប្រព្រឹត្ត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ពូទីន វា​អាស្រ័យ​ទៅ​លើ ICC ជា​អ្នក​កំណត់​ថា​តើ​ជា​ទម្រង់​នៃ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ជា​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍។

លោក​ពន្យល់​ថា ហេតុផល​នៃ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​រួម​គ្នា ហើយ​ត្រូវ​ចាប់​បង្ខំ​ឱ្យ​រុស្ស៊ី ចូល​ខ្លួន​មក​តតាំង​ក្ដី​នៅ​ពេល​ដែល ICC បើក​ការ​ជំនុំជម្រះ​ក្ដី។

លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួម​គ្នា​ជា​កម្លាំង​តែ​មួយ​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​មូស្គូ ដោយ​ភ្ជាប់​ករណី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី។ លោក​បន្ត​ថា តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​គេ​ចោទ​ទៅ​លើ​បុគ្គល ឬ​មេដឹកនាំ។

ក្រោម​យុត្តាធិការ​នៃ​តុលាការ ICC ទោះ​ជា​មិនមែន​មុខនាទី​រដ្ឋអាជ្ញា​អ៊ុយក្រែន ក៏ដោយ ប៉ុន្តែ​ក្រុម​រដ្ឋអាជ្ញា ICC ក៏​ត្រូវ​មាន​ភារកិច្ច​ចុះ​មក​ស្រាវជ្រាវ​ផ្ទាល់​ដល់​មូលដ្ឋាន និង​ទីតាំង​ដែល​ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​នោះ​ដែរ។ ក្រៅ​ពី​នេះ អ្នក​ច្បាប់​អន្តរជាតិ​មកពី​អង្គការ​សិទ្ធិមនុស្ស ក៏​អាច​ចូលរួម​ស្រាវជ្រាវ​ស៊ើបអង្កេត​រាល់​សកម្មភាព​ដែល​ទ័ព​រុស្ស៊ី ប្រព្រឹត្ត​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ដែរ។

តាម​ការ​ពន្យល់​របស់​លោក Kostin អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន មិន​អាច​រង់ចាំ​រហូត​ដល់​ជន​ដៃ​ដល់​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​អស់​អំណាច​នោះ​ទេ គឺ​ត្រូវ​បើក​រឿងក្ដី​នេះ​នៅ​ពេល​ដែល​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​របស់​អ្នក​ឈ្លានពាន​កំពុង​ធ្វើ​សកម្មភាព​តែម្តង។

លោក Andriy Kostin មុន​ឡើង​កាន់​តំណែង​អគ្គ​រដ្ឋអាជ្ញា​អ៊ុយក្រែន លោក​បាន​ឆ្លង​អាជីព​ជា​មេធាវី​អស់​រយៈពេល ២៥​ឆ្នាំ។ លោក​ជា​អ្នក​ច្បាប់​ដែល​តែងតែ​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​បទឧក្រិដ្ឋ ទៅ​ដល់​មេធាវី និង​អ្នក​ច្បាប់​អ៊ុយក្រែន ជំនាន់​ក្រោយ។

តាម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ Wayne Jordash វិញ លោក​ពន្យល់​ថា ករណី​លោក ពូទីន ដូច​គ្នា​ទៅ​នឹង​បទឧក្រិដ្ឋ​នៃ​អតីត​មេដឹកនាំ​ប្រទេស​ហ្សែប៊ី និង​ប្រទេស​យូហ្គោស្លាវី គឺ​លោក Slobodan Milosevic នោះ​ដែរ ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ ICC នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

លោក Slobodan Milosevic ជា​ឧក្រិដ្ឋជន​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ លោក Milosevic ត្រូវ​បាន​រុញ​ឱ្យ​ធ្លាក់​ពី​អំណាច​ក្នុង​ឆ្នាំ​២០០០។ លោក​បាន​ធ្លាក់​ពី​អំណាច​ដោយសារ​កម្លាំង​បាតុករ​ផ្ទុះ​ប្រឆាំង​លោក ព្រោះតែ​លោក​ដឹកនាំ​ប្រទេស​ហ្សែប៊ី ទៅ​រក​របប​កុម្មុយនីស្ត​វិញ។ តែ​ពេល​នោះ លោក​បញ្ជា​កងទ័ព​ដែល​ស្មោះស្ម័គ្រ​នឹង​លោក ឲ្យ​បាញ់​សម្លាប់​និស្សិត បញ្ញវ័ន្ត អ្នក​នយោបាយ​ស្លាប់​យ៉ាង​រង្គាល។ លោក Milosevic ធ្លាក់​ពី​អំណាច​ដោយសារ​ការ​លូក​ដៃ​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាងលិច​ឯ​ទៀត។

ក្រោយពី​ធ្លាក់​ពី​អំណាច​ភ្លាម រដ្ឋាភិបាល​ហ្សែប៊ី​ថ្មី​ក៏​បាន​បញ្ជូន​លោក Milosevic ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​គេ​ថា​សាលា​ជំនុំជម្រះ​ក្ដី​អន្តរជាតិ​យូហ្គោស្លាវី ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ក្នុង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ខណៈ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​កូសូវូ និង​សម្លាប់​ជាតិសាសន៍​កូសូវូ។ ក្នុង​ឆ្នាំ​២០០១ លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់​បន្ថែម ២​សំណុំរឿង​ទៀត​ទាក់ទិន​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ គឺ​ការ​សម្លាប់​រង្គាល​លើ​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាម។

បទ​ចោទ​ចុងក្រោយ​នេះ លោក Milosevic បាន​បដិសេធ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​សម្លាប់​រង្គាល និង​ភាព​វឹកវរ​ជាច្រើន​ក្នុង​អំឡុង​ពេល​ដែល​លោក​កាន់​អំណាច​នៅ​ហ្សែប៊ី។ លោក​បាន​អះអាង​ថា ការ​ចោទប្រកាន់​ប្រឆាំង​រូបលោក​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ គឺជា​ការ​រួម​ដៃ​គ្នា​រវាង​សត្រូវ​បរទេស​ដែល​សហការ​ជាមួយ​គូប្រជែង​នយោបាយ និង​អតីត​សមាជិក​បក្ស​ប្រឆាំង​នៅ​អតីត​ប្រទេស​យូហ្គោស្លាវី។

ក្រោយ​ជាប់​ពន្ធនាគារ​បាន​បួន​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​២០០៦ លោក Milosevic ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ក្នុង​អាយុ ៦៤​ឆ្នាំ គឺ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នា​ទីក្រុង​ឡាអេ។

និយាយ​ដោយ​សង្ខេប​ទៅ លោក Milosevic បាន​កាន់​តំណែង​ប្រធានាធិបតី​ចំនួន ២​ប្រទេស​ក្នុង​មួយ​ជីវិត​របស់​លោក គឺ​នៅ​ប្រទេស​ហ្សែប៊ី ចាប់ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៧ និង​ជា​ប្រធានាធិបតី​នៅ​សហព័ន្ធ​យូហ្គោស្លាវី ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០។

តាម​ឯកសារ​ស្រាវជ្រាវ លោក Milosevic មាន​រឿង​អាស្រូវ​ជាប់​ខ្លួន​ដូចជា ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិសាសន៍​អំបូរ​អាបានី ក្រូអាត និង​កូសូវូ។

តែ​អ្វី​ដែល​នាំ​ឲ្យ​លោក Milosevic ត្រូវ​បាន​ទម្លាក់​ពី​អំណាច គឺ​ដោយសារតែ​លោក​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន​ក្នុង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ បង្ក្រាប​អ្នក​នយោបាយ​ក្រុម​ប្រឆាំង និង​មាន​ជម្លោះ​ជាមួយ​លោក​ខាងលិច។

ទោះជា​សេចក្តី​រាយការណ៍​ពី​វេជ្ជបណ្ឌិត​អះអាង​ថា លោក Milosevic ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ក្តី តែ​ប្រភព​ខ្លះ​បញ្ជាក់​ថា លោក​ធ្វើ​អត្តឃាត និង​ខ្លះ​ទៀត​ថា​លោក​ត្រូវ​គេ​បំពុល​នៅ​ពេល​លោក​ទទួលទាន​បាយ​ក្នុង​ពន្ធនាគារ​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ក្រោម​ការ​មើល​ការ​ខុសត្រូវ​ដោយ​សាលាក្ដី​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី ហៅ​កាត់​ថា ICTY (International Criminal Tribunal for the former Yugoslavia) ដែល​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ។

សំណុំរឿង​ឧក្រិដ្ឋ​របស់​លោក Milosevic គឺជា​ការ​ចងចាំ និង​កត់ត្រា​ទុក​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​ទាក់ទង​នឹង​អំណាច​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​សហការ​ជាមួយ​សាលាក្ដី​អន្តរជាតិ​យូហ្គោស្លាវី ICTY។

នៅ​លើ​ពិភពលោក​យើង​នេះ មាន​សំណុំរឿង​ឧក្រិដ្ឋ​ដូច​លោក Milosevic ច្រើន​ដែរ តែ​គ្រាន់តែ​ជន​ជាប់​ចោទ​ខ្លះ​ត្រូវ​ចាប់​ខ្លួន ខ្លះ​ទៀត​ស្លាប់​មុន​ការ​ចាប់​ខ្លួន និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់ទោស​ក្រោម​ដែន​យុត្តាធិការ​ពិសេស ឬ​សាលាក្ដី​កូនកាត់​ដែល​មាន​ចៅក្រម និង​រដ្ឋអាជ្ញា​អន្តរជាតិ​មកពី​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស