30 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល៖ ពាក្យ​សន្តិភាព គ្រាន់តែ​ជា​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ពាក្យ​សន្តិភាព គ្រាន់តែ​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ពី​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ ព្រោះ​ថា​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ប្រើ​អំណាច​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក គឺ​សុទ្ធតែ​ក្រោម​លេស​ការពារ​សន្តិភាព។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែល​ចេញ​ពី​មាត់​បុគ្គល​ក្រាញ​អំណាច​បន្ត​វង្ស​ត្រកូល​ដូច​លោក ហ៊ុន សែន គឺ​ជា​ពាក្យ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ព្រោះ​ថា​សន្តិភាព​របស់​ប្រទេស​មួយ ឬ​ប្រជាជាតិ​មួយ គឺ​សំដៅ​ដល់​ប្រទេស​ដែល​មាន​ការ​អនុវត្ត​ច្បាប់​ពេញលេញ​រាប់​ចាប់តាំងពី​មេដឹកនាំ​កំពូល​របស់​ប្រទេស រហូត​ដល់​មន្ត្រី​រាជការ និង​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​មិនមែន​ជា​ច្បាប់​ដែល​ស្ថិត​នៅ​ក្រោម​បាតជើង​មេដឹកនាំ​ដូច​គ្រួសារ​ត្រកូល​ហ៊ុន​អនុវត្ត​សព្វថ្ងៃ​នេះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ជាប់​ពិន្ទុ​អាក្រក់​ស្ទើរតែ​គ្រប់​យ៉ាង ដូចជា ពិន្ទុ​អាក្រក់​ខាង​អំពើពុករលួយ ពិន្ទុ​អាក្រក់​ខាង​គាប​សង្កត់​សេរីភាព​ពលរដ្ឋ និង​ជាប់​ពិន្ទុ​អាក្រក់​ខាង​នីតិរដ្ឋ ជាដើម។ ជាង​នេះ​ទៀត ក៏​ជាប់​ឈ្មោះ​អាក្រក់​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នានា​ផង​ដែរ ដូចជា ជាប់​ឈ្មោះ​ជា​ប្រទេស​ជួញដូរ​គ្រឿងញៀន ជាប់​ឈ្មោះ​ជា​ប្រទេស​ជួញដូរ​មនុស្ស ជាប់​ឈ្មោះ​ជា​ប្រទេស​លាង​លុយ​កខ្វក់ និង​ជាប់​ឈ្មោះ​ជា​ប្រទេស​លក់​ទ្រព្យសម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្លួន ខណៈ​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​ថែម​ទៀត តែ​បែរ​ជា​មក​អួត​ថា​ជា​ប្រទេស​មាន​សន្តិភាព​ទៅវិញ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​អាច​រាប់​ចូល​ជា​ប្រទេស​ដែល​មាន​សន្តិភាព​បាន​ទេ នៅ​ពេល​ដែល​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​សេរីភាព​នយោបាយ ព្រមទាំង​សិទ្ធិ​ជា​មូលដ្ឋាន​នានា​របស់​ពលរដ្ឋ នៅតែ​រង​នូវ​ការ​គាបសង្កត់​ដូច​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​ឯក​បក្ស​ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ទៀត​នោះ គឺ​រឹតតែ​បង្ហាញ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា កម្ពុជា​កាន់តែ​នៅ​ឆ្ងាយ​ពី​សន្តិភាព និង​កំពុង​រមៀល​ទៅ​រក​ជ្រោះ​មរណៈ​ក្នុង​របប​ផ្ដាច់ការ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទៅវិញ។

កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៤ នេះ គឺ​មាន​រយៈពេល ៤៩​ឆ្នាំ​ហើយ​ដែល​លោក​បាន​រងគ្រោះ​ពិការ​ភ្នែក​ខាង​ឆ្វេង។

លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារតែ​មូលហេតុ​នេះ​ហើយ ទើប​លោក​ខិតខំ​បញ្ចប់​សង្គ្រាម​នាំ​មក​នូវ​សន្តិភាព​ឯកភាព​ជាតិ ឯកភាព​ទឹកដី បង្កើត​នូវ​ការ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះ​ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​រួម​គ្នា​ការពារ​សន្តិភាព​ឱ្យខាងតែ​បាន។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព និង​មាន​ស្ថិរភាព​នយោបាយ​ពិតប្រាកដ ទាល់តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ការ​ដឹកនាំ​តាម​របៀប​រំលោភ​បំពាន​ច្បាប់​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន​នេះ គ្រាន់តែ​ជា​សន្តិភាព​សម្រាប់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​ភាព​ភ័យខ្លាច​ដូច​ក្នុង​សម័យ​សង្គ្រាម​ដដែល។

ប្រភព​ដដែល​លើកឡើង​ថា ការ​គ្រប់គ្រង និង​ការ​គាបសង្កត់​របស់​លោក ហ៊ុន សែន ដែល​ដឹកនាំ​ដោយ​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា យ៉ាង​ព្រៃផ្សៃ​សព្វថ្ងៃ​នេះ គឺជា​ភស្តុតាង​យ៉ាង​ជាក់ច្បាស់​ពី​ការ​បំផ្លាញ​សន្តិភាព និង​បង្ក​អសន្តិសុខ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ទាំងមូល។

យ៉ាងណាក៏ដោយ ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ទទួលស្គាល់​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស