32 C
Phnom Penh

លោក គឹម សុខ ប្រកាស​ផ្អាក​រិះគន់​លោក ហ៊ុន សែន រយៈពេល​១​ខែ ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​ប្រកាស​ទុក​ពេល ១​ខែ​មិន​រិះគន់​រឿង​នយោបាយ​សង្គម ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ក្នុង​ការ​ស្វែងរក​ការ​បង្រួបបង្រួម​ជាតិ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មេសា នេះ​ថា លោក​នឹង​ទុក​ពេល ១​ខែ បន្ទាប់ពី​ការ​បង្ហោះ «សេណារីយ៉ូ​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា» របស់​លោក​នៅ​ពេលនេះ ដោយ​មិន​រិះគន់​រឿង​នយោបាយ​សង្គម និង​ផ្អាក​ធ្វើ​យុទ្ធនាការ «ទាមទារ​យុត្តិធម៌ កុំ​សុំ​យុត្តិធម៌» រយៈពេល ១​ខែ​ផង​ដែរ ដើម្បី​រង់ចាំ​ស្ដាប់​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ចំពោះ​សេណារីយ៉ូ​ដែល​លោក​លើកឡើង​ពី​ការ​បង្រួបបង្រួម​ជាតិ​ខាងលើ​នេះ ព្រោះ​ថា​ឆន្ទៈ​របស់​លោក​ពិតប្រាកដ គឺ​ចង់​ឃើញ​ខ្មែរ «ផ្សះផ្សា​បង្រួបបង្រួម​ជាតិ» ប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា បើ​លោក ហ៊ុន សែន ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​នៅ​ពេលនេះ គាត់​នឹង​ទទួល​បាន​ទាំង​អំណាច និង​កិត្តិយស​ដោយ​ថ្លៃថ្នូរ​ពី​ប្រជាជាតិ​ខ្មែរ​ទូទាំង​ប្រទេស ក្នុង​នោះ​នយោបាយ «ឈ្នះ​ឈ្នះ» របស់​គាត់ ក៏​នឹង​ត្រូវ​ខ្មែរ​គ្រប់​ភាគី​លើក​តម្កើង​ជា​មតិ​រួម​ជាតិ​ថែម​ទៀត ប៉ុន្តែ​ផ្ទុយទៅវិញ បើ​គាត់​មិន​ផ្សះផ្សា​ជាតិ​ទេ នោះ​គ្រួសារ និង​ខ្លួន​គាត់​ផ្ទាល់ បាន​តែ​អំណាច​មិន​ស្រប​ច្បាប់​ប៉ុណ្ណោះ ហើយ​ការ​បញ្ចើចបញ្ចើ​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​កន្លង​មក ក៏​ជា​ការ​បញ្ចើចបញ្ចើ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិន​អាច​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​នៅ​ពេលនេះ​បាន​ទេ នោះ​មនុស្ស​ដែល​ចាញ់​ធំ​បំផុត​ទៅ​ថ្ងៃ​អនាគត គឺ​ក្រុម​គ្រួសារ​របស់​គាត់​ទាំងមូល ប៉ុន្តែ​បើ​គាត់​ព្រម​ដោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​ឯកភាព​ជាតិ​វិញ អ្នក​ដែល​ឈ្នះ​ធំ​ជាង​គេ ក៏​ជា​គ្រួសារ​របស់​គាត់ ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក៏​នឹង​ទះ​ដៃ​អបអរ​សាទរ​រីករាយ​អស់ពី​ចិត្ត​ថែម​ទៀត។

អ្នកវិភាគ​នយោបាយ​រូប​នេះ​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ពិចារណា​សេណារីយ៉ូ​ដំណោះស្រាយ​នយោបាយ​ដែល​ខ្លួន​បាន​លើកឡើង​ខាងលើ​នេះ ដោយ​មាន​វត្តមាន​លោក ហ៊ុន សែន ជួប​គ្នា​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជជែក​គ្នា​ក្នុង​ពេល​សមស្រប​ឆាប់ៗ ទាន់​ស្ថានការណ៍​ជាតិ​តម្រូវ​នា​ពេលនេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដោះស្រាយ​មិន​ចេញ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។

វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ដោះស្រាយ​មិន​ចេញ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​មិន​បាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​ពី​វិបត្តិ​ជាតិ​ដែល​កំពុងតែ​ញាំញី​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ បើ​ទោះបីជា​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន​ក៏ដោយ។

ពាក់ព័ន្ធ​នឹង​សេណារីយ៉ូ​ដំណោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា​របស់​លោក គឹម សុខ បាន​នាំ​ឲ្យ​មាន​ការ​សាទរ​ពី​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន រីដា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ មេសា នេះ​ថា លោក ហ៊ុន សែន គួរ​យក​គំនិត​របស់​លោក គឹម សុខ ទៅ​ពិចារណា​សម្រាប់​ដំណោះស្រាយ​វិបត្តិ​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ផល​ប្រយោជន៍​ខ្មែរ។

មក​ទល់​ពេលនេះ ពន្លឺ​នៃ​កិច្ចចរចា​នយោបាយ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​សង្ឃឹម​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅតែ​ប្រកាស​តាម​កម្ទេច​ក្រុម​ដែល​ប្រឆាំង​សព្វថ្ងៃ​នេះ​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ។

លោក ហ៊ុន សែន ព្រមាន​ថា សូម​ឈប់​ស្រមើស្រមៃ​ថា​លោក​នឹង​ធ្វើ​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ទៀត​ទៅ ហើយ​ពួក​អ្នក​ដែល​មាន​ទោស ត្រូវ​ទៅ​ទទួល​ទោស​ជាប់​គុក ២​ភាគ​៣ សិន ចាំ​គិត​ដល់​រឿង​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​នៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៨៥ មក បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដូចជា ការ​ចាប់​សកម្មជន​សង្គម រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ ជាដើម។

ប្រភព​ដដែល​បន្ថែម​ថា កម្ពុជា​នឹង​មិន​អាច​ស្វែងរក​ការ​សាមគ្គី​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​បាន​ទេ បើ​លោក ហ៊ុន សែន នៅតែ​បន្ត​នយោបាយ​តាម​របប​កុម្មុយនីស្ត​ដូច​សព្វថ្ងៃ​នេះ ដូច្នេះ​ដើម្បី​មាន​ការ​រួបរួម​មួយ​ដោយ​ពិតប្រាកដ ក្រុម​អ្នក​នយោបាយ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ ត្រូវតែ​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ផ្លាស់ប្ដូរ​ទម្រង់​រដ្ឋាភិបាល​ផ្ដាច់ការ​ជា​មុន​សិន នោះ​ទើប​កម្ពុជា​មាន​ពន្លឺ​នៃ​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ។

ចាប់តាំងពី​ចុង​ឆ្នាំ​២០២០ មក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន បាន​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន ប៉ុន្តែ​មក​ទល់​ពេលនេះ ពន្លឺ​នៃ​កិច្ចចរចា​នយោបាយ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្រក​ចេញ​នៅឡើយ​ទេ ខណៈ​គំនុំ​នយោបាយ​បុគ្គល​របស់​អ្នក​នយោបាយ​ខ្មែរ កំពុង​បង្ក​ភ្លើង​ឆាបឆេះ​កម្ពុជា​កាន់តែ​ខ្លាំង​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស