31 C
Phnom Penh

លោក ហ៊ុន សែន ឪ​នាយករដ្ឋមន្ត្រី​តែងតាំង​ស្តេច​គ្រញូង​ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកប្រាជ្ញ​អ៊ីតាលី Niccolo Machiavelli រំឭក​មនុស្ស​លោក​ក្នុង​អំឡុង​សតវត្ស​ទី​១៥-ទី​១៦ ថា វិធីសាស្ត្រ​ដំបូង​បង្អស់​ក្នុង​ការ​ប៉ាន់ប្រមាណ​បញ្ញា​នៃ​មេដឹកនាំ​ម្នាក់ គឺ​មើល​ទៅ​មនុស្ស​ជុំវិញ​គាត់ (The first method for estimating the intelligence of a ruler is to look at the men he has around him)។

មេដឹកនាំ​បក្ស​កាន់​អំណាច​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ​លោក ហ៊ុន សែន សម្រេច​តែងតាំង​មេ​ឧក្រិដ្ឋជន​ព្រៃឈើ និង​មិន​ចេះ​អក្សរ លោក ទ្រី ភាព ជា​ទីប្រឹក្សា​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ខណៈ​ក្រុម​ឧក្រិដ្ឋ​ដទៃ​ទៀត​ក៏​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​ដែរ ក្នុង​នោះ​ក៏​មាន​ទណ្ឌិត​ដែល​កំពុង​ស្ពាយ​ទោស​រត់​គេច​ខ្លួន​ពី​សាលដីកា​តុលាការ​ថែម​ទៀត។

មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តីទី កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ ដែល​បាន​សម្រេច​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មេ​ឧក្រិដ្ឋជន​ព្រៃឈើ គេ​និយម​ហៅថា ស្តេច​គ្រញូង ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី ក្រោយ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន ២​ថ្ងៃ​សម្រាប់​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នេះ។

ការ​តែងតាំង​ឧក្រិដ្ឋជន​ជា​ទីប្រឹក្សា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មិនមែន​តែ​លោក ទ្រី ភាព ទេ​ដែល​ទទួល​បាន​តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ សូម្បី​ឧក្រិដ្ឋជន​ព្រៃឈើ ឬ​អ្នកទោស​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត ក៏​ធ្លាប់​ទទួល​បាន​ការ​តែងតាំង​តំណែង​ខ្ពស់ៗ​បែប​នេះ​ពី​លោក ហ៊ុន សែន នា​ពេល​កន្លង​មក​ដែរ។

មាន​ឧទាហរណ៍​ជាក់ស្តែង ដូចជា​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​មួយ​រូប​ផ្សេង​ទៀត គឺ​ឧកញ៉ា មិក សាផាណារេត ហៅ​ឧកញ៉ា ជ័យ ជា​ទីប្រឹក្សា ខណៈ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ឧកញ៉ា​ខ្នា ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​ដែរ​នោះ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ឱ្យ​ធ្វើ​ជា​ជំនួយការ​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ កន្លង​ទៅ​ផង​ដែរ។

ក្រៅពី​នេះ មេ​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ លោក ចាប សារ៉ន ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្ដិ​ពី​ថ្នាក់​ពី​វរសេនីយ៍ឯក ទៅ​ជា​ឧត្តមសេនីយ៍ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ តាម​សំណើ​របស់​លោក ហ៊ុន សែន ដែរ ខណៈ​ឧក្រិដ្ឋជន​ព្រៃឈើ​ផ្សេង​ទៀត​ក៏​ទទួល​ឋានៈ​បុណ្យ​ស័ក្តិ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដូចជា​លោក លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង ជាដើម។

ក្រៅពី​តែងតាំង​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ​ជា​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន លោក ហ៊ុន សែន ក៏​បាន​តែងតាំង​អ្នកទោស​ដែល​កំពុង​រត់​គេច​ខ្លួន​ជា​ទីប្រឹក្សា​របស់​គាត់​ថែម​ទៀត​ដែរ ក្នុង​នោះ ឧក្រិដ្ឋជន​សម្លាប់​មនុស្ស​ដែល​កំពុង​មាន​ជាប់​ទោស​ក្រោម​អំណាច​សាលដីកា​តុលាការ​កំពូល គឺ​អ្នកស្រី ជា រដ្ឋា ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា​របស់​គាត់​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ បន្ទាប់ពី​ទណ្ឌិត​រូប​នេះ​រត់​គេច​ខ្លួន​គេចវេះ​ពី​ការ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក។

លើស​ពី​នេះ គេ​ក៏​រក​ឃើញ​ដែរ​ថា មហាសេដ្ឋី​ដើមកំណើត​ចិន​ចូល​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រដ្ឋអំណាច​ចិន តាម​ចាប់​ខ្លួន​រហូត​មក​នោះ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​សព្វថ្ងៃ​នេះ​ថែម​ទៀត ដែល​ភស្តុតាង​ទាំងនេះ​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វៀ​ដែល​បាន​តែងតាំង​ក្រុម​ឧក្រិដ្ឋជន​ជា​មន្ត្រី​រដ្ឋាភិបាល​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​គាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​ចាប់តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ រហូត​ដល់​ពេលនេះ គឺ​តាមរយៈ​អំពើ​ឧក្រិដ្ឋ​ទាំងអស់ ដូចជា ការ​ទទួល​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ដើម្បី​សម្លាប់​បុរស​ខ្មែរ​ជាង ២​សែន ក្នុង​ផែនការ «ក​៥» និង​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ ព្រមទាំង​ការ​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ឆ្នាំ​១៩៩៧ រួម​ទាំង​ការ​សម្លាប់​សកម្មជន​សង្គម​ល្បីៗ​ជាច្រើន​នាក់​ផ្សេង​ទៀត ដូចជា បណ្ឌិត កែម ឡី ជាដើម ដូច្នេះ​មនុស្ស​នៅ​ក្រោម​ឱវាទ​របស់​គាត់ ក៏​ត្រូវ​តែ​ជា​មនុស្ស​ដែល​សាហាវ​យង់ឃ្នង​ដូច​គាត់​ដែរ។

ជាក់ស្តែង លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ជំនិត​របស់​គាត់ ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ដោយ​ការ​បោក​គ្រាប់បែកដៃ​សម្លាប់​ហ្វូង​បាតុករ​ស្លូតត្រង់​កាលពី​ឆ្នាំ​១៩៩៧ ដែរ។ ជាង​នេះ​ទៀត លោក ប៉ុល សារឿន ដែល​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កន្លង​មក ក៏​ធ្លាប់​មាន​ប្រវត្តិ​បាតដៃ​ប្រឡាក់​ឈាម​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ដែរ។

លើស​ពី​នេះ ក៏​មាន​ដូចជា​លោក សៅ សុខា ដែល​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក នេត សាវឿន ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ពេលនេះ ព្រមទាំង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ផ្សេង​ទៀត​ដូចជា អគ្គមេបញ្ជាការ អគ្គមេបញ្ជាការ​រង និង​ជា​អគ្គស្នងការ អគ្គស្នងការ​រង​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា​ទាំងមូល សុទ្ធតែ​ធ្លាប់​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ល្មើស​ច្បាប់​តាម​បញ្ជា​របស់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក​ទាំងអស់។ ក្នុង​របប​ផ្ដាច់ការ​គ្រប់​ប្រភេទ អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​អ្នក​ក្រោម​បង្គាប់​ធ្វើ​តាម​បញ្ជា មិនមែន​ធ្វើ​តាម​ច្បាប់​ទេ ពីព្រោះ​ក្នុង​វប្បធម៌​ដឹកនាំ​របស់​គេ គឺ​គោរព ស្មោះត្រង់ បម្រើ ការពារ​តែ​មេ​របស់​គេ​ប៉ុណ្ណោះ ដើម្បី​បាន​ទទួល​ប្រយោជន៍ លាភសក្ការៈ បុណ្យស័ក្តិ​ផ្ទាល់ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​លើកឡើង​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺជា​ការ​ដឹកនាំ​តាម​របប​ហ្វាស់ស៊ីស ចំណែក​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​មេដឹកនាំ​កំពូល​នៃ​របប​នេះ​ដោយ​ផ្ទាល់។

លោក សម រង្ស៊ី បញ្ជាក់​ថា របប​ហ្វាស់ស៊ីស គឺជា​របប​មូលធន​និយម ដែល​ប្រមូលផ្ដុំ​ទ្រព្យសម្បត្តិ​ជាតិ​ក្តាប់​ក្នុង​កណ្ដាប់ដៃ​មនុស្ស​មួយ​ក្តាប់​តូច​ដែល​មាន​មហាសេដ្ឋី និង​បណ្ដាញ​បក្ខពួក​អ្នក​មាន​អំណាច​មួយ​ចំនួន ដែល​មាន​តួនាទី​ជួយ​លួច ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​ពី​ពលរដ្ឋ​ម្ចាស់​ប្រទេស យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​សម្រាប់​បក្ខពួក​អ្នក​គ្រប់គ្រង​អំណាច​មួយ​ក្តាប់​តូច​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស