38 C
Phnom Penh

លោក សាពូន មីដាដា ក្រឡាស់​សម្ដី​ថា​ធ្លាប់​បាន​លុយ​ពី​លោក ហ៊ុន សែន តែ​ជិត​កន្លះ​លាន​ដុល្លារ​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស លោក សាពូន មីដាដា ក្រឡាស់​សម្ដី​ថា​ខ្លួន​ធ្លាប់​ទទួល​បាន​លុយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក (៤២​ម៉ឺន​ទៅ ៤៣​ម៉ឺន​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ មិនមែន​ជិត ៧​លាន​ដុល្លារ​អាមេរិក​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ចេញ​សារ​ព្រមាន​ភ្លាមៗ​កាល​ថ្ងៃ​ពុធ។

យ៉ាងណា​ក៏ដោយ អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ពី​ចំនួន​លុយ​ជាង ៦​លាន​ដុល្លារ​អាមេរិក (៦,៧​លាន​ដុល្លារ) ដែល​ខ្លួន​បាន​អះអាង​ថា ទទួល​បាន​ពី​លោក ហ៊ុន សែន កាលពី​ជាង ១០​ឆ្នាំ​មុន​នោះ ថា​ជា​ការ​សរសេរ​ដោយ​ការ​ភាន់ច្រឡំ ឬ​ជា​ការ​គំរាម​មិន​ឱ្យ​លោក​និយាយ​យ៉ាងណា​នោះ​ទេ ហើយ​លោក សាពូន មីដាដា បាន​បិទ​រឿង​នេះ​ចោល​មិន​បកស្រាយ​តែម្តង។

អតីត​តារាចម្រៀង និង​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សាពូន មីដាដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា លោក​សូម​ខមាទោស​លោក ហ៊ុន សែន ជុំវិញ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​អំពី​ចំនួន​លុយ ៦,៧​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក ហ៊ុន សែន។ ជាង​នេះ​ទៀត លោក​ថា​ការ​សរសេរ​របស់​លោក ក៏​បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភាន់ច្រឡំ​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែរ។

អតីត​តារាចម្រៀង​រូប​នេះ​លើកឡើង​ថា សំណេរ​នោះ​ត្រូវ​បាន​ក្រុម​ប្រឆាំង​មួយ​ក្តាប់​តូច​យក​ទៅ​វាយប្រហារ​លើ​កិត្តិយស​របស់​លោក ហ៊ុន សែន យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​លោក សាពូន មីដាដា បាន​បង្ហាញ​ចំនួន​លុយ​សាជាថ្មី​ថា លោក ហ៊ុន សែន ធ្លាប់​បាន​ផ្តល់​លុយ​ឱ្យ​ខ្លួន​ពិត​មែន ប៉ុន្តែ​មាន​ចំនួន​តែ​ជាង ៤០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ មិនមែន​ជាង ៦​លាន​ដុល្លារ​អាមេរិក​នោះ​ទេ។

កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ លោក សាពូន មីដាដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា សម្ពាយ​បុណ្យ​កុសល​លាភ​ជ័យ​ព្រះឥន្ទ​ប្រទាន​កាលពី​ជាង ១១​ឆ្នាំ​មុន នូវ​ទឹកប្រាក់​ចំនួន ៦​លាន ៧​សែន​ដុល្លារ​អាមេរិក ព្រមទាំង​ផ្ទះ​វីឡា​នៅ​បុរី ប៉េង​ហួត បឹងស្នោ និង​ឡាន​ម៉ាក​សឺដេស ពណ៌​ក្រហម ខ្សែក​ប្រាំ​តម្លឹង​ស្រោប​ពេជ្រ ១២​ការ៉ាត់​ដែល​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ផ្តល់​ឱ្យ​រូបលោក។

លោក សាពូន មីដាដា បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវ​បាន​រលាយ​ក្រោម​ស្នាដៃ​លោក​ទាំងអស់ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក គឺ​អ្នកស្រី សឿ សុធារ៉ា ដែល​កំពុង​មាន​ស្មារតី​មិន​ប្រក្រតី​នៅ​ពេល​នេះ​ឡើយ ហើយ​ការ​រលាយ​ទ្រព្យសម្បត្តិ​នេះ ក៏​អាច​បញ្ជាក់​បាន​ថា លោក​គឺ​ជា​មនុស្ស​កញ្ជើ​ធ្លុះ​បំផុត​ម្នាក់​ដែរ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​លោក សាពូន មីដាដា បង្ហោះ​សារ​នេះ​បាន​តែ ៣​ម៉ោង​ប៉ុណ្ណោះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក៏​បាន​ឆ្លើយតប​ទៅវិញ​ភ្លាមៗ​ថា លុយ​ជិត ៧​លាន​ដុល្លារ​វា​ច្រើន​ណាស់ លោក​គ្មាន​លទ្ធភាព​ផ្តល់​ឱ្យ​លោក សាពូន មីដាដា នោះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​ផ្តល់​លុយ​ឱ្យ​លោក សាពូន មីដាដា មែន តែ​ត្រឹម ៣០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​អតីត​តារាចម្រៀង​រូប​នេះ​ទៅ​ទិញ​ផ្ទះ​រស់នៅ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សរសេរ​របស់​លោក សាពូន មីដាដា បែប​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ទង្វើ​បំផ្លាញ​ខ្លួនឯង​ទេ តែ​ក៏​បង្ហាញ​ពី​ការ​ចង់​បំផ្លាញ​រូបលោក និង​ភរិយា​របស់​លោក​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​មេសា នេះ​ថា លោក ហ៊ុន សែន តែងតែ​យក​លុយ​ដែល​បាន​មកពី​ការ​លួច​ទ្រព្យសម្បត្តិ​ជាតិ ទៅ​ទិញ​មនុស្ស​ឱ្យ​បម្រើ​ខ្លួន ដោយ​ការ​ជេរប្រមាថ និង​លាប​ពណ៌​បក្ស​ប្រឆាំង​អស់​រាប់​លាន​ដុល្លារ​អាមេរិក​កន្លង​មក ហើយ​លុយ​ដែល​គាត់​យក​ទៅ​ទិញ​មនុស្ស​ទាំងនោះ បើ​យក​ទៅ​អភិវឌ្ឍ និង​សាងសង់​ស្ពាន​វិញ គឺ​បាន​រាប់​រយ​ស្ពាន​ឯណោះ។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​រូប​ដែល​មាន​គណនី​ឈ្មោះ អេង ពន្លក បាន​សរសេរ​រៀបរាប់​កាលពី​ថ្ងៃ​ពុធ ទី​២៤ មេសា នេះ​ថា ការ​បដិសេធ​របស់​លោក ហ៊ុន សែន ទៅ​កាន់​លោក សាពូន មីដាដា ដែល​ថា​លោក​បាន​ផ្តល់​លុយ​ត្រឹមតែ ៣០​ម៉ឺន​ដុល្លារ មិនមែន​ជាង ៦​លាន​ដុល្លារ​អាមេរិក​នោះ ក៏​ជា​ចំនួន​លុយ​ច្រើន​ដែរ។

ប្រភព​ដដែល​លើក​ជា​សំណួរ​ថា តើ​ជា​ការពិត​ទេ​ដែល​លោក សាពូន មីដាដា អះអាង​ថា​លោក ហ៊ុន សែន បាន​ផ្តល់​លុយ​ឱ្យ​រូបលោក​ជាង ៦​លាន​ដុល្លារ​អាមេរិក។

លោក​បន្ថែម​ថា បើជា​ការពិត តើ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ លោក ហ៊ុន សែន បាន​មក​ពីណា។ ជាង​នេះ​ទៀត តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ហ៊ាន​បើក​ការ​ស៊ើបអង្កេត​ពី​ប្រភព​លុយ​នេះ​ដែរ​ឬ​ទេ?

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្តល់​លុយ​របស់​លោក ហ៊ុន សែន ឱ្យ​លោក សាពូន មីដាដា ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៧​លាន​ដុល្លារ​អាមេរិក គឺជា​ភាព​មិន​ប្រក្រតី​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ផ្តល់​ឱ្យ​ជា​លុយ​សុទ្ធ​ដែល​មិន​បាន​ប្រតិបត្តិការ​តាម​ធនាគារ ក៏​ជា​ភាព​មិន​ប្រក្រតី​ត​មួយ​ថែម​ទៀត។ ដូច្នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ស្រាវជ្រាវ​ពី​ប្រភព​លុយ​នេះ ថា​តើ​លោក ហ៊ុន សែន ទទួល​បាន​លុយ​ទាំងនេះ​មកពី​ប្រភព​ណា និង​ផ្តល់​ឱ្យ​អតីត​តារាចម្រៀង​រូប​នេះ​ក្នុង​គោលបំណង​អ្វី?

ប្រភព​ដដែល បញ្ជាក់​ថា បើ​ទោះបីជា​លោក ហ៊ុន សែន អះអាង​ថា​បាន​ផ្តល់​លុយ​ឱ្យ​លោក សាពូន មីដាដា តែ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក៏ដោយ ក៏​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ដែរ ដើម្បី​ឱ្យ​ដឹង​ពី​វត្ថុបំណង​នៃ​ការ​ប្រើប្រាស់​លុយ​នេះ និង​ប្រភព​នៃ​លុយ​នេះ​ផង​ដែរ ដើម្បី​បញ្ជាក់​ថា​ជា​លុយ​ស្អាតស្អំ ឬ​ជា​លុយ​ខ្មៅ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា ជាប់​ក្នុង​អំពើ​លាង​លុយ​កខ្វក់​សព្វថ្ងៃ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក សាពូន មីដាដា បំភ្លឺ​ពី​មូលហេតុ​ដែល​លោក​ទទួល​បាន​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស