31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹង​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឡើង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នៅ​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះ​លោក ហ៊ុន សែន បារម្ភ​អំពី​សុខភាព​របស់​គាត់។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ មេសា នេះ​ថា តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​ដើម្បី​ជួយ​ពង្រឹង​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ព្រោះ​ថា​អ្វី​ដែល​លោក ហ៊ុន សែន បារម្ភ​បំផុត​នៅ​ពេលនេះ គឺ​សុខភាព​របស់​គាត់ មិន​អនុញ្ញាត​ឱ្យ​គាត់​អាច​រៀបចំ​ប្រព័ន្ធ​អំណាច​គ្រួសារ​របស់​គាត់​បាន​ជោគជ័យ​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា សេណារីយ៉ូ​ដែល​អាច​កើត​មាន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​រៀបចំ​ឱ្យ​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី នឹង​ត្រូវ​រៀបចំ​ឱ្យ​ធ្វើជា​ប្រធាន​រដ្ឋសភា ខណៈ​លោក ហ៊ុន ម៉ានិត នឹង​ត្រូវ​រៀបចំ​ឱ្យ​ធ្វើជា​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ ហើយ​លោក ហ៊ុន សែន នឹង​ធ្វើ​ជា​ប្រមុខ​ស្តីទី​តាមរយៈ​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ពេលនេះ។

លោក ម៉ែន ណាត លើកឡើង​ថា មុន​ពេល​ដែល​លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ទោះ​គាត់​ចង់​សម្រេច​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រ ក៏​គាត់​មាន​ការ​ព្រួយបារម្ភ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ដែរ។

លោក​បន្ត​ថា លោក ហ៊ុន សែន កំពុងតែ​លួងលោម​អ្នក​ទាំងនោះ​ឱ្យ​ទទួល​យក​ការ​រៀបចំ​អំណាច​គ្រួសារ​របស់​គាត់​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ជាពិសេស​គឺ​គាត់​មិន​ចង់​ឲ្យ​មាន​អរិយភាព​ណា​មួយ​កើត​ឡើង​នៅ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ដែល​ជា​ហេតុ​នាំ​ទៅ​ដល់​ការ​បំផ្លាញ​ប្រព័ន្ធ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​ដែល​គាត់​កំពុងតែ​រៀបចំ​សព្វថ្ងៃ​នេះ​ទេ។

ដូច្នេះ តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​គាត់​នៅ​ពេលនេះ នឹង​បង្ក​ភាព​ងាយស្រួល​សម្រាប់​គាត់​ក្នុង​ការ​សម្រេច​រឿង​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ព្រះមហាក្សត្រ​កាន់តែ​ខ្លាំង និង​មិន​ធ្វើ​ឱ្យ​ទាស់​ភ្នែក​របស់​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​ដែរ ដោយ​ផ្អែក​ទៅ​លើ​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ត្រូវ​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​ឱ្យ​គាត់​ធ្វើជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នៅ​ពេលនេះ។

អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ឡើង​មក​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​ដើម្បី​ជួយ​ការ​ដឹកនាំ​កូនប្រុស​របស់​គាត់​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ​ផង​ដែរ ជាពិសេស​គឺ​ជួយ​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​បរាជ័យ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជិត ១​ឆ្នាំ​មក​នោះ។

លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ​ក៏​កំពុង​ជួយ​គាត់​ឱ្យ​មាន​ប្រជាប្រិយភាព​នយោបាយ​ឡើងវិញ​ដែរ ព្រោះ​ថា​រយៈពេល​ជិត ១​ឆ្នាំ​ដែល​គាត់​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ពលរដ្ឋ​មិន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ទៅ​លើ​គាត់​ដូច​មុន​ទេ។

លោក​បន្ថែម​ថា ក្នុង​ន័យ​នេះ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ផ្សេង​ទៀត ដូចជា លោក ស ខេង លោក សាយ ឈុំ និង​អ្នកស្រី ម៉ែន សំអន ជាដើម កំពុង​បាត់បង់​ប្រជាប្រិយភាព​នយោបាយ​កាន់តែ​ខ្លាំង​បណ្តើរៗ​នៅ​ពេលនេះ ដោយសារតែ​ពួកគេ​មិន​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ដូច​លោក ហ៊ុន សែន។

កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ព្រឹទ្ធសភា​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​លើកដំបូង​សម្រាប់​អាណត្តិ​ទី​៥ របស់​ខ្លួន ក្នុង​នោះ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ថ្មី​នេះ​ជំនួស​លោក សាយ ឈុំ។ លោក ហ៊ុន សែន នៅ​ពេលនេះ ក៏​កំពុង​កាន់​តំណែង​ខ្ពស់​ផ្សេង​ទៀត​នៅ​ក្នុង​គណបក្ស និង​ក្នុង​ស្ថាប័ន​ព្រះមហាក្សត្រ​ដែរ ហើយ​លោក​ក៏​ជា​ប្រធាន​បក្ស​កាន់​អំណាច​ផង និង​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ផង។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ព័ត៌មាន​ដ៏​រសើប​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន ធ្វើ​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ក្លាយ​ជា​គណបក្ស​របស់​គ្រួសារ​ត្រូល​ហ៊ុន​ផ្ដាច់មុខ​ក្នុង​ការ​ទទួល​ផែនការ​ពី​រដ្ឋាភិបាល​វៀតណាម ព្រោះ​លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​គ្រប់​បែប​យ៉ាង ទាំង​ឪពុក ទាំង​កូន កម្ចាត់​មន្ត្រី​ជាន់ខ្ពស់​ចាស់ៗ និង​កូនៗ​របស់​មន្ត្រី​ទាំងនោះ ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​អស់ មុន​នឹង​គាត់​អស់​លទ្ធភាព​គ្រប់គ្រង​បក្ស​នេះ​នៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស