នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថា រាល់សកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា និងបង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឲ្យបាន។
ថ្លែងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ លោក ហ៊ុន ម៉ាណែត អះអាងថា កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។
លោកអះអាងថា កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង មានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ដើម្បីការពារឱ្យបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។
អ្នកវិភាគនយោបាយលោក សេង សារី កាលពីពេលថ្មីៗនេះលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំប្រទេសគ្រប់គ្រងលើមេទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ហើយសមាជិកកងកម្លាំងប្រដាប់អាវុធសុទ្ធសឹងតែជាសមាជិករបស់បក្សនេះទាំងអស់ ដែលជាការផ្ទុយពីច្បាប់ដែលចែងថា កងទ័ពជាកម្លាំងអព្យាក្រឹត្យការពារជាតិនោះ។
ចំណែកប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា មានលក្ខខណ្ឌពីរដែលបង្ហាញថា ផ្ទៃក្នុងបក្សកាន់អំណាចកំពុងបែកបាក់ធ្ងន់ធ្ងរ គឺទី១ អង្គភាពកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលក្រុមផ្សេងនៃផ្ទៃក្នុងរបស់ខ្លួនបានទាមទារឲ្យមានការកាត់បន្ថយយ៉ាងច្រើននៅត្រឹម ២០០នាក់នោះ ក៏ត្រូវលោក ហ៊ុន សែន ចោទថាជាការប៉ុនប៉ងផ្តួលរំលំអំណាច និងធ្វើឃាតគាត់ទៅវិញ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយសៀវភៅ «ស» រៀបរាប់ថា កម្ពុជាកំពុងកើតមាននូវបដិវត្តន៍ពណ៌រៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងថាមានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ ៣០០ បានចូលរួមក្នុងបដិវត្តន៍ពណ៌នោះ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចផង និងជានាយករដ្ឋមន្ត្រីផងនាពេលបច្ចុប្បន្ននេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

