29 C
Phnom Penh

បក្ស​កម្លាំង​ជាតិ៖ ការ​ចាប់​ខ្លួន​មន្ត្រី​៣​នាក់​គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ជា​ថ្មី​មក​លើ​បក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា អាជ្ញាធរ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ៣​នាក់ គឺជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជា​ការ​បំភិតបំភ័យ​មក​លើ​គណបក្ស​កម្លាំង​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ថ្មី ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ដោយ​បាន​អំពាវនាវ​ជាបន្ទាន់​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក​គណបក្ស​កម្លាំង​ជាតិ និង​មន្ត្រី​របស់​ខ្លួន​ពីរ​រូប​ទៀត ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤។

ក្រៅពី​ចាប់​ខ្លួន​លោក អ៊ុំ វីរៈរដ្ឋ មាន​មន្ត្រី​នៃ​អតីត​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន គឺ​អ្នកស្រី គុណ ម៉ាច ប្រធាន​ចលនា​ស្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ និង​លោក ឯក បេន ប្រធាន​ប្រតិបត្តិ​ស្តីទី​របស់​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ស្ពឺ។

លោក អ៊ុំ វីរៈរដ្ឋ និង​សកម្មជន ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ ១០​នាក់​ផ្សេង​ទៀត ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ ទាក់ទង​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ឆ្នាំ​២០១៩។

តុលាការ​បាន​លើក​យក​សំណុំរឿង​ចាស់​មក​កាត់ទោស​ពួកគេ​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ដោយ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៧​ឆ្នាំ ហើយ​តុលាការ​ក៏​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពួកគេ​យក​មក​អនុវត្ត​ទោស។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោក​ចាត់ទុក​ថា​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ ដែល​អគ្គហិរញ្ញិក​របស់​លោក​ត្រូវ​បាន​ចាប់​ខ្លួន។ លោក​ថា នេះ​គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង ព្រោះ​ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់។

មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន និង​ការ​គាបសង្កត់​ជា​ហូរហែ​មក​លើ​សកម្មជន​នយោបាយ​ជំទាស់ គឺជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការ​ធ្លាក់​ចុះ​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។

បច្ចុប្បន្ន​នេះ សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស