29 C
Phnom Penh

លោក កឹម សុខា បន្ត​បដិសេធ​ថា​លោក​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​បន្ត​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា​មិន​បាន​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដូច​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» នោះ​ទេ ខណៈ​អង្គ​សវនាការ​នៅ​ថ្ងៃទី​៤ មេសា នេះ បាន​ជជែក​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣។

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បាន​ថ្លែង​ថា នៅ​ក្នុង​សវនាការ​លើក​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ នៅ​សាលា​ឧទ្ធរណ៍ លោក កឹម សុខា នៅតែ​បន្ត​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​លើ​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២៧​ឆ្នាំ ពី​បទ «ក្បត់​ជាតិ»។ អ្នកស្រី​ថា លោក កឹម សុខា បាន​អះអាង​ការពារ​ភាព​ស្អាតស្អំ​របស់​គាត់​ថា គាត់​មិន​បាន​ឃុបឃិត​ជាមួយ​បរទេស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

ចំណែក​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​ចូលរួម​តាមដាន​សវនាការ បាន​ឲ្យ​ដឹង​ថា អង្គ​សវនាការ​នៅ​ថ្ងៃ​ពុធ ទី​៣ មេសា នេះ​បាន​ជជែក​ដេញដោល​លើ​អង្គហេតុ​ចំនួន​៣ គឺ​ទី​១ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទី​២ ផ្កាឈូក និង​ទី​៣ កណ្ដាប់ដៃ។ លោក​ថា លោ កឹម សុខា នៅតែ​បដិសេធ​ថា​លោក​ពុំ​បាន​ឃុបឃិត​ជាមួយ​បរទេស​នោះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ផ្ទះ​កាលពី​យប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​ក្រុង​ភ្នំពេញ ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដដែល​នោះ។

សំណុំរឿង​របស់​លោក កឹម សុខា កំពុង​ដំណើរការ​នៅ​សាលា​ឧទ្ធរណ៍​សព្វថ្ងៃ​នេះ។ តុលាការ​ថ្នាក់​កណ្តាល​មួយ​នេះ បាន​សម្រេច​បើក​សវនាការ​លើ​សំណុំរឿង​នេះ​ត្រឹមតែ ៩​លើក​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ធ្វើឡើង ២​ដង​ក្នុង ១​ខែ នៅ​រៀងរាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដូច្នេះ បើ​គិត​មក​ទល់​នឹង​ពេលនេះ តុលាការ​បាន​បើក​សវនាការ​បាន​ចំនួន ៦​លើក​ហើយ គឺ​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែ​មករា លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែ​កុម្ភៈ និង​លើក​ទី​៣ នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ លើក​ទី​៤ គឺ​នៅ​ថ្ងៃទី​៧ ខែ​មីនា និង​លើក​ទី​៥ គឺ​នៅ​ថ្ងៃទី​២១ ខែ​មីនា និង​លើក​ទី​៦ នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ នេះ។

សវនាការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ក្នុង​សាលា​ឧទ្ធរណ៍​នៅ​សល់​តែ ៣​លើក​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​តុលាការ​សម្រេច​ប្រកាស​សាលក្រម ខណៈ​លទ្ធផល​នៃ​សវនាការ​នេះ គេ​រំពឹង​ថា​សាលា​ឧទ្ធរណ៍​នឹង​ចាត់ទុក​សាលក្រម​របស់​សាលាដំបូង​ជា​បានការ​ដដែល ក្នុង​នោះ គេ​ក៏​រំពឹង​ដែរ​ថា បើ​លោក កឹម សុខា ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត នោះ​លទ្ធផល​ក៏​មិន​ខុស​គ្នា​ពី​សាលាដំបូង​ដែរ ព្រោះ​គេ​ដឹង​ថា​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សំណុំរឿង​ដែល​យូរ​ជាងគេ​ក្នុង​ប្រវត្តិ​នៃ​ការ​កាត់​ក្តី​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ជា​សំណុំរឿង​ដែល​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ ត្បិត​តុលាការ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ស្ថាប័ន​ដែល​លម្អៀង និង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស