28 C
Phnom Penh

លោក អ៊ុំ សំអាន អះអាង​ថា​បើ​លោក ហ៊ុន សែន ហ៊ាន​ធ្វើ​រឿង​ដ៏​ធំ​មួយ​សម្រាប់​ជាតិ នោះ​លោក​នឹង​គាំទ្រ​ពេញ​ទំហឹង​ជា​អ្នក​ស្នេហា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា លោក​នឹង​គាំទ្រ​លោក ហ៊ុន សែន ជា​អ្នក​ស្នេហា​ជាតិ​ពេញ​ទំហឹង ប្រសិនបើ​លោក ហ៊ុន សែន ប្រកាស​ឱ្យ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក​សូម​គាំទ្រ​លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​វៀតណាម ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រែកជីក​ហ្វូណន។

លោក អ៊ុំ សំអាន អះអាង​ថា លោក​នឹង​គាំទ្រ​លោក ហ៊ុន សែន ជា​អ្នក​ស្នេហា​ជាតិ​ពេញ​ទំហឹង ប្រសិនបើ​លោក ហ៊ុន សែន ប្រកាស​ឱ្យ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​យក​តាម​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម គ្រប់គ្រង​កម្ពុជា និង​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​វៀតណាម ឈ្លានពាន​ត្រឡប់​មក​វិញ ដូចជា​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ដែល​វៀតណាម កំពុង​គ្រប់គ្រង​សព្វថ្ងៃ​នេះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​លុប​ចោល​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​នានា លោក ហ៊ុន សែន ត្រូវតែ​បណ្តេញ​ជន​អន្តោប្រវេសន៍​វៀតណាម ឱ្យ​អស់​ពី​កម្ពុជា លុប​ចោល​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម និង​ឡាវ ប្តឹង​វៀតណាម​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ ដើម្បី​ទាមទារ​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​មក​វិញ រួម​ទាំង​វាយ​ចោល​នូវ​ស្តូប​មិត្តភាព​កម្ពុជា- វៀតណាម ដែល​កំពុង​សាងសង់​ទាំង ២៥​រាជធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ផង​ដែរ នោះ​ទើប​អាច​បញ្ជាក់​បាន​ថា លោក ហ៊ុន សែន លែង​បម្រើ​ផល​ប្រយោជន៍​វៀតណាម តទៅទៀត​ហើយ។

លោក អ៊ុំ សំអាន បារម្ភ​ថា ការ​បំផុស​គំនិត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ជុំវិញ​ការ​សាងសង់​ព្រែកជីក​ហ្វូណន គឺជា​ល្បិច​កេង​ចំណេញ​នយោបាយ​ព្រួញ​មួយ​បាញ់​យក​សត្វ​ពីរ។ លោក​ថា ករណី​នេះ​គឺ​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ករណី​ប្រជាភិថុតិ​បំផុស​គំនិត​ជាតិ​និយម​ប្រឆាំង​រដ្ឋាភិបាល​ថៃ ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ទទួល​បាន ៩០​អាសនៈ​ក្នុង​រដ្ឋសភា​កាលពី​អំឡុង​ឆ្នាំ​២០០៨ ដូច្នោះ​ដែរ។

លោក​បន្ថែម​ថា អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​លោក ហ៊ុន សែន កំពុង​ធ្វើ​ប្រជាភិថុតិ​ដោយ​ប្រើ​ល្បិចកល​នយោបាយ​ព្រួញ​មួយ​បាញ់​យក​សត្វ​ពីរ ដែល​សត្វ​ទី​១ គឺជា​ល្បិច​ស្ដារ​ប្រជាប្រិយភាព​រដ្ឋាភិបាល​កូនប្រុស​របស់​គាត់​ដែល​កំពុង​ធ្លាក់​ចុះ ហើយ​សត្វ​ទី​២ គឺជា​ការ​ប្រើ​ល្បិច​កៀរគរ​រក​ការ​គាំទ្រ​ប្រឆាំង​ទៅ​នឹង​លោក សម រង្ស៊ី ជុំវិញ​ភាព​ចម្រូងចម្រាស​រឿង​ព្រែកជីក​ហ្វូណន ដែល​គ្រោង​នឹង​ដំណើរការ​សាងសង់​នា​ពេល​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ទទួល​អាហារ​សាមគ្គី​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា ថា លោក​ត្រូវតែ​អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។

លោក ហ៊ុន សែន ប្រតិកម្ម​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ខ្លាំងៗ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទេ ហើយ​ក៏​មិនមែន​ដើម្បី​បម្រើ​ប្រយោជន៍​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ដូច​ការ​ចោទប្រកាន់​របស់​វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា​របស់​ប្រទេស​វៀតណាម ដែរ ក្នុង​នោះ លោក ហ៊ុន សែន ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ជុំវិញ​ព្រែកជីក​នេះ​ដែរ​ថា ការ​អះអាង​របស់​លោក សម រង្ស៊ី គឺ​មាន​ទំនោរ​ទៅ​រក​វៀតណាម ក្នុង​បំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ កម្ពុជា​នឹង​មិន​ចរចា​ជាមួយ​វៀតណាម ក្នុង​ការ​សាងសង់​ព្រែក​នេះ​ទេ។ ផ្ទុយទៅវិញ ប្រសិនបើ​ប្រទេស​វៀតណាម ចង់​បាន​ឯកសារ​សិក្សា​ពី​ព្រែកជីក​នេះ ពួកគេ​អាច​ទៅ​យក​ពី​គណៈកម្មាធិការ​ទន្លេមេគង្គ ខណៈ​កម្ពុជា​នឹង​សន្យា​ផ្តល់​ឱ្យ​រាល់​ឯកសារ​ស្ដីពី​ព្រែកជីក​នេះ​គ្រប់​ពេលវេលា។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា សេចក្ដី​ថ្លែង​ខ្លាំងៗ​របស់​លោក ហ៊ុន សែន ប្រតិកម្ម​នឹង​វៀតណាម អាច​ចាត់ទុក​ថា​ជា​ការ​បង្ហាញ​សញ្ញា​មួយ​ក្នុង​ការ​ព្យាយាម​រើ​ខ្លួន​ចេញពី​ការ​ត្រួតត្រា​របស់​វៀតណាម ហើយ​ការ​ដែល​លោក ហ៊ុន សែន ចាប់ផ្ដើម​មាន​ទំនុកចិត្ត​ហ៊ាន​ឆ្លើយតប​នឹង​វៀតណាម បែប​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ដែរ​ថា គាត់​ក៏​ទទួល​បាន​ការ​ជ្រោមជ្រែង​កាន់តែ​គួរ​ឲ្យ​ជឿជាក់​ពី​ភាគី​ចិន នៅ​ពេល​នេះ​ដែរ។

លោក គឹម សុខ លើកឡើង​ថា លោក​លើក​ទឹកចិត្ត​ឲ្យ​លោក ហ៊ុន សែន ប្រឹងប្រែង​ជម្នះ​រើ​ខ្លួន​ពី​វៀតណាម ហើយ​ការ​ព្យាយាម​របស់​លោក ហ៊ុន សែន អាច​ធ្វើ​ទៅ​រួច ប្រសិនបើ​គាត់​ខិតខំ​ផ្សះផ្សា​បង្រួបបង្រួម​នយោបាយ​ផ្ទៃក្នុង​ជាតិ​ខ្មែរ ព្រោះ​ថា​ការ​តទល់​នឹង​មហិច្ឆតា​មិន​ល្អ​របស់​វៀតណាម គឺជា​រឿង​ធំ​ណាស់ ដូច្នេះ​ទាល់តែ​មាន​ការ​គាំទ្រ​ជា​លក្ខណៈ​ជាតិ​ទាំងមូល ទើប​មាន​សេចក្ដី​សង្ឃឹម​ខ្ពស់​ដល់​ការ​សម្រេច​គោលដៅ​ជាតិ​ពិតប្រាកដ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ពេលនេះ​គឺជា​ដំណាក់កាល​ដ៏​អំណោយ​ផល​បំផុត​សម្រាប់​លោក ហ៊ុន សែន ដែល​ត្រូវ​ធ្វើ​រឿង​ពីរ ដើម្បី​បុព្វហេតុ​ជាតិ​ខ្មែរ គឺ​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ខ្មែរ និង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ឲ្យ​បាន ហើយ​ទន្ទឹម​គ្នា​នេះ គាត់​ក៏​ត្រូវ​ប្រើ​មធ្យោបាយ​ដោះ​ខ្លួន​ចេញពី​វៀតណាម ដែរ ស្រប​ពេល​ដែល​ភាគី​ចិន បាន​ចេញ​មុខ​ការពារ​គាត់​ពេញ​ទំហឹង​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស